|
សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ រូប៖ គឹមស្វឹង |
ក្រុងកឹងធើ ទើបរៀបចំជោគជ័យនូវសកម្មភាពជាច្រើន អំណរបក្ស អំណរនិទាឃរដូវឆ្នាំ ២០២៤; អំណរអនុស្សាវរីយ៍ ២០ ឆ្នាំក្រុងចំណុះមជ្ឈិម។ ស្របក្នុងបរិយាកាសដ៏រំភើបរីករាយនេះ ពិសេស ក្នុងឱកាសអំណរបុណ្យឆ្នាំថ្មីរបស់ជនជាតិខ្មែរ ឆ្នាំ២០២៤ សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានមានប្រសាសន៍ដូចខាងក្រោម៖
ក្រោយរយៈពេល ២០ ឆ្នាំក្លាយជាក្រុងចំណុះមជ្ឈិមក្រុងកឹងធើសម្រេចបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យដូច៖ សេដ្ឋកិច្ច វប្បធម៌សង្គម ធានាការពារប្រទេសនិងសន្តិសុខ។ល។ ក្រុងបង្កើតបានសមិទ្ធផលគួរឱ្យកត់សម្គាល់និងបន្សល់នូវចំណាប់អារម្មណ៍ល្អៗ។ ក្រុងកឹងធើ កាន់តែបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌល ជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុង។ សមិទ្ធផលដ៏សំខាន់ទាំងនេះ បានមកពីការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់គណៈកម្មាធិការបក្ស រដ្ឋ អំណាចនិងប្រជាជនទូទាំងក្រុង ក្នុងនោះ មានការខិតខំប្រឹងប្រែងការរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរនិងជនជាតិភាគតិចដទៃទៀត ដែលកំពុងរស់នៅលើភូមិសាស្រ្តក្រុង។
* សូមគោរពសមមិត្ត រួមដំណើរជាមួយនឹងសមិទ្ធផលនានាក្នុងរយៈពេល ២០ ឆ្នាំកន្លង តើការអនុវត្តនូវគោលនយោបាយជនជាតិលើភូមិសាស្រ្តក្រុង សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះបាទ?
សមមិត្ត ង្វៀងវ៉ាន់ហីវ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ប្រគេនទេយ្យទានដល់គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមក្រុងកឹងធើ។ រូប៖ ង៉ុកក្វៀង
- រយៈពេល ២០ ឆ្នាំកន្លង ក្រុងកឹងធើ បានផ្តោតការយកចិត្តទុកដាក់អនុវត្តគោលនយោបាយសម្រាប់ជនជាតិភាគតិចបានល្អ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្រុងបានឧបត្ថម្ភដីធារផ្ទះជូនជនជាតិភាគតិចចំនួន២៥៣ គ្រួសារ ដោយចំណាយថវិកាជាង ៥៩,៩ ពាន់លានដុង; ក្នុងនោះ ដើមទុនភូមិភាគមានជាង ៣៥ ពាន់លានដុង ទុនកៀរគរមានប្រមាណ១១,៦ ពាន់លានដុង។ល។ ក្រុងបានឧបត្ថម្ភសាងសង់ផ្ទះចំនួន៣.០១៣ខ្នង ជូនគ្រួសារជនជាតិភាគតិច សរុបថវិកាជាង ២៦,៨ ពាន់លានដុង; ឧបត្ថម្ភផ្លាស់ប្តូរអាជីពជូនប្រជាជនជិត ៩៩០ នាក់ សរុបថវិកាជាង១៣ ពាន់លានដុង។ ក្រុងក៏បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវគោលនយោបាយជាច្រើនសម្រាប់ជនជាតិភាគតិចដូចជា៖ ជំនួយបុលទុនផ្លាស់ប្តូរមុខរបរ ជំនួយទឹកស្អាតប្រើប្រាស់ ទិញឧបករណ៍កសិកម្មសម្រាប់គ្រួសារដែលគ្មានដីផលិត បណ្តុះបណ្តាលមុខរបររយៈពេលខ្លីនិងរយៈពេលវែង ចលនាកសាងស្ពានជនបទ; ជូនអំណោយនិងអាហារូបករណ៍ដល់សិស្សជនជាតិភាគតិច។ល។ ហេតុនោះ គ្រួសារជនរួមជាតិភាគតិចក្រីក្រ បានថយចុះជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ ២០១១ ក្រុងមានគ្រួសារជនជាតិភាគតិចក្រីក្រ១.៤៨៦/៨.៦៧០គ្រួសារ ស្រូបអត្រា ១៧,១៤% ដល់ឆ្នាំ២០១៥ ក្រុងនៅមានគ្រួសារជនរួមជាតិភាគតិចក្រីក្រត្រឹមតែ ៤៤៦/៨.៩៩២ គ្រួសារ ស្រូបអត្រា ៤,៩៦%។ល។ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ក្រុង កាត់បន្ថយបានគ្រួសារជនរួមជាតិភាគតិចក្រីក្រ ១.៣៤៤/១.៣៩២ គ្រួសារ (កាត់បន្ថយបានជិត៩៧%) ។ ដល់ចុងឆ្នាំ២០២២ ក្រុងកឹងធើនៅមានគ្រួសារជនរួមជាតិភាគតិចក្រីក្រ ១១៣ គ្រួសារ ស្រូបអត្រា១,១៤% នៃចំនួនគ្រួសារជនរួមជាតិភាគតិចសរុប។ តួលេខនេះនៅចុងឆ្នាំ ២០២៣ គឺនៅ ៥៤ គ្រួសារ ស្មើអត្រា០,៥៤%...។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ អញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរឆ្នាំថ្មីដល់អ្នកមុខអ្នកការ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តពោធិ៍សំរោង ខណ្ឌអូរម៉ូង នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៣។ រូប៖ ង៉ុកក្វៀង
* តាមដឹងមកថា ក្រៅពីគោលនយោបាយរួម ក្រុងក៏មានគោលនយោបាយដាច់ដោយឡែកជាច្រើនសម្រាប់ជនជាតិភាគតិចដែលរស់នៅលើភូមិសាស្រ្តក្រុង តើមែនទេ សមមិត្ត?
- ក្រុងបានអនុវត្តនូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គមក្នុងជនជាតិភាគតិច។ តួយ៉ាងដូច៖ សេចក្តីសម្រេចលេខ ០១/២០១៥/NQ-HĐND ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការឧបត្ថម្ភបង់ថ្លៃសិក្សាសម្រាប់សិស្ស និស្សិតជនជាតិភាគតិច។ សេចក្តីសម្រេចលេខ ០៨/២០១៧/NQ-HĐND ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ កំណត់ពីកម្រិតឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខាភិបាលសម្រាប់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចនៅក្រុងកឹងធើ។ល។ ផ្តើមពីលទ្ធផលខាងលើឃើញថា ក្រុងបានអនុវត្តល្អនូវគោលការណ៍គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ អនុវត្តឆ្លាតវៃរាល់ដំណោះស្រាយ ដើម្បីគោលនយោបាយបានស៊ីជម្រៅទៅក្នុងជីវភាព។ ជនរួមជាតិដែលគ្មានដីធារផ្ទះ ឬគ្មានផ្ទះ ក្រុងបានពិនិត្យផ្តល់ដីនិងសង់ផ្ទះជូន (ពីប្រភពដើមទុនមជ្ឈិមនិងភូមិភាគ)។ គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ តែងរៀបចំសកម្មភាពនិងកសាងទម្រង់រូបភាពជាច្រើន ដើម្បីឧបត្ថម្ភការផលិត អភិវឌ្ឍសេដ្ឋកិច្ច នាំមកនូវប្រសិទ្ធភាពជាក់ស្តែង អាស្រ័យការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គម។ លទ្ធផលវិជ្ជមានក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋអំពីជនជាតិនិងគោលនយោបាយជនជាតិ បានពង្រឹងក្តីជំនឿទុកចិត្តរបស់ជនរួមជាតិភាគតិចទៅក្នុងគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុង កាន់តែបញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ រួមចំណែកដ៏សំខាន់ទៅក្នុងការអភិវឌ្ឍរួមរបស់ក្រុង។
ថ្នាក់ដឹកនាំក្រុងកឹងធើ ប្រគេននិងជូនអំណោយដល់ព្រះសង្ឃ និងកម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរ នាឱបុណ្យចូលឆ្នាំថ្មី២០២៣។ រូប៖ សហការី
សមមិត្ត ង្វៀងទ្រុងញ៉ឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អញ្ជើញមកសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់វត្តមុនីរង្សី នាឱកាសបុណ្យសែនដួនតាឆ្នាំ២០២៣។ រូប៖ ង៉ុកក្វៀង
សមមិត្ត ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយដល់គ្រួសារ លោក លីស៊ុង គ្រួសារជនជាតិខ្មែរមានជីវភាពលំបាកខ្លាំងនៅភូមិថើយធ្វឹង ឃុំថើយធ្វឹង ស្រុកកើ-ដ។
* ដើម្បីជនរួមជាតិមានជីវភាពសុខដុមរមនានិងសម្បូរសប្បាយ តើអ្វីជាភារកិច្ចសំខាន់សម្រាប់ក្រុងផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិនាពេលខាងមុខ ជម្រាបប្រសាសន៍ សមមិត្ត?
- នៅលើភូមិសាស្រ្តក្រុងកឹងធើ ជនរួមជាតិខ្មែរ និងជនជាតិភាគតិចដទៃទៀតរស់នៅចម្រុះគ្នាលើ៩/៩ ខណ្ឌស្រុក; មានជីវភាពវប្បធម៌ ស្មារតីដ៏សម្បូរបែប ដិតដាមដោយលក្ខណៈប្រពៃណី និងអត្តសញ្ញាណ វប្បធម៌ប្រពៃណី។ អាស្រ័យហេតុនោះ បណ្តាភូមិភាគបន្តការយកចិត្តទុកដាក់ គិតគូរពីជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិច ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រដោយចីរភាព និងបង្កើតការងារធ្វើជូនពលករជាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ផ្តោតសំខាន់គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២១-២០២៥។ ក្នុងការងារជនជាតិនិងអនុវត្តគោលនយោបាយជនជាតិ ក្រុងបន្តដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច និងមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធធ្វើការផ្សព្វផ្សាយជូនកម្មាភិបាល អ្នករដ្ឋការនិងជនរួមជាតិភាគតិចជ្រួតជ្រាបនូវគោល ការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាពិសេស គឺបទប្បញ្ញត្តិនៃច្បាប់ និងគោលនយោបាយថ្មីដែលទាក់ទងផ្ទាល់នឹងជនជាតិភាគតិច។ ផ្តើមពីនោះ លើកកម្ពស់ជាងទៀតនូវការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយ និងជនរួមជាតិភាគតិចក្នុងការងារជនជាតិ និងការអនុវត្តនូវគោលនយោបាយជនជាតិលើភូមិសាស្រ្តក្រុង។
រូប៖ វ៉ាន់ទ្រៀង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ធ្វើពិធីប្រគល់ទូក-ងដល់វត្តសេតុត្តរ។ រូប៖ សហការី
នាពេលថ្មីៗនេះ ក្រុងកឹងធើ ទើបរៀបចំជោគជ័យនូវសកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំ២០២៤; អំណរអនុស្សាវរីយ៍ ២០ ឆ្នាំក្រុងកឹងធើចំណុះមជ្ឈិម។ ក្នុងបរិយាកាសសប្បាយរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរឆ្នាំ ២០២៤ ជំនួសមុខថ្នាក់ដឹកនាំក្រុងកឹងធើ ខ្ញុំបាទសូមប្រគេននិងជូនពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តខ្មែរ កម្មាភិបាល យុទ្ធជន បញ្ញវន្តអ្នកស្នេហាជាតិ អ្នកមានប្រជាប្រិយនិងបងប្អូនជនរួមជាតិខ្មែរគ្រប់រូប ជួបតែសេចក្តីសុខ សេចក្តីចម្រើននិងសុភមង្គលក្នុងឆ្នាំថ្មី។ ជាមួយនឹងលទ្ធផលសម្រេចបានរួម នឹងការចូលរួមដោយទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល យើងជឿជាក់ថា៖ ជីវភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគ តិចលើភូមិសាស្រ្តក្រុង កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជនរួមជាតិខ្មែរ ក៏ដូចជាជនជាតិភាគតិចដទៃទៀតនៅកឹងធើ នឹងសម្របខ្លួនជាមួយជីវភាពរស់រវើក ព្រមទាំងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍរបស់ទីក្រុង៕
* សូមអគុណសមមិត្ត!
ថាញឡុង - បកប្រែ៖ សុផន