រយៈពេលកន្លង ខេត្តវិញឡុង បានយកចិត្តទុកដាក់យ៉ាងពិសេសដល់ការថែរក្សាតម្លៃវប្បធម៌ សិល្បៈប្រពៃណី; រួមចំណែកកសាងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរនិយាយដោយឡែក និងបណ្ដាជនជាតិជាបងប្អូនលើភូមិសាស្រ្តខេត្តនិយាយរួម។
ឈុតសម្ដែងសិល្បៈប្រពៃណីរបស់សិស្សានុសិស្សខ្មែរនៅខេត្តវិញឡុង។
រយៈពេល ៣ ឆ្នាំកន្លង សាលាទេពកោសល្យសិល្បៈនិងកីឡាអប់រំកាយខេត្តវិញឡុង បានសហការជាមួយអង្គភាពជាប់ពាក់ព័ន្ធ និងវត្តខ្មែរលើភូមិសាស្រ្តខេត្ត បើកថ្នាក់បង្រៀនរបាំនិងតន្រ្តីរបស់ជនរួមជាតិខ្មែរបានចំនួន ១៤ ថ្នាក់ ទាក់ទាញសិស្សរាប់រយនាក់ចូលរៀន។ ឆ្លងតាមរយៈនោះ មានអ្នកជាច្រើនបានចេះស្ទាត់ជំនាញទម្រង់សិល្បៈរបស់ជនជាតិ។
ដើម្បីថ្នាក់រៀនប្រព្រឹត្តទៅដោយរលូន សាលាទេពកោសល្យសិល្បៈនិងកីឡាអប់រំកាយខេត្តវិញឡុង បានសហការជាមួយនឹងគណៈកម្មការវត្តសង់ច្រវាចាស់ ភូមិត្រាសើុង ឃុំហ៊ឺវថាញ់ បើកថ្នាក់បង្រៀន។ អាស្រ័យហេតុនោះ ថ្នាក់រៀនត្រូវបានវត្តឧបត្ថម្ភគ្រប់សព្វអំពីមូលដ្ឋានសម្ភារៈ។ “វត្តតែងបង្កលក្ខណៈងាយស្រួលដើម្បីប្អូនៗ សប្បាយរីករាយក្នុងការរៀនសូត្រ។ ព្រះសង្ឃ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរមានក្ដីសោមនស្សរីករាយពេលបានរដ្ឋរៀបចំបើកថ្នាក់រៀននេះឡើង សំដៅថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ព្រះសង្ឃក្នុងវត្តតែងដាស់តឿនក្រើនរំលឹកដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីអភិរក្សវប្បធម៌ជនជាតិ” ព្រះតេជព្រះគុណ ថាច់តម្រា ព្រះចៅអធិការវត្តសង់ច្រវាចាស់ មានថេរដីកា ដូច្នោះ។
ដើម្បីធានាគុណភាពនៃការបង្រៀននិងរៀន សាលាទេពកោសល្យសិល្បៈនិងកីឡាអប់រំកាយ ខេត្តវិញឡុង បានអញ្ជើញគ្រូនៅមហាវិទ្យាល័យ គរុកោសល្យខេត្តត្រាវិញ មកបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។ លោកគ្រូ ថាច់ហ្វាយថាញ គ្រូដែលបានអញ្ជើញមកបង្ហាត់ ឱ្យដឹង៖ “ទោះបីមមាញឹកនឹងការងារនៅអង្គភាពក៏ដោយ តែខ្ញុំតែងឆ្លៀតពេលទៅខេត្តវិញឡុងបង្រៀន ដោយមានបំណងផ្ដល់ចំណេះដឹងខាងវប្បធម៌ជូនជនរួមជាតិខ្មែរនៅទីនោះ។ ខ្ញុំរីករាយណាស់ពេលបានចូលរួមបង្ហាត់ភ្លេងជូនប្អូនៗជនរួមជាតិខ្មែរ។ សិស្សានុសិស្សមានភាពសកម្មខ្លាំងណាស់ បានធ្វើឱ្យខ្ញុំរឹតតែមានកម្លាំងចិត្តដើម្បីផ្ទេរចំណេះដឹង”។
ផ្នែកខាងសាលារៀន នាយករងនៃសាលាទេពកោសល្យសិល្បៈនិងកីឡាអប់រំកាយខេត្តវិញឡុង លោកង្វៀងង៉ុកថាញ ឱ្យដឹង៖ “សកម្មភាពសហគមន៍ ក៏ដូចជាទម្រង់វប្បធម៌ សិល្បៈនិងឧបករណ៍ភ្លេងរបស់ជនជាតិភាគតិច សុទ្ធសឹងត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សា ហើយត្រូវបានបែងចែកបង្រៀននៅឆ្នាំនីមួយៗ ដើម្បីធ្វើឱ្យសម្បូរបែបកម្មវិធីសិក្សា។ ឆ្នាំនេះបង្ហាត់ចម្រៀងចាប៉ីដងវែង ឆ្នាំក្រោយគឺបង្ហាត់ភ្លេងពិណពាទ្យ។ ទូទាំងខេត្តមានវត្តខ្មែរចំនួន ១៣ ហើយត្រូវបានបង្ហាត់បង្រៀនជាលំដាប់លំដោយក្នុងប៉ុន្មានឆ្នាំខាងមុខ”។
តាមថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តវិញឡុង បានឱ្យដឹង ដោយសារអនុវត្តល្អនូវការងារអភិរក្សនិងពង្រីកទម្រង់វប្បធម៌ សិល្បៈ មកទល់បច្ចុប្បន្នលើភូមិសាស្រ្តខេត្ត មានសិប្បករឆ្នើម៤៣នាក់ត្រូវបានទទួលស្គាល់ ក្នុងនោះ មានសិប្បករជាច្រើនមានការផ្សារភ្ជាប់ នឹងទម្រង់សិល្បៈដ៏ពិសេសរបស់ជនជាតិខ្មែរ ដែលប្រឈមនឹងការបាត់បង់៕
យោងតាមកាសែតប្រជាជន - ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។