នៅទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញពីមជ្ឈមណ្ឌលស្ថានីយរថភ្លើង T៣ ព្រលានយន្តហោះអន្តរជាតិតឹងសើុងញ៉ឹក (ក្រុងហូជីមិញ) នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសម្ពោធសំណង់ គម្រោងសំខាន់ៗរបស់ប្រទេសជាតិ និងសំណង់ធំៗក្នុងឱកាសអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥)។ ពិធីបើកការដ្ឋានសាងសង់និងសម្ពោធ ត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយផ្សាយផ្ទាល់ គួបផ្សំនឹងអនឡាញទាំង៣តំបន់ គឺភាគខាងជើង - កណ្តាល - ខាងត្បូង តភ្ជាប់ប្រព័ន្ធអនឡាញពីទីតាំងតភ្ជាប់ក្រុងហូជីមិញ ដល់គ្រប់សំណង់ គម្រោងទាំងអស់។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងអ្នកតំណាងធ្វើពិធីកាត់ខ្សែបូ បើកការដ្ឋាននិងសម្ពោធសំណង់ គម្រោងនានា អំណរខួបអនុស្សាវរីយ៍៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី។ រូប៖ VGP/ញ៉ឹកបាក់
តាមរបាយការណ៍បូកសរុបរបស់ក្រសួង ផ្នែកនិងភូមិភាគ មានចំនួន ៨០ គម្រោងត្រូវបានរៀបចំបើកការដ្ឋានសាងសង់ និងសម្ពោធក្នុងឱកាសនេះ ដោយមានដើមទុនវិនិយោគសរុបប្រមាណ ៤៤៥.០០០ ពាន់លានដុង ក្នុងនោះ ដើមទុនបើកការដ្ឋានសាងសង់ ៣០៥.០០០ ពាន់លានដុង ដើមទុនវិនិយោគលើគម្រោងសម្ពោធ សរុប១៤០.០០០ ពាន់លានដុង។ ដើមទុនពីថវិការដ្ឋ ១៨៥.០០០ ពាន់លានដុង និងដើមទុនក្រៅពីថវិការដ្ឋ ២៦០.០០០ ពាន់លានដុង។ ក្នុងនោះ មានគម្រោងចំនួន ៤០ ចំណុះវិស័យគមនាគមន៍; គម្រោងសំណង់ឧស្សាហកម្មនិងសំណង់ស៊ីវិលចំនួន១២ គម្រោងអប់រំចំនួន១២ គម្រោងវប្បធម៌សង្គមចំនួន៩ គម្រោងសុខាភិបាលសហគមន៍ចំនួន៥ និងគម្រោងសំណង់ធារាសាស្ត្រចំនួន២។
ថ្លែងក្នុងពិធីនេះ ដោយស្មារតី “ល្បឿនផ្លេកបន្ទោរមោះមុត” ក្នុងអំឡុងពេលនៃខែមេសាជាប្រវត្តិសាស្ត្រ ឆ្នាំ១៩៧៥ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានលើកឡើងយ៉ាងច្បាស់សេចក្តីប្រាថ្នាចង់បានឯករាជ្យ សេរីភាព សន្តិភាពនៃទូទាំងប្រជាជាតិយើងបានក្លាយជាការពិត ជាមួយនឹងចំណុចកំពូលគឺយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រ និងមហាជ័យជម្នះនិទាឃរដូវ ឆ្នាំ១៩៧៥ កន្លងមុននេះ ៥០ ឆ្នាំ រំដោះភាគខាងត្បូង ឯកភាពទឹកដី។ ក្នុងអំឡុងពេល ៥០ ឆ្នាំឯកភាពទឹកដី មិនត្រឹមតែជាដំណើរដើម្បីយើងចងចាំនូវទំព័រប្រវត្តិសាស្រ្តដ៏អង់អាចរបស់ប្រជាជាតិ សញ្ជឹងគិតនូវមេរៀនបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងកត់ត្រាឡើងវិញនូវដំណើរនៃការខិតខំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ មើលឡើងវិញដើម្បីឆ្ពោះទៅឆ្ងាយជាងទៀត មើលឡើងវិញដើម្បីឱ្យកាន់តែរឹងមាំ និងមោទនភាពជាងទៀត...។
នាយករដ្ឋមន្ត្រី រំពឹងថា ទាំងនេះនឹងជាសំណង់សំខាន់ៗ ជាសំណង់ប្រកបដោយ “និមិត្តរូប” រួមចំណែកកំណត់ទីតាំងរូបភាពវៀតណាម “ឯករាជ្យ - សន្តិភាព - ឯកភាព - ម្ចាស់ការខ្លួនឯង - សុភមង្គល - សម្បូរសប្បាយ - អរិយធម៌ - វិបុលភាព” នៅលើផែនទីពិភពលោក ហើយទីបំផុតគឺនាំមកនូវផលប្រយោជន៍ដល់ប្រជាជន ប្រជាជនបានទទួលផលពីសំណង់គម្រោងទាំងនេះ៕
យោង៖ baochinhphu.vn-ប្រែសម្រួល៖ វិមាន