05/06/2023 - 11:02

ភាព​អ៊ូ​អរ​នៃ​ថ្ងៃ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ថ្នាក់​ពុទ្ធិកសិក្សា​

ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ ១ រោច ខែ​ពិសាខ នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ តែង​រៀប​ចំ​បើក​បវេស​នកាល​ថ្នាក់​ពុទ្ធិក​សិក្សា។ល។

ម៉ោង​រៀន​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី ២ របស់​សមណ​សិស្ស​និង​សិស្ស​វត្ត​ផ្នោរ​កំ​បុត។

វត្ត​ផ្នោរ​កំ​បុត​ ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ មាន​កិត្តិ​យស​ត្រូវ​បាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ស្រុក​ អនុញ្ញាត​ឱ្យ​បើក​ ៣ ថ្នាក់​ ក្នុង​នោះ​ ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​ ២ ថ្នាក់​និង​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ១ ថ្នាក់។ ជា​ទូទៅ​សមណ​សិស្ស​ថ្នាក់​ ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ តែង​បាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បញ្ជូន​ពី​វត្ត​នានា​និមន្ត​មក​សិក្សា​ និង​មាន​សមណ​សិស្ស​មួយ​ចំ​នួន​អង្គ​និមន្ត​មក​ពី​ខេត្ត​ក្រៅ​ ដូច​ជា អាង​យ៉ាង​ វិញ​ឡុង​ជា​ដើម។ សមណ​សិស្ស​យ័ញ​វ៉ូវ​បាវ​ នៅ​ស្រុក​ថ្វយ​សើុង ខេត្ត​អាង​យ៉ាង​ ពិត​ឱ្យ​ដឹង​៖ “អា​ត្មា​ភាព​បាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ប​ញ្ជូន​មក​សិក្សា​នៅ​វត្ត​ផ្នោរ​កំ​បុត។ និមន្ត​មក​សិក្សា​ទីនេះ​ បាន​ព្រះ​ចៅ​អធិការ​វត្ត​គិត​គូរ​កន្លែង​ស្នាក់នៅ​ឆាន់​ចុក​ព្រម​ទាំង​សិក្ខូប​ករណ៍​ទៀត​ផង។ អា​ត្មា​ភាព​នឹង​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​មិន​ឱ្យ​ខក​បំ​ណង​របស់​ព្រះ​អធិការ​ គណៈ​កម្ម​ការ​និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ផ្នោរកំ​បុត​ដែល​បាន​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​អា​ត្មា​ភាព​រៀន​សូត្រ”។

លោក​គឹម​ត្រឿង ប្រធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោរ​កំ​បុត​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​ភាសា​បាលី​និង​អក្សរ​ខ្មែរ​សម្រាប់​ប្អូន​ៗ​រដូវ​វិស្សម​កាល​និង​សមណ​សិស្ស​ដែល​និមន្ត​មក​ពី​ខេត្ត​នានា។ ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ខ្ញុំ​មាន​សោ​មនស្ស​រីក​រាយ​និង​ប្តេជ្ញា​ចិត្ត​ឧបត្ថម្ភ​ដើម្បី​សមណ​សិស្ស​ បេក្ខ​សិស្ស​មាន​សម្ភារៈ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ក្នុង​ដំ​ណាក់​កាល​រៀន​សូត្រ”។

ព្រះ​តេជ​ព្រះ​គុណ​គឹម​ឆាយ​វ៉ារីយ៍​ ព្រះ​ចៅ​អធិការ​វត្ត​ផ្នោរ​កំ​បុត​ មាន​ថេរ​ដី​កា៖ “វត្ត​បាន​ចាត់​ទុក​ការ​រៀប​ចំ​បើក​ថ្នាក់​រៀន​គឺ​ជា​កិច្ច​ការ​មួយ​ក្នុង​ចំ​ណោម​កិច្ច​ការ​ដ៏​សំ​ខាន់​ ញុាំង​ឱ្យ​វត្ត​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ ទាក់​ទាញ​សមណ​សិស្ស​ និង​សិស្ស​មក​ពី​តំ​បន់​ផ្សេងៗ។ ផ្តើម​ពី​នោះ​ រៀង​រាល់​ឆ្នាំ​វត្ត​តែង​ទទួល​សមណ​សិស្ស​និង​សិស្ស​រាប់​សិប​អង្គ​នាក់​មក​សិក្សា។ ឆ្នាំ​នេះ​ វត្ត​បើក​រៀន​ ៣ ថ្នាក់​ មាន​សមណ​សិស្ស​និង​សិស្ស​ ៩១ អង្គ​នាក់។ អា​ស្រ័យ​ការ​ត្រៀម​បម្រុងបាន​ល្អ​អំ​ពី​ធន​ធាន​មនុស្ស​សម្រាប់​បម្រើ​ការ​បង្ហាត់​បង្រៀន​ ក៏​ដូច​ជា​មូល​ដ្ឋាន​សម្ភារៈ​ កន្លែង​ស្នាក់​នៅ​ ចង្ហាន់​បិណ្ឌ​បាត្រ​បាន​គ្រប់​គ្រាន់​ ម្ល៉ោះ​ ហើយ​ ការ​រៀប​ចំ​បើក​ថ្នាក់​រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​មាន​ភាព​ងាយ​ស្រួល​ជាង”។

សមាគម​ព្រះ​សង្ឃ​សាម​គ្គីស្នេហា​ជាតិ​ស្រុក​ចូវ​ថាញ់​ បច្ចុប្បន្ន​មាន​ ១៧ វត្ត​គ្រប់​លក្ខណៈ​សម្បត្តិ​រៀប​ចំ​បើក​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​និង​មធ្យម​សិក្សា​ទុតិយ​ភូមិ។ អា​ស្រ័យ​ហេតុ​នោះ​ អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ថ្នាក់​ខេត្ត​ មក​ទល់​ពេល​នេះ​ វត្ត​នានា​តែង​ចូល​រៀន​ត្រូវ​តាម​ការ​កំ​ណត់។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ដើម​ឆ្នាំ​សិក្សា​ថ្មី​ បរិ​យាកាស​នៃ​ការ​បើក​បវេសន​កាល​សិក្សា​តាម​វត្ត​នានា​មាន​ភាព​អ៊ូ​អរ​ណាស់៕

                              សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ