(TTXVN) - ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងជាសហប្រធានកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្រ្តនិងបច្ចេកទេស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមីនា។
រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង ពិគ្រោះយោបល់ជាមួយនឹងឯកឧត្តម ប្រាក់ សុខុន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
រូប៖ ឡឹមខាញ់ - TTXVN
ព្រឹកថ្ងៃទី ២១ ខែមីនា នៅអគារទទួលភ្ញៀវ រដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង រួមជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដំណើរការពិគ្រោះយោបល់។
នៅក្នុងកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រី ប៊ូយថាញសើុង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅវៀតណាមសាជាថ្មី។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងអំណរគុណរដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង ចំពោះការទទួលបដិសណ្ឋារៈយ៉ាងកក់ក្ដៅនិងអធិកអធមជាទីបំផុត។
ភាគីទាំងពីរ បានឯកភាពជំរុញនិងអនុវត្តល្អនូវដំណើរទស្សនកិច្ចជាន់ខ្ពស់; បន្តរក្សានិងពង្រីកប្រសិទ្ធភាពយន្តការសហប្រតិបត្តិការ ទ្វេភាគីដែលកំពុងមាន; អនុវត្តល្អនូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរ; ជំរុញតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងភូមិភាគនានា បំផុតគឺរវាងខេត្តជាប់ព្រំដែន; ជំរុញការងារកំណត់ព្រំដែនដែលនៅសេសសល់ ១៦% មិនទាន់សម្រេចការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែន ដើម្បីបន្តកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។
នៅវេលាព្រឹកថ្ងៃដដែលនេះ នៅហាណូយ រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង រួមជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
ឈរលើស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានដោះដូរយោបល់ស៊ីជម្រៅអំពីលទ្ធផលសហប្រតិបត្តិការរវាងក្រសួង គណៈ ផ្នែកនៃប្រទេសទាំងពីរក្នុងអំឡុងពេលកន្លង។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការដោះដូរ ពិគ្រោះយោបល់ជាន់ខ្ពស់ និងយន្តការទ្វេភាគី អនុវត្តមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង អនុសញ្ញាដែលបានចុះកិច្ចសន្យា; បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារប្រទេស; ជំរុញតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ; បន្តពង្រីកនិងរក្សាល្បឿនកំណើនពាណិជ្ជកម្ម វិនិយោគទ្វេភាគី; ត្រួតពិនិត្យដាក់ចេញនូវគោលនយោបាយ សមស្រប ដើម្បីដោះស្រាយការលំបាក ជាប់ជំពាក់ដល់អាជីវកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងទៀតលើវិស័យតភ្ជាប់គមនាគមន៍ទេសចរណ៍ កសិកម្ម រុក្ខកម្ម នេសាទកម្ម ប្រៃសនីយ៍សារគមនាគមន៍ និងព័ត៌មានវិទ្យាពលករ ហិរញ្ញវត្ថុនិងបរិស្ថាន។ល។ ជំរុញកិច្ចសហប្រតិបត្តិការរវាងភូមិភាគនានានៃប្រទេសទាំងពីរ និងសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV); បន្តជំរុញកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពក្នុងការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកឯកទេសវៀតណាម ដែលបានពលីជីវិតនៅប្រទេសកម្ពុជា។
បញ្ចប់សម័យប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស ប៊ូយថាញសើុង និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជំនួសមុខឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃសម័យប្រជុំ។ ភាគីទាំងពីរបានឯកភាពសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា នឹងធ្វើឡើងនៅប្រទេសកម្ពុជា នៅពេលវេលាសមស្របក្នុងឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ វិមាន