នៅទីស្នាក់ការគណៈកម្មាធិការជនជាតិ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ មិន ចណ្ឌីណែត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន រីករាយទទួលស្វាគមន៍លោកជំទាវ មិនចណ្ឌីណែត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាដែលបានមកបំពេញការងារនៅគណៈកម្មាធិការជនជាតិ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន រំពឹងថា នៅពេលខាងមុខ គណៈកម្មាធិការជនជាតិប្រទេសវៀតណាម និងក្រសួងធម្មការនិងសាសនាប្រទេសកម្ពុជា នឹងបន្តការជួបពិភាក្សា ឯកភាពដំណើរការលើខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងកសាងគោលនយោបាយសម្រាប់ជនជាតិភាគតិច; សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ពិសេស គឺប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកកសាងចំណងទំនាក់ទំនងប្រជាជន សន្តិភាព មិត្តភាព។
ក្នុងកិច្ចជំនួបនេះ លោកជំទាវ មិន ចណ្ឌីណែត សម្ដែងនូវក្ដីរីករាយពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចនៅវៀតណាម ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារៈយ៉ាងរាក់ទាក់របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន។ លោកជំទាវ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការតភ្ជាប់ទំនាក់ទំនងមិត្តភាពយូរអង្វែង សាមគ្គីជាប្រវេណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ លោកជំទាវ ក៏បានលើកឡើងនូវខ្លឹមសារដែលបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្ដីពីកម្មវិធីសហប្រតិបត្តិការជនជាតិវៀតណាម-កម្ពុជា ដំណាក់កាល ២០២២-២០២៧ លោក ជំទាវ មិន ចណ្ឌីណែត រំពឹងថា ប្រទេសទាំងពីរនឹងបន្តការផ្សព្វផ្សាយអនុស្សរណៈយោគយល់គ្នា ជាសកម្មភាពនិងសមិទ្ធផលជាក់ស្តែងនៅពេលខាងមុខ។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ឯកភាពអំពីកំណត់ទិសដៅដោះស្រាយចំពោះខ្លឹមសារជាច្រើនដែលលើកសំណើរនៅពេលខាងមុខ ក្នុងនោះ មានការជំរុញការអនុវត្តលើឯកសារកំណត់ ហេតុក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ២០ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ; ការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រងជនជាតិនៅវៀតណាម; ផ្តល់អាហារូបករណ៍ដល់កម្មាភិបាលនៃក្រសួងធម្មការនិងសាសនាប្រទេសកម្ពុជា មកសិក្សាស្រាវជ្រាវនៅវៀតណាម។ល។ ភាគីទាំងពីរបានបង្ហាញពីទំនុកចិត្តលើការទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងនិងបង្កើនសហប្រតិបត្តិការអភិវឌ្ឍន៍៕
យោង៖គណៈកម្មាធិការជនជាតិ-មុនី