25/11/2024 - 15:20

ចូរ​ប្រ​យ័ត្ន​ជា​មួយ​នឹង​ជំងឺ​សើ​ស្បែក​លើ​កុមារ 

ថ្មី​ៗ​នេះ មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​-កុមារ សុក​ត្រាំង បាន​ទទួល​កុមារ​ជា​ច្រើន​នាក់​ដែល​កើត​ជំងឺ​សើ​ស្បែក។ ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់​តេរី​នៅ​លើ​ស្បែក ហើយ​ងាយ​នឹង​ឆ្លង​រាល​ដាល​លើ​ស្បែក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

ជំងឺ​សើ​ស្បែក Impetigo ចំ​ពោះ​កុមារ។

យោង​តាម​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែកសម្ភព​-កុមារ​សុក​ត្រាំង កុមារ​ភាគ​ច្រើន​ដែល​មក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ភាគ​ច្រើន​គឺ​មាន​អា​ការៈ​រមាស់​រាល​ដាល​ពាស់​ពេញ​ប្រាណ លើស​ពី​នោះ​គឺ​រង​ការ​ឆ្លង​រោគ​បន្ថែម ដោយ​សារ​ឪពុក​ម្ដាយ​របស់​កុមារ​មើល​ស្រាលឬ​ធ្វើ​ការ​ព្យា​បាល​ផ្ទាល់​ដោយ​ថ្នាំ​បុរាណ។ តួ​យ៉ាង ដូច​កុ​មារ H. N. G ( អា​យុ​១០​ឆ្នាំ នៅ​ភូមិ​ហ្វា​មី ទី​ប្រ​ជុំ​ជន​មី​ស្វៀង) នាំ​ចូល​ពេទ្យ​ក្នុង​ស្ថាន​ភាព​មាន​ដំ​បៅ​រមាស់​មួយ​ដុំ​ធំ​នៅ​លើ​ដៃ​ដែល​ឆ្លង​រោគ​បន្ថែម។ តាម​គ្រួ​សារ​អ្នក​ជំងឺ​ឱ្យ​ដឹង​ថា មុន​នោះ កុមារ​កើត​ពង​ទឹក​ក្រ​ហម​លើ​ដៃ ស្មាន​ថា​កើត​រើម ទើប​រក​ថ្នាំ​បុរាណ​មក​លាប។ល។ ដំ​បៅ​រមាស់​កាន់​តែ​រីក​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ទឹក​រងៃ​ហូរ​ចេញ​និង​ក្រម​រកាន់​តែ​ក្រាស់។ ពេល​ជំ​ងឺ​កាន់​តែ​ធ្ងន់​ធ្ងរ ទើប​នាំ​កុមារ​មក​មន្ទីរ​ពេទ្យ​ដើម្បី​ព្យា​បាល។ ចំ​ណែក​កុ​មារ N. M. T (អា​យុ​១១​ឆ្នាំ នៅ​សង្កាត់​៤ ក្រុង​សុក​ត្រាំង) ចូល​មន្ទីរ​ពេទ្យ​ដោយ​ដៃ​និង​ជើង​ទាំង​ពីរ​ឡើង​ពង​ខ្ទុះ មាន​ទឹក​រងៃ​ចេញ​លើ​ដំ​បៅ​ស្បែក។ តាម​សម្ដី​ម្ដាយ​របស់​កុមារ ឱ្យ​ដឹង​ថា ប្រ​ហែល​មួយ​សប្ដាហ៍​មុន​ដៃ​របស់​កុមារ​កើត​រមាស់​និង​ឡើង​ពង​ទឹក​ក្រ​ហម ទើប​ដណ្ដាំ​ទឹក​ស្លឹក​អំ​ពិល ស្លឹក​ស្ពឺ ឱ្យ​កុមារ​ងូត ប៉ុន្តែ ជំងឺ​នៅ​តែ​ឥត​ធូរ​ស្រាល។ ចាប់​តាំង​ពី​នោះ ពង​ទឹក​ក្រ​ហម​ជា​ច្រើន​បាន​បែក​រោគ​ក៏​រាល​ដាល​ដៃ​និង​ជើង​បន្ថែម ទើប​ទៅ​រក​ទិញ​ថ្នាំ​មក​ផឹក​និង​លាប ប៉ុន្តែ​ជំងឺ​នៅ​តែ​ឥត​ធូរ​ស្រាល​សោះ ហើយ​បែរ​ជា​ធ្ងន់​ធ្ងរ​ឡើង ទើប​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យា​បាល។

កុមារ H. N. G ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​កំ​ភួន​ដៃ​រង​ការ​ឆ្លង​រោគ​បន្ថែម។

តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​១ ង្វៀង​ធី​អៀង​ធី ជំ​នាញ​ខាង​សើ​ស្បែក​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​-កុមារ​សុក​ត្រាំង ឱ្យ​ដឹង៖ “សាច់​ញាតិ​របស់​អ្នក​ជំងឺ​ភាគ​ច្រើន​តែង​យល់​ច្រ​ឡំ​ជំងឺ​សើ​ស្បែក ​(Impetigo) ជា​មួយ​នឹង​ជំងឺ​សើ​ស្បែក​ឯ​ទៀត ដូច្នោះ ពួក​គាត់​បាន​ព្យា​បាល​តាម​ទម្លាប់​បុរាណ ឬ​ទិញ​ថ្នាំ​ខាង​ក្រៅ​មក​ផឹក​ឬ​លាប។ ទង្វើ​នេះ បាន​ធ្វើ​ឱ្យ​ជំងឺ​រាល​ដាល​លឿន​និង​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង។ អា​ស្រ័យ​ហេតុ​នោះ ពេល​ឃើញ​កុមារកើត​មាន​រមាស់​លើ​ស្បែក​គប្បី​បញ្ជូន​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល ដើម្បី​បង្ការ​ជំងឺ​ឆ្លង​រាល​ដាល​និង​ប្រែ​ធ្ងន់​ធ្ងរ។  ជំ​ងឺ​ងាយ​រីក​រាល​ដាល​លើ​ស្បែក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ឆ្លង​រាល​ដាល​ទៅ​អ្នក​ដទៃ​តាម​រយៈ​ការ​ប៉ះ​ពាល់​ជា​មួយ​ទឹក​រងៃ​ហូរ​ចេញ​ពី​ស្បែក​របស់​អ្នក​ជំ​ងឺ។ ជំងឺ​ភាគ​ច្រើន​តែង​លេច​ឡើង​ពង​ទឹក​ក្រ​ហម​លើ​ស្បែក ហើយ​ឆាប់​ក្លាយ​ជា​ខ្ទុះ រួច​បែក​ក្លាយ​ជា​ដំ​បៅ​ស្នាម​ពណ៌​លឿង​ទុំ ហើយ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​លើ​ស្បែក។ កន្លែងដែល​ច្រើន​កើត​ជំងឺ​សើ​ស្បែក គឺ​ផ្ទៃ​មុខជុំ​វិញ​ច្រ​មុះ មាត់​ឬ​ដៃ ជើង។ ជំងឺ​អាច​ជា​សះ​ស្បើយ​ក្នុង​រង្វង់​ពី​៧-១០​ថ្ងៃ ប្រ​សិន​បើ​ព្យា​បាល​ត្រូវ​របៀប។

ដើម្បី​បង្ការ​ជំងឺ​សើ​ស្បែក​ឆ្លង​រាល​ដាល​លើ​កុមារ វេជ្ជ​បណ្ឌិត​បាន​ក្រើន​រំ​លឹក៖ ឱ្យ​កុមារ​លាង​ដៃ​ជា​មួយ​ទឹក​និង​សា​ប៊ូ​ជា​ប្រ​ចាំ ឬ​ទឹក​លាង​ដៃដែល​មាន​ជាតិ​អាល់​កុល; បោក​អាវ​ខោ​និង​កន្សែង​របស់​អ្នក​ជំងឺ​រៀង​រាល់​ថ្ងៃ និង​ជៀស​វាង​ការ​ប្រើ​របស់​របរ​រួម​ជា​មួយ​អ្នក​ជំងឺ។ សម្អាត​ផ្ទះ​និង​កន្លែង​លេង​របស់​កុមារ; ឱ្យ​កុមារ​ស្លៀក​ខោ​ស្ដើងៗ; កាត់​ត្រ​ចក​ដៃ​ឱ្យ​កុមារ​ដើម្បី​កាត់​បន្ថយ​ការ​អេះ​ប៉ះ​ពាល់​ដល់​ស្បែក​និង​បែក​ពង​ទឹក​ក្រ​ហម​លើ​ស្បែក។ ពេល​ឃើញ​កុមារ​កើត​មាន​កន្ទួល​ក្រ​ហម ឬ​ខ្ទុះ​នៅ​លើ​ស្បែក ជា​ពិ​សេស នៅ​លើ​ក្បាល​និង​ម្ដុំ​មុខ ដូច្នេះ គប្បី​នាំ​កុមារ​ទៅ​ពិនិត្យ​ជំងឺ​ភ្លាម​ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​និង​ប្រែ​ជា​ធ្ងន់​ធ្ងរ៕

                                  យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ