កាលពីសប្ដាហ៍កន្លង ទទួលការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី; ប្រធានរដ្ឋ ង្វៀងស្វឹងភុក ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋ ង្វៀងស្វឹងភុក ជួបសវនាការជាមួយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ រូបថត៖ TTXVN
ក្នុងក្របខណ្ឌបំពេញទស្សនកិច្ច ប្រធានរដ្ឋ ង្វៀងស្វឹងភុក បានអញ្ជើញទៅជួបសវនាការ ជាមួយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។ ក្នុងឱកាសបំពេញទស្សកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្ដែងនូវក្ដីរីករាយចំពោះចំណងទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង” រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លង នឹងបន្តពង្រឹងនិងពង្រីកឥតឈប់ឈរ។ ទោះបីប្រឈមនឹងវិបត្តិជំងឺ COVID-១៩ ក៏កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សន្តិសុខ ការពារប្រទេស វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច តភ្ជាប់គមនាគមន៍ និងអប់រំ។ល។ នៅតែបន្តមានជំហានអភិវឌ្ឍន៍ថ្មី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជួយគ្នាទៅវិញទៅមកទាន់ពេល រវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់នឹងជំងឺ COVID -១៩។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអះអាង នឹងបន្តផ្ដល់អាទិភាពខ្ពស់បំផុត ហើយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រំចំណងមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋ ង្វៀងស្វឹងភុក បានអញ្ជើញចូលគាល់សម្ដេចមហាក្សត្រិយ៍នរោត្តម មុនិនាថ សីហនុ; ជួបសម្ដែងការគួរសម សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា; សម្តេចវិបុលសេនាភក្ដី សាយឈុំ ប្រធានព្រឹទ្ធសភា; សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។ ក្នុងជំនួបពិភាក្សាការងារថ្នាក់ដឹកនាំកម្ពុជា ទទួលត្រេកអរនិងវាយតម្លៃខ្ពស់ចំពោះអត្ថន័យដ៏ឧត្តុង្គឧត្តមនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជារបស់ប្រធានរដ្ឋ ង្វៀងស្វឹងភុក និងគណៈប្រតិភូជាន់ខ្ពស់ប្រទេសវៀតណាម ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែករឹតបន្តឹងចំណងទំនាក់ទំនងជិតខាង មិត្តភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំប្រទេសកម្ពុជា អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម អាស្រ័យដោយអគ្គលេខាបក្ស ង្វៀងភូត្រុង ជាប្រមុខ។ សម្ដែងនូវការជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម នឹងអនុវត្តជោគជ័យសេចក្ដីសម្រេចមហាសន្និបាតបក្សលើកទី XIII ។
ប្រធានរដ្ឋ ង្វៀងស្វឹងភុក សម្ដែងសេចក្ដីត្រេកអរចំពោះដំណើរទស្សនកិច្ចប្រទេសកម្ពុជា ម្ដងទៀតក្នុងមុខតំណែងថ្មី។ សាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រទេសកម្ពុជាជាបងប្អូនសម្រេចបានក្នុងរយៈពេលកន្លង។ ប្រធានរដ្ឋ ង្វៀងស្វឹងភុក ជឿជាក់ថា ក្រោមការគ្រប់គ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ចេញអស់ពីកម្លាំងកាយចិត្តរបស់ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជាជាបងប្អូន ព្រះរាជាណាចក្រកម្ពុជា នឹងបន្តការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងវឌ្ឍនភាព។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ ង្វៀងស្វឹងភុក ទៅកាន់ប្រទេសកម្ពុជា; វៀតណាមនិងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំខាន់ៗជាច្រើន សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពជិតស្និទ្ធរវាងវៀតណាម-កម្ពុជា ទន្ទឹមនឹងនោះ ក៏ជាការបង្ហាញដល់ប្រទេសនានាក្នុងតំបន់និងលើពិភពលោកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕
កាសែតកឹងធើភាសាខ្មែរ - ប្រែសម្រួល ៖ ពេជ្រ សឿន