សមយុទ្ធកីឡាភូដុងខេត្តសុកត្រាំង លើកទី XV ឆ្នាំ២០២៤ ទើបបានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំងរៀបចំឡើង សំដៅបង្កើតសួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់សិស្សវិទ្យាល័យ។
អត្តពលិកចូលរួមប្រកួតវិញ្ញាសាលោតកម្ពស់។
សមយុទ្ធកីឡាភូដុងខេត្តសុកត្រាំង លើកទី XV ឆ្នាំ២០២៤ បានប្រារព្ធ ឡើងនៅមជ្ឈមណ្ឌលវប្បធម៌កីឡាក្រុងសុកត្រាំង ដោយមានការចូលរួមពីអត្តពលិកជាង២.០០០នាក់ មកពីអង្គភាពចំនួន៥១ ក្នុងនោះ មានការិយាល័យអប់រំនិងបណ្តុះបណ្តាលចំនួន ១១ និងសាលាវិទ្យាល័យចំនួន៤០ក្នុងទូទាំងខេត្ត។ គ្រប់អង្គភាពចូលរួមប្រកួតលើ១០ វិញ្ញាសា រួមមាន៖ អត្តពលកម្ម អុកវាយសី ទាត់សី បាល់ទាត់ បាល់ទះ បាល់បោះ វាយកូនឃ្លីលើតុ ហែលទឹកនិងក្បាច់គុនបុរាណ។
តាមប្រសាសន៍ លោកចូវទ្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង សមយុទ្ធកីឡាភូដុង មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ផ្នែកបណ្តុះបណ្តាល បង្កើតបរិយាកាសអប់រំ ប្រកបដោយតម្លាភាព និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់សិស្សានុសិស្ស។ សិស្សបានលត់ដំសុខភាព វិន័យ និងសាមគ្គីភាពនៅក្នុងសាលា។ ក្រៅពីនេះ នៅទាំងជួយឱ្យសិស្សអភិវឌ្ឍបំណិនជីវិតសំខាន់ៗ ដូចជា៖ ស្មារតីកីឡា វិន័យ ការសហការនិងធ្វើការជាក្រុម។ នេះជាគុណសម្បត្តិចាំបាច់ដើម្បីប្អូនៗក្លាយជាពលរដ្ឋល្អ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ ជាសួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្សលត់ដំកាយសម្បទា និងរក្សាសុខភាពផ្ទាល់ខ្លួន រួមចំណែកលើកកម្ពស់សុខភាពរាងកាយ ប្រាជ្ញា និងធានាសមត្ថភាពចលនាបានល្អ និងមានសុខភាព ដើម្បីសិក្សាបានល្អ។ ទន្ទឹមនឹងនោះ ក៏រួមចំណែកយ៉ាងសកម្មក្នុងការច្រានថយបាបគ្រោះសង្គម ដែលបាននិងកំពុងមានហានិភ័យជ្រៀតចូលទៅក្នុងសាលារៀន។
ប្អូនថាច់យ៉ាហ្វី សិស្សបឋមសិក្សាសាលាវិញហាយ៣ ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “នេះជាលើកទីមួយហើយដែលប្អូនបានចូលរួមប្រកួតបាល់ទាត់ថ្នាក់ខេត្ត ប្អូនសប្បាយចិត្តណាស់ដែលបានដោះដូរនិងស្គាល់មិត្តភ័ក្តិបន្ថែម។ ពួកប្អូនប្រកួតបានជ័យលាភីលេខ១ថ្នាក់ទីរួមខេត្ត ដូច្នេះត្រូវបានជ្រើសរើសឱ្យហ្វឹកហាត់ជាងមួយខែ។ ទូទាំងក្រុមប្ដេជ្ញាលេងឱ្យអស់ពីសមត្ថភាពដើម្បីយកជ័យជំនះ”។ ចំណែកប្អូនយឿងធីទ្វៀកទ្រិញ សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “នេះគឺជាលើកទី២ហើយដែលប្អូនបានចូលរួមប្រកួតកីឡាអត្តពលកម្មលើខ្លឹមសារ៖ រត់បានឆ្ងាយ និងលោតចម្ងាយ ដូច្នេះប្អូនប្តេជ្ញារក្សាលទ្ធផលខ្ពស់បំផុត។ ចូលរួមសមយុទ្ធកីឡាភូដុង ជួយឱ្យប្អូនមានឱកាសបានសិក្សាស្វែងយល់ស្គាល់ មិត្តភ័ក្តិបន្ថែម និងបានបង្ហាញសមត្ថភាពវិញ្ញាសាកីឡា”។
យោងតាមប្រសាសន៍ លោកចូវទ្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង សមយុទ្ធកីឡាភូដុង គឺជាចំណុចកំពូលនៃចលនាកីឡានៅសាលារៀន សំដៅវាយតម្លៃពីគុណភាពនៃការបង្រៀនវិញ្ញាសាអប់រំកាយរបស់សាលារៀននៅគ្រប់កម្រិតសិក្សា។ តាមរយៈការប្រកួតប្រជែង អាចជ្រើសរើសបានសិស្សដែលមានទេពកោសល្យ ឱ្យធ្វើការហ្វឹកហាត់ ដើម្បីចូលរួមសមយុទ្ធកីឡាភូដុងថ្នាក់តំបន់នៅខេត្តបេនត្រែ និងថ្នាក់ជាតិលើកទី X ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅក្រុងហាយផុងនាពេលខាងមុខនេះ៕
លីធាន-មេងលី