សិល្បករយឿងវណ្ណ អនុប្រធានក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង បានឱ្យដឹង ក្រុមសិល្បៈទើបតែមកសម្តែងនៅតំបន់ដាច់ស្រយាល និងទទួលបានការគាំទ្រសាទរយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។
ឈុតរបាំរបស់ក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង នៅវត្តស្រែសៀមថ្មី។ រូប៖ ង៉ុកហាញ់
អ្នកមីងធីបឹង នៅឃុំប៊ិញអាង ស្រុកចូវថាញ់ បានរួសរាន់មកវត្តសិរីវង្សាស្រែសៀមថ្មី ដើម្បីរង់ចាំមើលការសម្តែងសិល្បៈ។ អ្នកមីងប្រាប់៖ “ខ្ញុំឮគណៈកម្មការវត្តនិយាយថា ថ្ងៃនេះមានក្រុមសិល្បៈខេត្តមកសម្តែង ដូច្នេះខ្ញុំរួសរាន់មករកកន្លែងអង្គុយជិតឆាកដើម្បីងាយស្រួលមើល”។ ដូចអ្នកមីធីបឹងដែរ គឺមាមីង យាយតាដទៃទៀត ក៏បានមកវត្តស្រែសៀមថ្មីយ៉ាងច្រើនកុះករដែរ ប៉ុន្តែមានសណ្តាប់ធ្នាប់ណាស់ គឺពួកគាត់បានរកកន្លែងអង្គុយស្រួលបួលរង់ចាំសិល្បករ-ការិនីរៀបចំខ្លួនចេញសម្តែង។
សិល្បករយឿងវណ្ណ បានឱ្យដឹង៖ “ដើម្បីរៀបចំចេញដំណើរសម្តែងក្នុងពិធីបុណ្យអកអំបុកនិងបុណ្យចូលឆ្នាំថ្មីកងទ័ព-ប្រជាជនឆ្នាំ ២០២៤ ក្រុមរបស់យើងបានហាត់សមច្រើនខែមកហើយ។ រួមមានទាំងឈុតឆាកសិល្បៈ ល្ខោនយូរកេរ របាំ ប្រគំភ្លេងពិណពាទ្យ ដោយមានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូជាទីគោរព និងភូមិស្រុក ប្រទេសជាតិ។ ទន្ទឹមនឹងនោះ បានសម្តែងផ្សព្វផ្សាយអំពីការកសាងជនបទថ្មី កម្មវិធីទិសដៅជាតិ អភិរក្សវប្បធម៌ខ្មែរ។ល។ ក្រៅពីការសម្ដែងរបស់ក្រុមសិល្បៈខេត្ត ក្លឹបសិល្បៈខ្មែរឃុំប៊ិញអាង ក៏បានចូលរួមសម្តែងឈុតឆាកល្អៗជាច្រើន ដែលសមស្របជាមួយភូមិស្រុក ម្ល៉ោះហើយទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង”។
ការគាំទ្ររបស់ទស្សនិកជនគឺជាកម្លាំងចិត្តសម្រាប់សមាជិកនៃក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង បន្តដំណើរចេញទៅសម្តែងក្នុងពិធីបុណ្យចូលឆ្នាំថ្មីកងទ័ព និងប្រជាជននៅឃុំអាងមិញបាក់ ស្រុកអ៊ូមិញថឿង និងក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរ នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាងនាពេលខាងមុខ។ លោកយឿងវណ្ណ បានរៀបរាប់៖ “ក្រុមទៅសម្តែងជាបន្តបន្ទាប់ សិល្បករ-ការិនីមានការហត់នឿយបន្តិចមែន ប៉ុន្តែមានអារម្មណ៍សប្បាយរីករាយ ពីព្រោះទៅដល់ទីណាក៏បានមាមីងទស្សនិកជនគាំទ្រយ៉ាងពេញទំហឹងដែរ។ មានពេលខ្លះបន្ទាប់ពីក្រុមសម្តែងចប់ មាមីងក៏បាននៅមកដើម្បីជួយសម្អាតឆាកជាមួយសមាជិកក្រុម ធ្វើឱ្យយើងខ្ញុំត្រេកអរនិងរំភើបចិត្តយ៉ាងខ្លាំង ដូច្នេះភាពនឿយហត់ក៏រសាយបាត់អស់”។
យោងតាមប្រសាសន៍លោកស្រី ង្វៀងធីង៉ុកហាញ់ អនុប្រធានការិយាល័យវប្បធម៌ ព័ត៌មាន និងកីឡាស្រុកចូវថាញ់ ពេលសម្របសម្រួលសកម្មភាពជាមួយក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាងនៅមូលដ្ឋាននោះ ការិយាល័យក៏បានក្រុមជួយណែនាំផ្នែកខាងវិជ្ជាជីវៈដល់ក្រុមសិល្បៈខ្មែរនៃមជ្ឈមណ្ឌលវប្បធម៌ស្រុក ក៏ដូចជាក្លឹបសិល្បៈឃុំផងដែរ។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង មានប្រសាសន៍៖ “ចាប់តាំងពីគណៈកម្មាធិការប្រជាជនខេត្តបានចេញសេចក្តីសម្រេចលេខ ១២០១/QĐ-UBND ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុម័ត គម្រោងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តខេត្តគៀងយ៉ាង ដំណាក់កាល២០២១ - ២០២៥ បណ្តាសកម្មភាព វប្បធម៌និងសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ ក៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ន ទូទាំងខេត្តមានក្លឹបសិល្បៈខ្មែរប្រមាណ១០ក្លឹប នៅតាមមូលដ្ឋាន”៕
ហាថាញ - បកប្រែ៖ សុផន