23/06/2025 - 20:52

លោក​យ័ញ​ភុក ​នាយក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង៖

បន្ត​ឧបត្ថម្ភ​ដល់​ការ​បង្រៀន​អក្សរ​ខ្មែរ​នា​ឱកាស​វិស្សម​កាល ​ឆ្នាំ​២០២៥ 

លោក​យ័ញ​ភុក ​ប្រធាន​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង។​ រូប៖​ បុគ្គល​ផ្ដល់​ជូន

នា​ឱកាស​វិស្សម​កាល ​ភាគ​ច្រើន​វត្ត​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ តែង​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។​ រដូវ​វិស្សម​កាល​ឆ្នាំ​២០២៥​ តាម​ការ​ពិគ្រោះ​យោ​បល់​ជា​មួយ​នឹង​អ្នក​យក​ព័ត៌​មាន​ កាសែត​កឹង​ធើ​ភា​សា​ខ្មែរ​អំពី​ខ្លឹម​សារ​នេះ​ លោក​យ័ញ​ភុក ​នាយក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖

- ការ​បង្រៀន​អក្សរ​ខ្មែរ​នាំ​មក​អត្ថ​ប្រយោជន៍​ ច្រើន​ជូន​សហ​គមន៍ ​ជួយ​សិស្សានុ​សិស្ស​ថែ​រក្សា ​និង​ពង្រីក​លក្ខណៈ​ល្អ​ប្រ​សើរ​នៃ​វប្ប​ធម៌​ប្រ​ពៃ​ណី ​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ប្អូនៗ​អភិ​វឌ្ឍ​គ្រប់ ​ផ្នែក។​ ការ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ខេត្ត​ ត្រូវ​បាន​រៀប​ចំ​ដោយ​រូប​ភាព​ជា​ច្រើន​ រួម​មាន​ថ្នាក់​រៀន​ ក្នុង​ឱកាស​វិស្សម​កាល​និង​ថ្នាក់​រៀន​នៅ​តាម​សា​លា​សកល​។ ​ចំពោះ​ការ​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ ឱកាស​វិស្សម​កាល ​សិស្ស​បាន​មក​ចុះ​ឈ្មោះ ​ ចូល​រៀន​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឃើញ​ច្បាស់​បំ​ផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ​ចំ​នួន​បន្ទប់​រៀន​និង​ចំ​នួន​សិស្ស​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។​ គិត​ត្រឹម​ ៤ ​ឆ្នាំ ​(ឆ្នាំ ​២០១៨;​ ២០១៩;​ ២០២៣ ​និង ​២០២៤) ​ខេត្ត​បាន​រៀប​ចំ​បើក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ជូន​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ៥៣១ ​បន្ទប់ ​មាន​សិស្ស​ជិត​ ១២.០០០​ អង្គ​និង​រូប។ ​ដើម្បី​កម្ម​វិធី​បង្រៀន​បាន​ឯក​ភាព​ ខេត្ត​បាន​ជំនួយ​សៀវ​ភៅ​ពុម្ព​ភា​សា​ខ្មែរ​ជាង​ ៥.០០០​ ក្បាល។​ តែង​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ បំ​ពាក់​បំ​ប៉ន​បំ​ណិន​ វិធី​សាស្រ្ត​បង្រៀន​ភាសា​ខ្មែរ​ ជូន​គ្រូ​បង្រៀន​ជា​ប្រ​ចាំ។​ តួ​យ៉ាង​ដូច​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ បាន​សហ​ការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ភាសា​បរ​ទេស - ​ព័ត៌​មាន​វិទ្យា ​Victory ​សាកល​វិទ្យា​ល័យ​ត្រា​វិញ ​បើក​វគ្គ​បំ​ពាក់​បំ​ប៉ន​ភា​សា​ខ្មែរ​ចំ​នួន ​៥ ​វគ្គ​ជូន​សិក្ខា​កាម​ជាង​ ២០០​ រូប​ជា​មុខ​សញ្ញា ​៣ ​និង​មុខ​សញ្ញា ​៤;​ ហ្វឹក​ហាត់ ​សៀវ​ភៅ​សិក្សា​គោល ​ជូន​ព្រះ​សង្ឃ​ គ្រូ​បង្រៀន ​ជិត​ ២០០ ​អង្គ​និង​រូប​លើ​ភូមិ​សាស្រ្ត​ខេត្ត …​។


ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្សម​កាល ​ឆ្នាំ ​២០២៥ ​នៅ​វត្ត​មន្ទា​មុនី​តាមុំ ​
ស្រុក​ហ្គក្វាវ​ ខេត្ត​គៀង​យ៉ាង។​ រូប៖​ សហ​ការី

*ក្រៅ​ពីជំ​នួយ​ខាង​វិជ្ជា​ជីវៈ​គរុ​កោសល្យ ​តើ​ភូមិ​ភាគ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រូ​បង្រៀន​ដែរ​ឬ​ទេ​ជម្រាប​ប្រសាសន៍​លោក ?​

- ដើម្បី​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​ និង​អាចារ្យ​ បង្រៀន​ ក៏​ដូច​ជា​បង្ក​លក្ខណៈ​ល្អប្រ​សើរ​សម្រាប់​ ការ​បង្រៀន​និង​រៀន​ មន្ទីរ​ជន​ជាតិ​និង​សាសនា ​បាន​ធ្វើ​សេនាធិ​ការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ អនុ​វត្ត​យន្តការ​ពិសេស​ដោយ​ឡែក​ ឧបត្ថម្ភ ​ថវិកា​ជាង​ ២ ​ពាន់​លាន​ដុង ​ដើម្បី​ទិញ​សៀវ​ភៅ ​សិក្សា​គោល​ ឧបត្ថម្ភ​ថវិកា​ដល់​គ្រូ​បង្រៀន​ ព្រះ​សង្ឃ​ដែល​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​នា​ឱកាស​វិស្សម​កាល។ ​ពិសេស​ឆ្នាំ ​២០២៤​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​ចេញ​សេចក្ដី​សម្រេច​ចិត្ត​លេខ ​១៣/​២០២៤/​NQ-HĐND ​ចុះ​ថ្ងៃ ​២២/៧/​២០២៤ ​ស្ដីពី​ការ​ឧបត្ថម្ភ​អ្នក​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​ មូលដ្ឋាន​សាសនា ​និង​អ្នក​បង្រៀន​អក្សរ​ចិន​នៅ​តាម​កន្លែង​បង្រៀន​អក្សរ​ចិន​ អាស្រ័យ​សមា​គម ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ជន​ជាតិ​ចិន​រៀប​ចំ​ឡើង​ក្នុង​ខេត្ត។​ កម្រិត​ឧបត្ថម្ភ​ ៣០.០០០​ដុង/​ម៉ោង;​ ក្នុង​នោះ ​ចំពោះ​ការ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​មួយ​សប្ដាហ៍​មិន​លើស​ពី ​២៤ ​ម៉ោង/​ថ្នាក់ ​ចំពោះ​ការ​បង្រៀន​អក្សរ​ចិន​ក្នុង​មួយ​សប្ដាហ៍​មិន​លើស​ពី​ ១២ ​ម៉ោង/​ថ្នាក់។ ​តាម​ការ​គ្រោង​ទុក​ក្នុង​ឆ្នាំ ​២០២៥​ នឹង​រៀប​ចំ​បើក​បង្រៀន​ជិត​ ២៤០ ​បន្ទប់ ​ដោយ​មាន​សិស្ស​ចូល​រៀន​ជិត​ ៥.០០០ ​រូប​ សរុប​ថវិកា​ឧបត្ថម្ភ​ជិត ​១,៦ ​ពាន់​លាន​ដុង​៕

*សូម​អរ​គុណ​លោក!

                ហាថាញ ​- ប្រែ​សម្រួល៖​ ថាច់ធី

ចែករំលែកអត្ថបទ