ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2024 - 09:14

បើកការដ្ឋាន​សាង​សង់​ស្ពាន​ដាយ​ង៉ាយ ១ ឆ្លង​ទន្លេ​ហូវ 

ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ទើប​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ រៀប​ចំ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ដាយ​ង៉ាយ​១ និង​ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន​ទាំង​សង​ខាង ចំ​ណុះ​គម្រោង​វិនិ​យោគ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ​ឆ្លង​ទន្លេ​ហូវ តភ្ជាប់​ខេត្ត​ទាំង​ពីរ​ត្រា​វិញ​និង​សុក​ត្រាំង។

 ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ដាយ​ង៉ាយ១ ឆ្លង​ទន្លេ​ហូវ។

គម្រោង​វិនិ​យោគ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ អា​ស្រ័យ​ដោយ​គណៈ​កម្ម​ការ​គ្រប់​គ្រង​គម្រោង​៨៥- ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ជា​ម្ចាស់​វិនិ​យោគ មាន​ប្រ​វែង​សរុប​ជាង ១៥,១៤ គ.ម ចំ​ណុច​ខាង​ដើម​ប្រ​សព្វ​ជា​មួយ​នឹង​ផ្លូវ​ជាតិ ៥៤ ស្ថិត​នៅ​ឃុំ​ហ៊ុង​ហ្វា ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ; ចំ​ណុច​ខាង​ចុង​ប្រ​សព្វ​ជា​មួយ​នឹង​ផ្លូវ​ជាតិ​ណាម​សុង​ហូវ ស្ថិត​នៅ​ឃុំ​ឡុង​ឌឹក ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង។

គម្រោង​រួម​មាន៖ សំ​ណង់​ធំៗ​ចំ​នួន ២ គឺ​ស្ពាន​ដាយ​ង៉ាយ​១ និង​ដាយ​ង៉ាយ​២ ត្រូវ​បាន​វិនិ​យោគ​សាង​សង់​ជា ៤ គន្លង​ផ្លូវ។ នេះ​ជា​គម្រោង​ក្រុម A សំ​ណង់​គមនា​គមន៍​ផ្លូវ​គោក​កម្រិត​ពិសេស មាន​ដើម​ទុន​វិនិ​យោគ ៧.៩៦២ ពាន់​លាន​ដុង​ពីថ​វិការដ្ឋ។ ទូ​ទាំង​គម្រោង​មាន​ផ្លូវ​ប្រ​សព្វ​មុខ​ចំ​នួន៥ ស្ពាន ៧​ខ្សែ ចែក​ជា ៤ កញ្ចប់​វិនិ​យោគ។ ក្នុង​នោះ កញ្ចប់​វិនិ​យោគ ១៥-XL ដំ​ណើរ​ការ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ​១ ផ្លូវតភ្ជាប់​ក្បាល​ស្ពាន​ទាំង​សង​ខាង​សរុប​ថវិកា​សាង​សង់ គឺ ៣.៩០៧ ពាន់​លាន​ដុង។ ស្ពាន​ដាយ​ង៉ាយ​១ មាន​ប្រ​វែង​ជាង​៣គ.ម ផ្នែក​ស្ពាន​សំ​ខាន់​ប្រ​វែង​២,៥៩ គ.ម ទទឹង​២១,៥​ម៉ែត្រ ឆ្លង​កាត់​ខ្សែ​ទឹក​ឌិញ​អាង​នៃ​ទន្លេ​ហូវ។ ជា​ប្រ​ភេទ​ស្ពាន​ខ្សែ​កាប​មាន​បង្គោល​២ ជា​លក្ខណៈ​អក្សរ A កម្ពស់​១១០ម៉ែត្រ គិត​ចាប់​ពី​មុខ​ស្ពាន។ ផ្លូវ​ទាំង​សង​ខាង​នៃ​ស្ពាន​ដាយ​ង៉ាយ ត្រូវ​បាន​វិនិ​យោគ​ដំ​ណាក់​កាល​ទី​១ ទទឹង​១២​ម៉ែត្រ មាន ២​គន្លង​ផ្លូវ​ល្បឿន​៨០​គ.ម/​ម៉ោង ដំ​ណាក់​កាល​ទី ២ នឹង​សម្រេច​ជា​ស្ថា​ពរ​មាន​ដល់​ទៅ ៤ គន្លង​ផ្លូវ។

កញ្ចប់​វិនិ​យោគ ១៥-XL ត្រូវ​បាន​អនុវត្ត​ដោយ​សម្ព័ន្ធ​អា​ជីវ​កម្ម អ្នក​ម៉ៅ​ការ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ឌាវ​កា; ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សាង​សង់​និង​គ្រឿង​ចក្រ​ទ្រុង​ណាម; ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិ​យោគ​និង​សាង​សង់​ថាយ​អៀង៘ រយៈ​ពេល​សាង​សង់ ១.២៥០​ថ្ងៃ តាម​ការ​គ្រោង​ទុក​នឹង​សាង​សង់​សម្រេច​ជា​ស្ថា​ពរ​នៅ​ខែ​មិថុ​នា ឆ្នាំ​២០២៨។

នៅ​ពេល​សំ​ណង់​គម្រោង​វិនិ​យោគ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ​បាន​សម្រេច​ជា​ស្ថា​ពរ ដង​ផ្លូវ​ជាតិ ៦០ នឹង​ត្រូវ​បាន​តភ្ជាប់​កាត់​បន្ថយ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំ​ណើរ​ប្រ​មាណ ៨០ គ.ម បើ​ប្រៀប​ធៀប​នឹង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ ១ A នៅ​ពេល​ចេញ​ដំ​ណើរ​ពី​ខេត្ត​កា​ម៉ាវ សុក​ត្រាំង បាក​លីវ ឆ្ពោះ​ទៅ​ក្រុង​ហូ​ជី​មិញ៕

 យោង៖ កា​សែត​ប្រ​ជា​ជន- លី​សៀ

ចែករំលែកអត្ថបទ