ខេត្តវិញឡុង មិនប្រមូលសិស្សទាំងអស់ចូលរៀនផ្ទាល់ក្រោយពីបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២២ នោះទេ គឺបានបែងចែកឱ្យសិស្សចូលរៀនជាច្រើនលើក ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ។
តឹងមីជាឃុំមានសិស្សជនជាតិខ្មែរច្រើនបំផុតរបស់ស្រុកត្រាអូង។ ក្នុងរូប៖ សិស្សថ្នាក់ទី ៥ របស់សាលាបឋមសិក្សាតឹងមីA វាស់កម្ដៅ និងលាងដៃដោយទឹកអាល់កុល កម្ចាត់មេរោគមុនពេលចូលបន្ទប់រៀន។
តាមប្រសាសន៍លោកង្វៀងហ្វាងភុក អនុប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង អនុវត្តកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំខេត្ត ផ្នែកអប់រំបានកសាងផែនការបង្ហាត់បង្រៀនផ្ទាល់ដល់សិស្សជាច្រើនលើក។ លើកទី ១ មានសិស្សចូលរៀនផ្ទាល់ជាង ២៣.០០០ នាក់ ចំពោះថ្នាក់ទី ៩ និង ថ្នាក់ទី ១២ ចាប់ពីថ្ងៃទី ០៧ ខែកម្ភៈ ឆ្នាំ ២០២២។ លើកទី ២ ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានសិស្សជាង ៤៧.០០០នាក់ចំពោះថ្នាក់ទី ៥ ទី ៦ ទី ១០ ទី ១១។ លុះដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ សិស្សកម្រិតមតេ្តយ្យ និងចំណេះទូទៅនៅលើភូមិសាស្រ្តខេត្តវិញឡុង វិលមកចូលរៀនផ្ទាល់ឡើងវិញទាំងអស់។
នៅសាលាបឋមសិក្សាថាច់ធា ឃុំឡងមី ស្រុកតាមប៊ិញ ការងារត្រៀមបម្រុងបានសម្រេចរួចរាល់ ដើម្បីទទួលសិស្សទាំងអស់ចូលរៀន។ លោកគ្រូង្វៀងតឹងឡឹក នាយកសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ “គ្រូបង្រៀនបានស្ទង់មតិ និងមានការយល់ស្របខ្ពស់របស់អាណាព្យាបាលសិស្សព្រមឱ្យកូនចៅចូលរៀនផ្ទាល់នៅសាលា។ អំពីមូលដ្ឋានសម្ភារៈ សាលាបានអនាម័យរួម មានបន្ទប់ធ្វើចត្តាឡីស័ក និងមានក្រុមប្រតិកម្មរហ័សជំងឺ COVID-១៩។ល។ ពេលឃើញសាលាត្រៀមបម្រុងហ្មត់ចត់ដូច្នេះ អាណាព្យាបាលសិស្សកាន់តែទុកចិត្តពេលឱ្យកូនចៅចូលរៀន”។ បងដាវវ៉ាន់ឡើយ នៅភូមិតុងហឹង ឱ្យដឹង៖ “កូនៗនៅផ្ទះ យើងក៏ត្រូវមានអ្នកមើលថែដែរ ម្ល៉ោះហើយមិនអាចប្រមូលផ្តុំកម្លាំងដើម្បីធ្វើការរកស៊ី។ ខ្ញុំទន្ទឹងឱ្យតែសាលា បើកបង្រៀនឡើងវិញ ដើម្បីឱ្យកូនចូលរៀន ហើយកូនក៏ទទូលចង់ទៅរៀនជានិច្ច”។ លោកគ្រូថាច់វុឌ្ឍី បង្រៀនថ្នាក់ទី ៣ សាលាថាច់ធា បង្ហើបឱ្យដឹង៖ “មានសិស្សមួយចំនួនរៀនអនឡាញមិនយល់មេរៀន ហេតុនោះអាណាព្យាបាលសិស្សចង់ឱ្យកូនវិលមករៀនផ្ទាល់នៅក្នុងសាលាវិញ”។
នៅឃុំទ្រុងថាញ់ ស្រុកវុងលីម សិស្សានុសិស្ស ក៏រូតរះវិលមកសាលារៀនវិញដែរ។ បងហូហឺវហាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ “សាលាបឋមសិក្សាទ្រុងថាញ់ បានកសាងនៅក្បែរវត្តខ្មែរ លើភូមិសាស្រ្តភូមិទ្រុងត្រាច់ ជាភូមិមួយមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំ ម្ល៉ោះហើយមានសិស្សជនជាតិខ្មែររៀនសូត្រច្រើន។ ការងារត្រៀមបម្រុងបានសម្រេចរួចរាល់ អាណាព្យាបាលសិស្សស្ទើរតែទាំងអស់យល់ព្រមឱ្យកូនចៅចូលរៀនផ្ទាល់។ បំផុតគឺពេលអាណាព្យាបាលសិស្សឃើញសាលាអនុវិទ្យាល័យទ្រុងថាញ់ ចាត់តាំងឱ្យសិស្សថ្នាក់ទី ៩ រួចដល់ថ្នាក់ទី ៦ ចូលរៀនមានសុវត្ថិភាព”៕
ហាថាញ-វិមាន