ខេត្តគៀងយ៉ាង មានជនរួមជាតិខ្មែររស់នៅជាង១៣%។ ឆ្លងតាមរយៈកម្មវិធីវិនិយោគមកទល់ពេលនេះ ឃុំទាំង១០០% ដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ។
ប្រជាជនមកពិនិត្យជំងឺនិងបញ្ចូលសេរ៉ូមនៅដំណាក់សុខាភិបាលឃុំឌិញអាង។
តាមប្រសាសន៍ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខេត្តបាននិងកំពុងខិតខំប្រឹងប្រែងជម្នះការលំបាក ពន្លឿនការរំសាយថវិកាត្រូវតាមសម្ទុះ ដើម្បីអនុវត្តល្អនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០២៥។ អនុវត្តកម្មវិធីនេះ ខេត្តគៀងយ៉ាង បានមជ្ឈិមប្រគល់ទុនសរុបជាង៣៨៨ពាន់លានដុង ដោយឡែកឆ្នាំ២០២៣ បានប្រគល់ទុនជិត១៥៨ពាន់លានដុង។ លោកយ័ញភុក ឱ្យដឹង៖ “ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង រស់នៅលាយឡំជាមួយជនជាតិផ្សេងៗនៅគ្រប់តំបន់ភ្នំនិងកោះ។ មានជនរួមជាតិមួយចំនួនរស់នៅប្រមូលផ្តុំនៅស្រុកហ្គក្វាវ ស្រុកយុងរៀង។ល។ បានជាពេលអនុវត្តកម្មវិធី គម្រោងនានា គណៈជនជាតិត្រូវសហការជិតស្និទ្ធជាមួយភូមិភាគនានា ដើម្បីពង្រីកប្រសិទ្ធភាព។ អាស្រ័យដោយការប្តេជ្ញាចិត្តមោះមុតនិងព្រមៗគ្នា ដូច្នេះមកទល់ពេលនេះ តំបន់ជនរួមជាតិភាគតិចនៅខេត្តគៀងយ៉ាង មានភាពរីកចម្រើន ក្នុងនោះ លេចធ្លោបំផុតគឺហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមូលដ្ឋានដើម្បីថែទាំសុខភាពបឋមជូនប្រជាជនឱ្យបានល្អ”។
យោងតាមរបាយការណ៍របស់គណៈជនជាតិខេត្តគៀងយ៉ាង ការងារពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជននៅតំបន់ជនជាតិភាគតិចត្រូវបានបង្កើនពង្រឹង និងពង្រីកដោយឥតឈប់ឈរ ឆ្លើយតបទៅនឹងតម្រូវការពិនិត្យនិងព្យាបាលជំងឺនៅមូលដ្ឋានរបស់ប្រជាជន។ មកទល់ពេលនេះ ឃុំទាំង១០០% ដែលមានជនជាតិភាគតិចរស់នោះកុះករ សុទ្ធតែមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ អត្រាដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតជាជនជាតិភាគតិចធ្វើការសម្រេច៦,២% អត្រាភូមិមានកម្មាភិបាលពេទ្យជាជនជាតិភាគតិចសម្រេច៣,៧៨% អត្រាគ្រួសារជនជាតិភាគតិចមានទឹកស្អាតប្រើប្រាស់សម្រេច៨៩,៣% អត្រាគ្រួសារជនជាតិភាគតិចប្រើប្រាស់បង្គន់អនាម័យសម្រេច៨៨,២% អត្រាគ្រួសារជនរួមជាតិភាគតិចចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេច៩១% (ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ បានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល៨.៦៩១ប័ណ្ណ ដល់ជនរួមជាតិភាគតិច)។ ការងារបណ្តុះបណ្តាល បំពេញបន្ថែមប្រភពធនធានមនុស្សផ្នែកសុខាភិបាល មានកម្រិតវិជ្ជានិងឯកទេសខ្ពស់ ត្រូវបានយកចិត្តទុកដាក់ជាសារវន្តបានឆ្លើយតបនឹងតម្រូវ ការធនធានមនុស្សបម្រើការងារថែទាំសុខភាពជូនប្រជាជន។ ផ្តើមពីនោះ ប្រជាជនរឹតតែស្ងប់អារម្មណ៍ពេលមកពិនិត្យនិងព្យាបាលជំងឺនៅដំណាក់សុខាភិបាល។ ដំណាក់សុខាភិបាល បានពិនិត្យនិងព្យាបាលជំងឺជូនជនរួមជាតិភាគតិច៧៩.៣៦៦លើកនាក់ ជនរួមជាតិភាគតិចមកសម្រាកព្យាបាលជំងឺ៤.៥១៣លើកនាក់។ល។ បងស្រីធីហ្វាង នៅឃុំឌិញអាង ស្រុកហ្គក្វាវ ឱ្យដឹង៖ “ខ្ញុំបានវេជ្ជបណ្ឌិតនៅដំណាក់សុខាភិបាលពិគ្រោះយោបល់ ម្ល៉ោះហើយ ក្នុងរយៈពេលមានផ្ទៃពោះ ខ្ញុំបានមកពិនិត្យគភ៌ចំនួន៤លើក ដើម្បីធានាសុខភាពល្អទាំងម្តាយនិងទារក”៕
ហាថាញ-មុនី