ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញ ការស្តាប់ចម្រៀងជួយដល់អ្នកជំងឺដែលទើបឆ្លងកាត់ការវះកាត់ កាត់បន្ថយបានការបារម្ភ ឈឺចាប់និងរួមទាំងសម្រួលដល់ចង្វាក់បេះដូងផង ផ្តើមពីនោះ ជួយដល់ដំណាក់កាលស្តារសុខភាពឡើងវិញ។
ស្តាប់ចម្រៀងជាការលម្ហែអារម្មណ៍សម្រួលស្មារតីដល់អ្នកជំងឺក្រោយពីវះកាត់។
រូប៖ Earth.com
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ក្រុមអ្នកឯកទេសនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ California Northstate បានធ្វើការវិភាគលើទិន្នន័យដែលបានមកពីការស្រាវជ្រាវចំនួន៣៥ អំពីចម្រៀងនិងឥទ្ធិពលរបស់វាក្នុងការធ្វើឱ្យអ្នកជំងឺមានសុខភាពល្អឡើងវិញក្រោយពីវះកាត់។ ការស្រាវជ្រាវខាងលើបានផ្ដល់ទិន្នន័យពីសុខភាព ក្រោយពីការវះកាត់របស់អ្នកជំងឺ រួមមានស្ថានភាពឈឺចាប់និងព្រួយបារម្ភ ក៏ដូចជារាល់វិធានការអន្តរាគមន៍ដល់ចង្វាក់បេះដូង និងការប្រើប្រាស់ថ្នាំបំបាត់ឈឺ opioid។ លទ្ធផលនៃការវិភាគចុងក្រោយបង្ហាញឱ្យឃើញថា ការស្តាប់ចម្រៀងក្រោយពីធ្វើការវះកាត់ផ្តល់ឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះអ្នកជំងឺក្នុងរយៈពេលស្ដារសុខភាព។
ជាក់ស្តែង បើប្រៀបធៀបជាមួយនឹងអ្នកជំងឺដែលមិនបានស្តាប់ចម្រៀងនៅថ្ងៃដំបូងក្រោយពីវះកាត់ អ្នកជំងឺដែលបានស្តាប់ចម្រៀងអាចកាត់បន្ថយកម្រិតឈឺចាប់ក្រោយពីវះកាត់ស្មើនឹង១៩% យោងតាមតារាងតួលេខ និងកាត់បន្ថយ៧% យោងតាមតួលេខសង្កេត (VAS)។ កម្រិតនៃការបារម្ភរបស់អ្នកជំងឺដែលស្តាប់ចម្រៀងក៏កាត់បន្ថយ៣% ក្នុងតារាងតួលេខវាយតម្លៃដោយខ្លួនឯងនៃកម្រិតបារម្ភ (STAI)។
ទន្ទឹមនឹងនោះ ក្រុមស្តាប់ចម្រៀងដែលបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ morphine តិចជាងក្រុមដែលមិនបានស្តាប់ចម្រៀងកម្រិតមធ្យមគឺ ០,៧៥៨mg បើប្រៀបធៀបនឹង១,៦៥៤mg។ ក្រុមស្តាប់ចម្រៀងក៏មានចង្វាក់បេះដូងលោតស្មើជាង។ តាមដែលបានដឹងការរក្សាចង្វាក់បេះដូង អ្នកជំងឺក្នុងវិសាលភាពល្អប្រសើរ ជួយលើកស្ទួយដំណាក់កាលស្តារសុខភាពឡើងវិញ ជួយសម្រួលឱ្យអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមធ្វើចរាចរមានប្រសិទ្ធភាពសព្វរាងកាយ ពិសេសគឺដល់តំបន់ដែលធ្វើការវះកាត់។ ចំណែកចង្វាក់បេះដូងលោតញាប់ (ជាង១០០ដង/នាទី) ងាយនឹងធ្វើឱ្យស្ថានភាពចង្វាក់បេះដូងលោតខុសប្រក្រតី ដូចជាញាប់ញ័រ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ។
ក្រុមអ្នកស្រាវជ្រាវថែមទាំងរកឃើញការស្តាប់ចម្រៀងជួយកាត់បន្ថយកម្រិតអង្សាអ័រម៉ូន ដែលបណ្តាលឱ្យមានភាពតានតឹងស្មារតី cortisol។ “ខណៈពេលអ្នកជំងឺដឹងខ្លួនឡើងវិញក្រោយពីវះកាត់ ពេលខ្លះពួកគាត់មានអារម្មណ៍ភ័យខ្លាចហើយមិនដឹងថាខ្លួនកំពុងនៅទីកន្លែងណា។ ដូច្នេះ ស្តាប់ចម្រៀងអាចនឹងជួយឱ្យពួកគាត់ងាយផ្លាស់ប្ដូរពីដំណាក់កាលទើបដឹងខ្លួន មកដំណាក់កាលធម្មតាឡើងវិញ ក៏ដូចជាអាចនឹងជួយកាត់បន្ថយភាពតានតឹងស្មារតីក្នុងដំណាក់កាលដែលផ្លាស់ប្តូរនោះ” អ្នកឯកទេស Eldo Frezza សមិទ្ធិករស្រាវជ្រាវ ពន្យល់ដូច្នេះ។
មុនពេលរកឃើញភាពវិជ្ជមានខាងលើ ក្រុមអ្នកស្រាវជ្រាវអំណះអំណាង៖ ការស្តាប់ចម្រៀងអាចនឹងជាវិធីសាស្ត្រដ៏សាមញ្ញមួយនិងប្រិតសំចៃថវិកា ដើម្បីបង្កើនសមត្ថភាពធ្វើឱ្យសុខភាពល្អឡើងវិញដល់អ្នកជំងឺក្រោយពីវះកាត់៕
កាសែតកឹងធើ - ប្រែសម្រួល៖ លីសៀ