20/01/2025 - 15:28

ក្រ​សួង​សុខា​ភិបាល​ផ្ដល់​អនុ​សាសន៍​អំ​ពី​វិធាន​ការ​បង្ការ ទប់​ស្កាត់​វី​រុស​បង្ក​រលាក​សួត​នៅ​ចិន 

ចំ​ពោះ​ព័ត៌​មាន​អំ​ពី​ករណី​ឆ្លង​ជំងឺ ដែល​បណ្ដាល​មក​ពី​វី​រុស​បង្ក​រលាក​សួត​លើ​មនុស្ស (HMPV) នៅ​ប្រ​ទេស​ចិន ក្រ​សួង​សុខា​ភិបាល​បាន​ចេញ​សេចក្ដី​ប្រ​កាស​ព័ត៌​មាន និង​ផ្ដល់​អនុ​សាសន៍​លម្អិត សំ​ដៅ​ជួយ​ដល់​ប្រ​ជា​ជន​ម្ចាស់​ការ​ការ​ពារ​សុខ​ភាព បំ​ផុត​គឺ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ជិត​ឈាន​ចូល​មក​ដល់។

រូប​ភាព​ជា​និមិត្ត​រូប​នៃ​តំ​ណក់​ទឹក​របស់ Metapneumovirus - HMPV ។

ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ពី​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំ​ងឺ​របស់​ប្រ​ទេស​ចិន ភ្នាក់​ងារ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ទូទៅ​នា​បច្ចុប្បន្ន រួម​មាន៖ វីរុស​គ្រុន​ផ្ដា​សាយ human​metap​neumo​virus (HMPV), RSV និង rhiovirus ។ ទោះ​បី​ចំ​នួន​ករណី​ឆ្លង​ជំងឺ​តាម​ផ្លូវ​ដង្ហើម​កើន​ឡើង ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​នៃ​ការ​ព្យា​ករណ៍​តាម​រដូវ​រងា ហើយ​មិន​បាន​កត់​សម្គាល់​នូវ​កត្តា​អ្វី​ខុស​ប្រ​ក្រតី​នោះ​ឡើយ។

អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​វាយ​តម្លៃ​ចំ​នួន​ករណី​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ នៅ​បណ្តា​ប្រ​ទេស​ស្ថិត​នៅ​ប៉ូល​ខាង​ជើង​បាន​កើន​ឡើង​ស្រប​ក្នុង​ពេល​នេះ​ក្នុង​ឆ្នាំ។ WHO បញ្ជាក់​ថា នេះ​ជា​ស្ថាន​ភាព​ប្រែ​ប្រួល​នៃ​ជំងឺ​រាល​ដាល​តាម​រដូវ​កាល មិន​ចាំ​បាច់​រឹត​បន្ដឹង​ដំ​ណើរ​ការ​អា​ជីវ​កម្ម ឬ​ការ​ធ្វើ​ដំ​ណើរ​នោះ​ទេ។

វីរុស HMPV លើ​មនុស្ស គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​រយៈ​តំ​ណក់​ទឹក​ពី​ការ​ក្អក កណ្ដាស់ ហៀរ​សំ​បោរ​ក្នុង​ពេល​ដែល​យើង​មាន​ការ​ប៉ះ​ពាល់ និយាយ​គ្នា​ផ្ទាល់។ វីរុស​នេះ មាន​វត្ត​មាន​នៅ​ក្នុង​បរិ​យា​កាស​ជាប់​លើ​វត្ថុ​ផ្សេងៗ ហើយ​នឹង​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់។ រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជំងឺ​ផ្ដា​សាយ​ធម្ម​តា ដូច​ជា គ្រុន ក្ដៅ ក្អក តឹង​ច្រ​មុះ ឬ​ក៏​បណ្ដាល​ឱ្យ​មាន​អា​ការៈ​រលាក​សួត រលាក​ទង​សួត​ជា​ដើម។

ជំងឺ​ដែល​បណ្ដាល​មក​ពី​វី​រុស HMPV ជា​ធម្ម​តា​កើន​ឡើង​ខ្លាំង​ក្នុង​ដំ​ណាក់​កាល​នៃ​រដូវ​រងា ដោយ​សារ​លក្ខណៈ​នៃ​អា​កាស​ធាតុ​ត្រ​ជាក់​ស្ងួត ខ្យល់​អា​កាស​ត្រ​ជាក់​និង​ករណី​ដែល​ងាយ​នឹង​ឆ្លង​ជំ​ងឺ ភាគ​ច្រើន​គឺ​កុមារ​អា​យុ​ក្រោម​៥​ឆ្នាំ មនុស្ស​ចាស់ អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ​ដែល​មាន​ប្រ​ព័ន្ធ​ភាព​សុាំ​ខ្សោយ។

ដើម្បី​បង្ការ ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ ក្រ​សួង​សុខា​ភិបាល​បាន​ផ្ដល់​អនុ​សាសន៍ ប្រ​ជា​ជន​គប្បី​លាង​ដៃ​ដោយ​សា​ប៊ូ​ជា​ប្រ​ចាំ; ពាក់​ម៉ាស់​នៅ​ពេល​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន; បិទ​មាត់ ច្រ​មុះ ពេល​ក្អក ឬ​កណ្ដាស់។ ប្រ​ជា​ជន​គប្បី​បង្កើន​ការ​ការ​ពារ​សុខ​ភាព ដោយ​ការ​រក្សា​កម្ដៅ​រាង​កាយ ពិ​សេស​ក្នុង​ស្ថាន​ភាព​នៃ​អា​កាស​ធាតុ​ត្រ​ជាក់។ ព្រម​ជា​មួយ​នោះ គប្បី​អនុវត្ត​ការ​ហូប​ឆ្អិន ផឹក​ឆ្អិន បង្កើន​អា​ហា​រូបត្ថម្ភ​ដើម្បី​បង្កើន​ភាព​សុាំ​និង​នាំ​កុមារ​ទៅ​ចាក់​វ៉ាក់​សាំង​ឱ្យ​បាន​គ្រប់​ចំ​នួន និង​ត្រូវ​តាម​កាល​កំ​ណត់។ ករណី​ដែល​មាន​រោគ​សញ្ញា​ស្រាល ប្រ​ជា​ជន​អាច​នៅ​ផ្ទះ​ឈប់​សម្រាក ដើម្បី​កុំ​ឱ្យ​ឆ្លង​រាល​ដាល។ ចំ​ពោះ​ករណី​ធ្ងន់ ឬ​ស្ថិត​ក្នុង​ក្រុម​ហា​និភ័យ​ខ្ពស់ គប្បី​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល។

ក្រ​សួង​សុខា​ភិបាល ក៏​បាន​អំ​ពាវ​នាវ​ប្រ​ជា​ជន​គប្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ជា​ផ្លូវ​ការ​ពី​ក្រ​សួង​សុខា​ភិបាល ដើម្បី​កុំ​ឱ្យ​មាន​ការ​ស្លន់​ស្លោ ឬ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន និង​ម្ចាស់​ការ​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​រដូវ​រងា បំ​ផុត​គឺ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ពិ​ធី​បុណ្យ​នានា ដើម្បី​សហ​គមន៍​ទាំង​មូល​មាន​សុខ​ភាព​ល្អ​និង​សុ​វត្ថិ​ភាព។ ទន្ទឹម​នឹង​នោះ ក្រ​សួង​សុខា​ភិបាល​ក៏​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព ភូមិ​ភាគ​នា​នា ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​ងារ បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​រដូវ​រងា និង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ព្រម​ទាំង​រដូវ​បុណ្យ​ទាន​នា​ពេល​ខាង​មុខ៕

                          ប្រ​ភពៈ hanoimoi.vn -ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ