ក្រុងកឹងធើ បានរៀបចំសកម្មភាពជាច្រើន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៣ ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣/២/១៩៣០ -៣/២/២០២៣)។
សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនសញ្ញាលក្ខណ៍អាយុបក្សដល់បក្ខជន។ រូបថត៖ អាញយុង
តាមរយៈនោះ នៅថ្ងៃទី ៣-២-២០២៣ គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានរៀបចំយ៉ាងមហោឡារិក ពិធីជួបជុំរលឹកខួបអនុស្សាវរីយ៍ ៩៣ ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួម មានអតីតកម្មាភិបាលបដិវត្តន៍; អតីតថ្នាក់ដឹកនាំក្រុងកឹងធើគ្រប់សម័យកាល; បណ្តាសមមិត្តដែលជាថ្នាក់ដឹកនាំក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនក្រុង ។ល។ មុននោះ គណៈ ផ្នែក អង្គការមហាជន និងខណ្ឌ ស្រុកនានា លើភូមិសាស្រ្តក្រុង បានរៀបចំពិធីជួបជុំ ព្រមជាមួយនោះ ក៏បានរៀបចំនូវសកម្មភាពជាច្រើនឃោសនា អប់រំពីប្រពៃណីប្រវត្តិសាស្រ្ត ។ល។ ស្របក្នុងឱកាសថ្ងៃ ៣ កុម្ភៈ។ ជាក់ស្ដែងមានដូចជាៈ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់របស់ខណ្ឌកៃរុាំង បានរៀបចំពិធីទទួលនិងចែកជូនឆាយាលក្ខណ៍អ៊ំហូ ដល់សមាជិកនិងប្រជាជន។ អង្គភាពនានា ចំណុះសម្ព័ន្ធយុវជនក្រុង បានរៀបចំជាង ២៥ សកម្មភាពវិលមករកប្រភពឃោសនាផ្សព្វផ្សាយពីចំណេះដឹងប្រវត្តិសាស្រ្ត និងការស្ម័គ្រចិត្តដើម្បីសហគមន៍អប់រំពីប្រពៃណីប្រវត្តិសាស្ត្រដល់សមាជិកសម្ព័ន្ធយុវជននិងកុមារ។
ក្នុងឱកាសនៃពិធីជួបជុំ ថ្នាក់ដឹកនាំក្រុង ថ្នាក់ដឹកនាំនៃគណៈ ផ្នែក អង្គការមហាជន និងភូមិភាគនានា បានអានសុន្ទរកថា រំលឹកឡើងវិញនូវប្រពៃណីនៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ព្រមជាមួយនោះបញ្ជាក់ពីការកកើតនិងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេល ៩៣ ឆ្នាំកន្លង គឺជាកត្តាចម្បងសម្រេចរាល់ភាពជោគជ័យរបស់បដិវត្តន៍វៀតណាម។ បន្តវេននិងពង្រីកនូវប្រពៃណីដ៏ត្រចះត្រចង់របស់បក្ស គ្រប់អង្គការចាត់តាំងមូលដ្ឋានបក្សនៅក្រុងកឹងធើ បានខិតខំប្រឹងប្រែង ដឹកនាំកម្មាភិបាល បក្ខជន អនុវត្តសម្រេចល្អរាល់ភារកិច្ចនយោបាយដែលបានប្រគល់ឱ្យ; រួមចំណែកអនុវត្តសម្រេចជោគជ័យគ្រប់ទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ តាមស្មារតីនៃសេចក្ដីសម្រេចមហាសន្និបាតតំណាងបក្ខភាគក្រុងគ្រប់អាណត្តិ។
ស្របក្នុងឱកាសនេះ មានបក្ខជនជាច្រើន បានផ្ដល់ជូនសញ្ញាលក្ខណ៍អាយុបក្ស ៧៥ឆ្នាំ ៦៩ឆ្នាំ ៥៥ឆ្នាំ ៤៥ឆ្នាំ និង៤០ឆ្នាំនៃអាយុបក្ស៕
PV (សរុប) -ប្រែសម្រួលៈ ពេជ្រសឿន