វ៉ាន់មីវ-ក្វឹកទឺយ៉ាម នៅហាណូយ មិនត្រឹមតែជាអាសយដ្ឋានធ្លាប់ស្គាល់របស់បេក្ខជនមុនពេលប្រឡងម្ដងៗនោះទេ រមណីយដ្ឋាននេះក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរ នៅពេលធ្វើដំណើរមកកាន់ទឹកដីប្រវត្តិសាស្រ្តវប្បធម៌ពាន់ឆ្នាំ។
រមណីយដ្ឋានវ៉ាន់មីវ-ក្វឹកទឺយ៉ាម អវត្តមានភ្ញៀវទេសចរ ដោយសារជំងឺ COVID - ១៩។
ប្រជុំវ៉ាន់មីវ-ក្វឹកទឺយ៉ាម មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលរដ្ឋធានីហាណូយ ត្រង់ចន្លោះវិថីចំនួន ៤ ដែលមានមនុស្សម្នាកកកុញបំផុតគឺ វិថីង្វៀងថៃហុក តូងឌឹកថាំង វ៉ាន់មីវ និងក្វឹកទឺយ៉ាម។ ប្រសិនភ្ញៀវទេសចរជ្រើសរើសកន្លែងឈប់សម្រាក់នៅជិតបឹងហូហ្គឺម អាចនឹងដើរកម្សាន្ត “ ៣៦ សង្កាត់ក្រុង”របស់ហាណូយ មុនពេលចូលទៅទស្សនាវ៉ាន់មីវ។
វ៉ាន់មីវ-ក្វឹកទឺយ៉ាម តែងបានអ្នកជាច្រើន ជ្រើសរើសទៅទស្សនា ពីព្រោះរមណីយដ្ឋាននេះប្រកបដោយអត្ថន័យប្រវត្តិសាស្រ្តដ៏សំខាន់។ នេះជាមហាវិទ្យាល័យដំបូងបង្អស់របស់វៀតណាម។ ក្នុងរជ្ជកាលក្សត្រត្រកូលលី ពិសេសគឺរជ្ជកាលស្ដេចលីថាញតុង ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់ការសិក្សា និងឱ្យតម្លៃអ្នករៀន។ អាស្រ័យហេតុនោះ វ៉ាន់មីវ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១០៧០។ រហូតដល់ឆ្នាំ ១០៧៦ ស្ដេចលីញ៉ឹងតុង បង្កើតក្វឹកទឺយ៉ាម នៅក្បែរវ៉ាន់មីវ។ នេះជាមហាវិទ្យាល័យដំបូងបង្អស់របស់ប្រទេសយើង។ កាលទើបនឹងបង្កើត ក្វឹកទឺយ៉ាម សម្រាប់តែបណ្ដុះបណ្ដាលកូនចៅស្ដេច នាម៉ឺន មន្រ្តីប៉ុណ្ណោះ។ លុះដល់រជ្ជកាលក្សត្រត្រកូលត្រឹង ទីនេះត្រូវបានទទួលអ្នកដែលរៀនពូកែៗទាំងអស់ ទោះបីជាកូនចៅរាស្រ្តសាមញ្ញក៏ដោយ។ ស្ដេចត្រឹងថៃតុង ក៏បានប្ដូរឈ្មោះមហាវិទ្យាល័យនេះទៅជាវិទ្យាស្ថានជាតិ។ លុះដល់រជ្ជកាលបច្ឆាត្រកូលឡេ ស្ដេចឡេថៃតុង ឱ្យស្ថាបនាផ្ទាំងសិលាបណ្ឌិត ដើម្បីស្ងើចសរសើរចំពោះអ្នកដែលប្រឡងជាប់ សំដៅអប់រំដល់បច្ឆាជន។
បន្ទាប់ពីធ្វើការជួសជុលជាច្រើនសា ប្រជុំវ៉ាន់មីវ-ក្វឹកទឺយ៉ាម សព្វថ្ងៃស្ថិតនៅចំកណ្ដាលបរិវេណដ៏ធំទូលាយមួយ ដោយមានដើមឈើធំៗក្រាលម្លប់ត្រឈឹងត្រឈៃ។ ប្រជុំស្ថាបត្យកម្មនេះ បច្ចុប្បន្ន មានសំណង់តូចធំជាច្រើន គួរឱ្យចាប់អារម្មណ៍ ដូចជា បឹងហូវ៉ាន់ ខ្លោងទ្វារខាងក្រៅ ខ្លោងទ្វារដាយត្រុង ខ្វេរវ៉ាន់កាក អណ្ដូងធាងក្វាង ផ្ទាំងសិលាបណ្ឌិត ខ្លោងទ្វារដាយថាញ អាគារថៃហុក។ល។ ប្រជុំវ៉ាន់មីវ-ក្វឹកទឺយ៉ាម បានរចនាឡើងយ៉ាងប្រណីតមណ្ឌលនីមួយៗបានតាក់តែងឡើងតាមអ័ក្សជើង-ត្បូង។ ក្នុងនោះ អាគារសិក្សាគឺនៅខាងលិចនិងខាងកើតក្នុងល្វែងមួយៗមាន ១៤ បន្ទប់ដូចគ្នា។
ផ្ទាំងសិលាបណ្ឌិតក្នុងប្រជុំបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តថ្នាក់ជាតិ វ៉ាន់មីវ-ក្វឹកទឺយ៉ាម ជារមណីយដ្ឋានផ្ដល់នូវទំនុកចិត្តនិងក្ដីសង្ឃឹមរបស់បេក្ខជន។ នេះក៏ជាទីតាំងអភិរក្សប្រពៃណីសង្វាតរៀនសូត្រពាន់ឆ្នាំរបស់ជនជាតិ។ អាស្រ័យហេតុនេះ រមណីយដ្ឋានវ៉ាន់មីវ-ក្វឹកទឺយ៉ាម តែងបានភ្ញៀវទេសចរជ្រើសរើសជាគោលដៅចម្បង៕
ហាថាញ-ពេជ្រសឿន