18/03/2024 - 08:58

ជំងឺ​ច្រើន​ជួប​ប្រ​ទះ​ក្នុង​រដូវ​ក្ដៅ

អា​កាស​ធាតុ​ក្តៅ​ធ្វើ​ឱ្យ​មនុស្ស​ងាយ​នឹង​ពុល​អា​ហារ ឆ្លង​មេ​រោគ កើត​ជំងឺ​ផ្លូវ​ដង្ហើម​និង​ស្បែក​ប៉ះ​ពាល់​ដល់​សរ​សៃ​ឈាម​បេះ​ដូង។

ប្រ​ជា​ជន​នៅ​ក្រុងហូ​ជី​មិញ ការ​ពារ​ក្តៅ​ពេល​ចេញ​ក្រៅ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២៣។

ងាយ​ពុល​អា​ហារ

រដូវ​ក្ដៅ សី​តុណ្ហ​ភាព​បរិស្ថាន​ងាយ​ស្រួល​សម្រាប់​អតិ​សុ​ខុម​ប្រាណ បង្ក​គ្រោះ​ថ្នាក់​រីក​រាល​ដាល​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ។ ការ​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ ប្រយ័ត្ន​ប្រ​យែង​ទេ​នោះ ពេល​ប្រើ​ប្រាស់​ងាយ​នឹង​បង្ក​ឱ្យ​ពុល​អា​ហារ​បណ្តាល​ឱ្យ​រាក​រួស ក្អួត​ចង្អោរ​អស់​កម្លាំង​ដោយ​សារ​ខ្សោះ​ជាតិ​ទឹក។ល។ មាន​ករណី​ជា​ច្រើន​អាច​បណ្ដាល​ឱ្យ​បាត់​បង់​ជីវិត។

គប្បី​ហូប​ឆ្អិន ផឹក​ឆ្អិន រក្សា​ចំ​ណី​អា​ហារ​ងាយ រលួយ​ផ្អូម​ក្នុង​ទូទឹក​កក​និង​ប្រើ​ប្រាស់​ភ្លាមៗ បន្ទាប់​ពី​ចម្អិន​រួច កុំ​ទុក​ចំណី​អា​ហារ​នៅ​ក្រៅ​បរិស្ថាន​សីតុ​ណ្ហ​ភាព​ធម្ម​តាយូរ​ពេក។ ប្រ​សិន​បើ​មាន​រោគ​សញ្ញា​ពុល​អា​ហារ​ដូច​ជា  ក្អួត​ចង្អោរ រាក​រួស ក្តៅ​ខ្លួន អស់​កម្លាំង ... គួរ​ទៅ​មណ្ឌល​សុខា​ភិបាល​ជា​បន្ទាន់ ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល។

ឆ្លង​មេ​រោគ​អា​ស្រ័យ​អតិ​សុខុម​ប្រាណ

អា​កាស​ធាតុ​ក្តៅ​អម​នឹង​ងងឹត​ភ្លៀង ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជំងឺ​ឆ្លង​ដោយ​អតិ​សុខុម​ប្រាណ​ដូច​ជា គ្រុន​ឈាម ពង​ដៃ ជើង មាត់ អុត​ស្វាយ រលាក​ខួរ​ក្បាល​ជប៉ុន។ល។ រីក​រាល​ដាល។

ត្រូវ​រៀប​ចំ​សម្អាត​កាប់​ឆ្ការ​គុម្ពោត​ព្រៃ វិនិច្ឆ័យ​កន្លែង​ទឹក​ដក់ ឬ​អាង​ស្តុក​ទឹក​ត្រូវ​ធានា​មិន​មាន​ដង្កូវ​ទឹក។ បំ​ពេញ​បន្ថែម​អា​ហា​រូបត្ថម្ភ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​លំ​ហាត់​ប្រាណ​សម​​ល្មម ដេក​គ្រប់​គ្រាន់ រក្សា​កម្លាំង​ធន់​រាង​កាយ​ល្អ ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​កើត​ជំងឺ។

ជំងឺ​ផ្លូវ​ដង្ហើម

ការ​ផ្លាស់​ប្តូរ​ធាតុ​អា​កាស​ភ្លាមៗ​ពី​ត្រ​ជាក់​ទៅ​ក្តៅ នៅ​ពេល​ដែល​សីតុណ្ហ​ភាព​ខុស​គ្នា​ក្នុង​បន្ទប់​ម៉ា​ស៊ីន​ត្រជាក់​និង​បរិស្ថាន​ខាង​ក្រៅ ឬ​នៅ​ក្នុង​បរិស្ថាន​ម៉ា​ស៊ីន​ត្រ​ជាក់​យូរ​ពេក​បណ្តាល​ឱ្យ​ភ្នាស​រំអិល​ផ្លូវ​ដង្ហើម​ស្ងួត ងាយបង្ករោគផ្លូវ ដង្ហើមដូចជា ជំងឺរលាកបំពង់ក រលាកច្រមុះ រលាកអាមីដាន រលាករន្ធឆ្អឹងច្រមុះ រលាកទងសួតស្រួចស្រាវ  និងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត។

ដើម្បីបងា្ករជំងឺផ្លូវដង្ហើម ចាំបាច់ត្រូវរក្សាសីតុណ្ហភាពបន្ទប់ម៉ាស៊ីនត្រជាក់ឱ្យមានគម្លាត តិចនឹងបរិស្ថានខាងក្រៅ ឬកាត់បន្ថយការចេញពីបន្ទប់ត្រជាក់ទៅខាងក្រៅច្រើនដងក្នុង​មួយ​ថ្ងៃ។ កុំចុច​ជ្រើស​សីតុណ្ហ​ភាព​ម៉ា​ស៊ីន​ត្រ​ជាក់​ទាប​ពេក ឬ​ប្រើ​កង្ហារ​តម្រង់​មក​លើ​ខ្លួន។ បំ​ពេញ​បន្ថែម​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ម៉ោង​ធ្វើ​ការ​ជា​ចាំ​បាច់​រាល់​ករណី។

ជំងឺ​សើ​ស្បែក

កាំ​រស្មី UV គឺ​ជា​អន្តរ​កម្ម​បង្ក​គ្រោះ​ថ្នាក់​ធំ​បំ​ផុត​ពេល​រាង​កាយ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ ពិសេស​ក្នុង​រដូវ​ក្តៅ។ វិទ្យុ​សកម្ម​ពី​កាំ​រស្មី UV អាច​បណ្តាល​ឱ្យ​ស្បែក​ខ្មៅ រលាក​កម្ដៅ​ថ្ងៃ ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់ និង​អាច​កើត​មហា​រីក​ស្បែក។ ទន្ទឹម​នឹង​នោះ រដូវ​ក្ដៅ​ធ្វើ​ឱ្យ​រាង​កាយ​បែក​ញើស​ច្រើន ងាយ​កើត​ជំងឺ​លើ​ស្បែក​ដូច​ជា ចេញ​កម្ដៅ រលាក​រន្ធ​រោម រលាក​ស្បែក​ប្រតិ​កម្ម។

ប្រើ​ប្រាស់​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ បាំង​ថ្ងៃ​ជា​មួយ​នឹង​គ្រឿង​ប្រ​ដាប់​ពណ៌​ងងឹត​ពេល​ចេញ​ទៅ​ក្រៅ ឬ​ធ្វើ​ការ​ប៉ះ​នឹង​កម្ដៅ​ថ្ងៃ​រឿយៗ ដើម្បី​ជៀស​វាង​ជំងឺ​សើ​ស្បែក។ រក្សា​អនា​ម័យ​រាង​កាយ​ជា​ប្រ​ចាំ ​ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​នៃ​ជំងឺ​រលាក​ស្បែក។

ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​លើ​អ្នក​ដែល​មាន​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង

អាកាស​ធាតុ​ក្តៅ​ច្រើន​បណ្តាល​ឱ្យ​អស់​កម្លាំង សម្ពាធ​ឈាម​អាច​កើន​ឡើង ប្រ​សិន​បើ​អ្នក​ជំងឺ​ប៉ះ​នឹង​អាកាស​ធាតុ​ក្តៅ បន្ទាប់​ពី​នៅ​ក្នុង​បន្ទប់​ ម៉ា​ស៊ីន​ត្រ​ជាក់​ឬ​ងូត​ទឹក​ត្រ​ជាក់។ ការ​បែក​ញើស​ច្រើន​ក៏​បណ្តាល​ឱ្យ​អតុល្យ​ភាព​អគ្គិសនី​វិ​ភាគ ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សរ​សៃ​ឈាម បេះ​ដូង​ដែល​បណ្តាល​ឱ្យ​កើន​ឡើង​ឬ​ថយ​ចុះ​នៃ​សម្ពាធ​ឈាម​ភ្លាមៗ ងាយ​នាំ​ឱ្យ​គាំង​ឈាម​បេះ​ដូង ចុះ​ខ្សោយ​បេះ​ដូង ឬ​ដាច់​សរ​សៃ​ឈាម។

ត្រូវ​ឈប់​សម្រាក​បំប៉ន​សារ​ធាតុ​ចិញ្ចឹម​ឱ្យ​បាន​គ្រប់​គ្រាន់ ជៀស​វាង​សកម្ម​ភាព​កណ្ដាល​ថ្ងៃ​នៅ​ពេល​សីតុណ្ហ​ភាព​ខ្ពស់ កាត់​បន្ថយ​ចេញ​ទៅក្រៅ​ប្រ​សិន​បើ​មិន​ចាំ​បាច់។ អ្នក​ដែល​មាន​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង ត្រូវ​គ្រប់​គ្រង​ជំងឺ​នេះ ឱ្យ​បាន​ទៀង​ទាត់​ដោយ​ការ​ពិនិត្យ និង​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​ដល់​អា​យុ​ជីវិត៕

                យោង​តាមៈ vnexpress.net - បក​ប្រែ៖ ទី​ទុយ

ចែករំលែកអត្ថបទ