នាយករដ្ឋមន្ត្រី ផាមមិញជិញ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤២ នៅទីក្រុងឡាប៉ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ សប្បាយរីករាយដែលបានឃើញទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍមានភាពល្អប្រសើរ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ បានសម្តែងនូវសេចក្តីរីករាយដែលបានជួបនាយករដ្ឋមន្ត្រី ហ៊ុនសែន និងអបអរសាទរកម្ពុជារៀបចំជោគជ័យពិធីបើកមហាសន្និបាតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ (ស៊ីហ្គេម ៣២) រួមចំណែកលើកស្ទួយមុខមាត់ប្រទេសជាតិក្នុងក្រសែភ្នែកមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ។
នាយករដ្ឋមន្ត្រី ជឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតរដ្ឋសភា នីតិកាល VII នៅខែកក្កដាខាងមុខប្រកបដោយជោគជ័យ រួមចំណែកលើកកម្ពស់គោលជំហររបស់កម្ពុជានៅក្នុងតំបន់និងពិភពលោក។
នាយករដ្ឋមន្ត្រី ហ៊ុនសែន គូសបញ្ជាក់ កម្ពុជា ជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ នាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងអំណរគុណវៀតណាមដែលបានយកចិត្តទុកដាក់ គាំទ្រ និងបញ្ជូនថ្នាក់ដឹកនាំទៅចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម និងរំភើបចិត្តយ៉ាងខ្លាំងដោយបានដឹងថា មានប្រជាជនវៀតណាមជាច្រើនបានមកទស្សនាស៊ីហ្គេមលើកទី ៣២ រួមចំណែកធ្វើឱ្យមហាសន្និបាតកីឡាទទួលបានជោគជ័យ។
ស្របក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងអំណរគុណចំពោះលោកអគ្គលេខា និងថ្នាក់ដឹកនាំវៀតណាម ដែលបានផ្ញើវាចាថ្វាយព្រះពរដល់ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីផ្ទាល់។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្ញើវាចាសួរសុខទុក្ខដោយភាពស្និទ្ធស្នាលចំពោះលោក អគ្គលេខា ង្វៀងភូត្រុង ប្រធានរដ្ឋ វ៉វ៉ាន់ថឿង ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងថ្នាក់ដឹកនាំវៀតណាម។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ សប្បាយរីករាយដែលបានឃើញការទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍មានភាពល្អប្រសើរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងជួបពិភាក្សា ដោះដូរការងារជារឿយៗ។ រាល់យន្តការសហប្រតិបត្តិការពង្រីកប្រកបដោយប្រសិទ្ធភាព ពិសេសគឺកិច្ចជំនួបកំពូលរវាងបក្សនៃប្រទេសទាំងពីរនៅខែកុម្ភៈកន្លងហើយ កិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងវៀតណាម-កម្ពុជាលើកទី ២០ សន្និសីទ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់ខេត្តនានានៅជាប់ព្រំដែនវៀតណាម-កម្ពុជា លើកទី ១២ ទទួលបានជោគជ័យល្អប្រសើរ។
ភាគីទាំងពីរបានឯកភាព នឹងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមចំណែកជួយគ្នាទៅវិញទៅមកដើម្បីកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព ផ្សារភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេស ក្នុងបរិបទទីផ្សារពិភពលោកកំពុងបង្រួញតូច។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលជាងទៀតសម្រាប់សកម្មភាពសហការវិនិយោគ ពាណិជ្ជកម្មរបស់អាជីវកម្មនៃប្រទេសទាំងពីរ សំខាន់គឺក្នុងវិស័យនានាដូចជាពាណិជ្ជកម្មនៅតំបន់ព្រំដែន សហការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជាប់ព្រំដែន ការអប់រំនិងបណ្តុះបណ្តាល…។
នាយករដ្ឋមន្ត្រី ផាមមិញជិញ គោរពអញ្ជើញ នាយករដ្ឋមន្ត្រី ហ៊ុនសែន មកបំពេញទស្សនាកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ៕
យោង៖ baodantoc.vn-មុនី