កម្មាភិបាលដំណាក់សុខាភិបាលឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង ជម្នះលំបាក ដើម្បីអនុវត្តល្អការងារប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ និងថែទាំសុខភាពជូនប្រជាជន។
បុគ្គលិកដំណាក់សុខាភិបាលឃុំថាញ់ភូ យកសំណាកធ្វើតេស្តជំងឺCOVID-១៩ ក្នុងសហគមន៍។
តាមប្រសាសន៍លោក យ៉ីបក្វាងថាវ ប្រធានដំណាក់សុខាភិបាលឃុំថាញ់ភូ ដំណាក់មានកម្មាភិបាលបុគ្គលិកពេទ្យចំនួន ៨ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិត ២ នាក់។ បុគ្គលិកពេទ្យប្រចាំការនៅកន្លែងត្រួតពិនិត្យជំងឺ COVID-១៩ ផង ថែមទាំងចូលរួមផ្សព្វផ្សាយសារ ៥K ស្វែងរកធ្វើតេស្តទូទាំងប្រជាជន ដើម្បីញែកករណី F0 ចេញពីសហគមន៍បានទាន់ពេល។ បងឡឹមក្វឹកង៉ៀ កម្មាភិបាលដំណាក់សុខាភិបាលឃុំថាញ់ភូ ឱ្យដឹង៖ “យើងខ្ញុំបំពាក់ឧបករណ៍ការពារគ្រប់សព្វ អនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ជំហាននៃការយកសំណាកធ្វើតេស្តក្នុងសហគមន៍។ ការងារនេះ ថ្វីដ្បិតនឿយហត់ក៏ដោយ ប៉ុន្តែបានមាមីងគាំទ្រ សហការល្អ ទើបការងារយកសំណាកមានភាពងាយស្រួលនិងសម្រេចបានល្អ។ គួរឱ្យត្រេកអរ គឺមកទល់ពេលនេះ ឃុំថាញ់ភូគ្មានករណី F0”។ លោកថាច់មូល នៅភូមិព្រែកឆ្វេង ឱ្យដឹង៖ “នៅភូមិមានឧគ្ឃោសនសព្ទផ្សព្វផ្សាយពីជំងឺ COVID-១៩ ហើយខ្ញុំតែងតាមដានព័ត៌មានលើទូរទស្សន៍ជាប្រចាំ ដើម្បីយល់ដឹងពីផលប៉ះពាល់នៃជំងឺរាតត្បាត ម៉្លោះហើយខ្ញុំអនុវត្តយ៉ាងម៉ឺងម៉ាត់សារ ៥K មិនចេញទៅណាពេលគ្មានការចាំបាច់។ ពេលបុគ្គលិកពេទ្យមកដល់ ផ្ទះយកសំណាកធ្វើតេស្ត យើងខ្ញុំតែងរីករាយនិងសហការជានិច្ច ដើម្បីឆាប់រកឃើញករណីឆ្លងជំងឺ ទប់ស្កាត់មិនឱ្យរាលដាល”។
បុគ្គលិកដំណាក់សុខាភិបាលឃុំថាញ់ភូ កំពុងពិគ្រោះសុខភាពនិងចាក់ថ្នាំបង្ការជូនស្រ្តីមានផ្ទៃពោះ។
ទន្ទឹមនឹងនោះ កម្មាភិបាលដំណាក់សុខាភិបាលឃុំថាញ់ភូ នៅទាំងអនុវត្តល្អការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ មធ្យមភាគជារៀងរាល់ខែ ដំណាក់សុខាភិបាលឃុំទទួលពិនិត្យនិងផ្តល់ថ្នាំដល់អ្នកជំងឺប្រមាណជាង ៣០០ លើកនាក់។ វេជ្ជបណ្ឌិត យ៉ីបក្វាងថាវ ឱ្យដឹងបន្ថែម៖ “បុគ្គលិកពេទ្យពេលពិនិត្យជំងឺជូនប្រជាជន មានសម្លៀកបំពាក់ការពារគ្រប់សព្វ អ្នកមកពិនិត្យជំងឺតែងរក្សាគម្លាតពីគ្នា ២ ម៉ែត្រ និងអនុវត្តសារ ៥K។ ពិសេស ដំណាក់សុខាភិបាលផ្តល់លេខទូរស័ព្ទរបស់វេជ្ជបណ្ឌិត ដើម្បីមាមីងងាយស្រួលទាក់ទងក្នុងការពិនិត្យជំងឺ ជៀសវាងជួបប្រាស្រ័យផ្ទាល់។ ការពិនិត្យជំងឺបែបនេះត្រូវបានមាមីងគាំទ្រ ព្រោះធានាល្អដល់ការប្រយុទ្ធប្រឆាំងជំងឺ COVID-១៩”៕
យ៉ីអាញ-មុនី