19/06/2023 - 16:54

យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ពេល​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ និង​បំ​ពាក់​ឧប​ករណ៍​សុខា​ភិបាល​គ្រប់​សព្វ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំងឺ​រាល​ដាល​នៅ​ភូមិ​ភាគ។

លោក​យាយ​ថាច់​ធី​សារ៉ូន នៅ​អនុ​សង្កាត់​ ៤​ មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​សង្កាត់​ ៩។

នៅ​សង្កាត់​ ៩ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៥៣%។ ពី​មុន​ អា​ស្រ័យ​ជីវ​ភាព​នៅ​លំ​បាក​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ដោយ​សារ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​ និង​រដ្ឋ​ ទើប​ជីវ​ភាព​ប្រជា​ជន​នៅ​ទីនេះ​បាន​លើក​កម្ពស់។ ផ្តើម​ពី​នោះ​ ការ​យល់​ដឹង​របស់​មាមីង​ក្នុង​ការ​ថែទាំ​សុខ​ភាព​ បង្ការ​ទប់​ស្កាត់​ជំងឺ​ COVID -១៩ និង​ជំងឺ​គ្រុន​ឈាម​ដើម​រដូវ​ភ្លៀង ក៏​មាន​ការ​ល្អ​ប្រ​សើរ​ឡើង។ គ្រូពេទ្យ​ត្រឹង​ធី​ភឿង​យុង អនុ​ប្រធាន​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ ៩ ឱ្យ​ដឹង​៖ “ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​ការ​រៀប​ចំ​កម្លាំង បម្រើ​ការ​ងារ​ផ្នែក​សុខា​ភិបាល​ជា​ជន​ជាតិ​ខ្មែរ​ កាន់​តែ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជា​ជន​ពេល​មក​ពិនិត្យ​និង​ព្យា​បាល​ជំងឺ។ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ មាន​ប្រ​ជា​ជន​មក​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជាង​ ២០ លើក​នាក់​ មាន​ថ្ងៃ​ខ្លះ​ដំ​ណាក់​ទទួល​អ្នក​ជំងឺ​ប្រ​មាណ​ពី​ ៣០-៤០​លើក​នាក់​។ ដំណាក់​សុខា​ភិបាល​សង្កាត់​៩ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​កិច្ច​សហ​ការ​ជា​មួយ​នឹង​សហ​ការី​សុខា​ភិបាល​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ពី​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​រាល​ដាល​ ចំ​ណេះ​ដឹង​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ និង​អនុវត្ត​បាន​ល្អ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ ជំងឺ ​COVID-១៩ ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​ មាន​យល់​ដឹង​ និង​ចេះ​របៀប​ថែ​ទាំ​សុខ​ភាព​ និង​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន”។

ប្រជា​ជន​មក​ពិនិត្យ​ភ្នែក​នៅ​ដំណាក់​សុខា​ភិបាល​សង្កាត់​ ៩។

បច្ចុប្បន្ន​ ដំណាក់​សុខា​ភិបាល​មាន​កម្មា​ភិ​បាល​ពេទ្យ​ ៥រូប​ ក្នុង​នោះ​ គ្រូ​ពេទ្យ ​១ រូប​ជា​អនុ​ប្រធាន​ដំណាក់​សុខា​ភិបាល​ គិលា​នុប​ដ្ឋាក​៣ រូប​ និង​ឆ្មប ១ រូប​។ ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៣ ដំណាក់​សុខា​ភិបាល​សង្កាត់​ ៩ ពិនិត្យ​និង​ព្យា​បាល​ជូន​អ្នក​ជំងឺ​ជិត​ ៤០០ លើក​នាក់​; ថ្លឹង​តាម​ដាន​តារាង​ទម្ងន់​និង​កម្ពស់​របស់​កុមារ​អា​យុ​ក្រោម​ ២ ឆ្នាំ​ និង​ចាក់​វ៉ាក់​សាំង​បើក​ទូទៅ​ដល់​កុមារ​ ១០៨ នាក់​ ស្រ្តី​មាន​ផ្ទៃពោះ​ ១៩៣ នាក់​។ គ្រប់​គ្រង​និង​ព្យា​បាល​ជំងឺ​ HIV/AIDS ចំ​នួន​ ៣៤ ករណី អ្នក​ជំងឺ​គ្រុន​ឈាម​ ៨ ករណី និង​ជំងឺ​ភ្នែក​ ២៧ ករណី។ល។ ការ​ងារ​បង្ការ​ទប់​ស្កាត់​ កង្វះ​អា​ហា​រូបត្ថម្ភ​ចំ​ពោះ​កុមារ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ផង​ដែរ។

លោក​យាយ​ថាច់​ធី​សារ៉ូន នៅ​អនុ​សង្កាត់​ ៤ សង្កាត់​ ៩ ឱ្យ​ដឹង៖ “ខ្ញុំ​តែ​ងទៅ​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​យក​ថ្នាំ​ផឹក​រៀង​រាល់​ខែ។ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដំណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម ផ្តែ​ផ្តាំ​ពី​របៀប​ផឹក ថ្នាំ​សម្រាក ហូប​ចុក​ និង​ណែ​នាំ​បង្ការ​ជំងឺ​ ដោយ​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ខ្លាំង​ណាស់”៕

                              សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ