ដុងថាប ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរចូលចិត្តស្វែងយល់ពីសម្រស់ធម្មជាតិ ក្នុងនោះ មានឧទ្យានជាតិត្រាមចីម មណ្ឌលកេរដំណែលហ្គថាប បឹងឈូកថាបម៉ើុយ ភូមិរបរដាំផ្កាតឹងក្វីដុង។ល។
នៅសងខាងផ្លូវភូមិរបរដាំផ្កាតឹងក្វីដុង មានដាក់លក់ផ្កាគ្រប់ប្រភេទ។ រូបថត៖ លីយ៉ាង
ចាស់ៗនៅដុងថាបបានប្រាប់ថារដូវ “ឈូកក្រហម” ចាប់ផ្តើមពេលផ្កាឈូករីកស្គុសស្គាយក្នុងបឹងដ៏ធំល្វឹងល្វើយ។ ភាគច្រើនផ្កាឈូកនៅដុងថាបមានពណ៌ក្រហម ម៉្លោះហើយដុងថាបត្រូវបានគេឱ្យឈ្មោះថាភូមិភាគ “ឈូកក្រហម”។ ភ្ញៀវទេសចរ មិនអាចស្មានបានថា រដូវផ្កាឈូករីកស្គុសស្គាយមានសម្រស់ស្អាតយ៉ាងណានោះទេ បើសិនជាមិនបានមកដល់បឹងឈូកថាប ម៉ើុយ។ សម្រស់ផ្កាឈូករីកស្គុសស្គាយពេញបឹងសម្លឹងមើលផុតកន្ទុយភ្នែក។ សម្រាប់ភ្ញៀវទេសចរចូលចិត្តថតរូប អញ្ជើញមកនារដូវផ្កាឈូករីកនឹងផ្តិតបានរូបភាពដ៏ស្អាតគួរជាទីគាប់ចិត្ត។
ជាលផ្កាត្រៀមបម្រុងនាំចេញទៅលក់។ រូបថត៖ លីយ៉ាង
បើសិនជាមានឱកាសមកកម្សាន្តនៅឧទ្យានជាតិត្រាមចីម ភ្ញៀវទេសចរអាចឆៀងចូលស្រុកកាវឡាញ់ ដើម្បីស្វែងយល់មណ្ឌលកេរដំណែលប្រវត្តិសាស្រ្តស៊ាវឃ្វិច។ កន្លែងនេះនៅអភិរក្សព្រៃស្មាច់ធម្មជាតិចំនួន ២០ ហិកតា ក្នុងចំណោមផ្ទៃដី ៥០ ហិកតារបស់មណ្ឌលកេរដំណែល។ នៅត្រាមចីម ភ្ញៀវទេសចរធ្វើដំណើរដោយកប៉ាល់ដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធលម្ហែអារម្មណ៍ជាមួយនឹងសម្រស់ធម្មជាតិព្រៃស្មាច់។ រីឯនៅស៊ាវឃ្វិច ភ្ញៀវទេសចរអង្គុយទូកលម្ហែអារម្មណ៍ក្រោមម្លប់ក្រអូបក្លិនផ្កាស្មាច់។
អង្គុយលើផ្ទះរត ពិសាត្រីផ្ទក់ស្រែចំហុយត្រួយឃ្លោកវេចស្លឹកឈូកខ្ចីនិងញាំុកំពឺសផ្កាស្នោរសជាតិឆ្ងាញ់ពិសា។ រូបថត៖ លីយ៉ាង
ចម្ការល្មើនៅដុងថាប។ រូបថត៖វ៉ាន់កុង
មកដល់ដុងថាប បើមិនបានឆៀងចូលកម្សាន្ត សួនផ្កានៅភូមិរបរតឹងក្វីដុង ប្រាកដជាស្តាយក្រោយ។ ភ្ញៀវទេសចរចង់គយគន់ផ្កា មិនចាំបាច់រង់ចាំដល់បុណ្យចូលឆ្នាំថ្មីវៀតណាមនោះទេ នៅទីនោះ ប្រជាជនដាំផ្កាទាំងប្រាំងវស្សានាំទៅលក់នៅគ្រប់កន្លែង ម៉្លោះហើយពេលណាភូមិរបរក៏មានផ្កាទាំងអស់។ ពិសេស បើសិនមកដល់តឹងក្វីដុងនៅពាក់កណ្តាលឆ្នាំ ភ្ញៀវទេសចរអាចនឹងដើរកម្សាន្តចម្ការល្មើបេះផ្លែទុំ ភ្លក់រសជាតិផ្លែល្មើដ៏ឆ្ងាញ់ពិសា។
ដំណើរកម្សាន្តនៅដុងថាប ភ្ញៀវទេសចរកុំភ្លេចឆៀងចូលភ្លក់រសជាតិគុយទាវសាឌ៊ាក និងនំចាក់អំបែងកាវឡាញ់។ល។ ពិសេសគឺម្ហូបត្រីផ្ទក់ដុតវេចស្លឹកឈូកខ្ចី ជ្រលក់ទឹកគ្រឿង។ មកកាន់ដុងថាបនៅរដូវទឹកជំនន់ ភ្ញៀវទេសចរនៅទាំងបានភ្លក់មុខម្ហូបដែលច្នៃពីត្រីលេញ ក្នុងនោះ មានម្ហូបត្រីលេញស្លម្ជូរ ផ្កាស្នោរសជាតិឆ្ងាញ់ពិសា ធ្វើឱ្យភ្ញៀវទេសចរមិនអាចបំភ្លេចបាន៕
ហាថាញ-មុនី