ក្រសួងមហាផ្ទៃទើបសហការជាមួយនឹងគណៈកម្មាធិការជនជាតិ រៀបចំកិច្ចប្រជុំស្ដីពីស្ថានភាពសកម្មភាពជំនឿសាសនា នៅតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០១៨ - ២០២០។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ ថ្លែងយោបល់ក្នុងអង្គប្រជុំ។
យោងតាមគណៈសាសនានៃរដ្ឋាភិបាល និងផ្នែកគ្រប់គ្រងរដ្ឋ ស្ដីពីសាសនា បច្ចុប្បន្ន មានជនជាតិភាគតិចអ្នកកាន់សាសនាជាង ២,៨ លាននាក់ ក្នុងនោះ អ្នកកាន់ពុទ្ធសាសនា ប្រហែល ៨,៧%; អ្នកកាន់សាសនាប្រូតេស្ដង់ ៦,១%; អ្នកកាន់សាសនាកាតូលិក ៣,៧%; អ្នកកាន់សាសនាឥស្លាម ០,៥៦%។ ក្រៅពីនោះ ភាគច្រើនជនជាតិភាគតិចនៅវៀតណាម សុទ្ធតែមានប្រវេណីជំនឿពហុទេពនិយម គឺគោរពបូជាអាទិទេពជាច្រើនអង្គផ្សេងៗគ្នា។
ដំណាក់កាល ២០១៨ - ២០២០ ច្បាប់ស្ដីពីជំនឿសាសនា និងអនុក្រឹត្យលេខ ១៦២/២០១៧ /NĐ-CP របស់រដ្ឋាភិបាល “បានចែងលម្អិតក្នុងមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្ដីពីជំនឿសាសនា” មានសុពលភាព និងអនុវត្តក្នុងជីវភាពជាបណ្ដើរៗ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ចាប់ពីមជ្ឈិមដល់មូលដ្ឋាន បានយកចិត្តទុកដាក់គិតគូរជីវភាពគ្រប់ផ្នែកដល់ជនរួមជាតិភាគតិច។ ក្នុងនោះ ការអនុវត្តនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ផ្តោតការយកចិត្តទុកដាក់ ឆ្លើយតបតាមតម្រូវការគោលបំណងចាំបាច់របស់ជនរួមជាតិភាគតិច អ្នកកាន់សាសនាត្រូវបានអនុវត្តល្អ។ ព្រោះហេតុដូច្នោះ សកម្មភាពជំនឿសាសនាក្នុងតំបន់ជនជាតិភាគតិចជាសារវន្តរក្សាបានលំនឹង អនុវត្តត្រឹមត្រូវតាមច្បាប់។ ជនរួមជាតិភាគតិចអ្នកកាន់សាសនារស់នៅ “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” តែងរក្សាទំនាក់ទំនងសមភាព សាមគ្គី ផ្សារភ្ជាប់នឹងសហគមន៍ ខ្នះខ្នែងចូលរួមរាល់ការចលនាអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមនៅភូមិភាគ អនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ល។
ក្នុងកិច្ចប្រជុំ តំណាងទាំងឡាយបានពិភាក្សារាល់បញ្ហាទាក់ទិនដល់ស្ថានភាពនៃសកម្មភាពជំនឿសាសនានៅតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០១៨-២០២០។ ក្នុងនោះ សំដៅពិភាក្សា វែកញែកអំពីលទ្ធផលសម្រេចបាន និងចំណុចខ្វះខាតក្នុងការងារគ្រប់គ្រងរដ្ឋចំពោះសកម្មភាពជំនឿសាសនា ក្នុងតំបន់ជនរួមជាតិភាគតិច។ ផ្ដើមពីនោះ បានលើកឡើងនូវដំណោះស្រាយ សម្រាប់អភិវឌ្ឍប្រភពធនធានសាសនា ក្នុងការកសាងប្រទេសជាតិ។ល។
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ គូសបញ្ជាក់ បញ្ហាជនជាតិនិងជំនឿសាសនា តែងដើរទន្ទឹមគ្នា មិនអាចផ្ដាច់ចេញបាន។ ក្នុងប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជាមួយនឹងប្រភពកម្លាំងនៃគោលនយោបាយជាក់ស្ដែងជាច្រើន ជីវភាពរបស់ជនរួមជាតិភាគតិចប្រទេសយើងមានភាពលំនឹង និងអភិវឌ្ឍន៍ជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ។ អនុរដ្ឋមន្រ្តី បញ្ជាក់បន្ថែម គប្បីបង្កើនការងារសហការរវាងគណៈកម្មាធិការជនជាតិនិងក្រសួងមហាផ្ទៃក្នុងវិស័យការងារជនជាតិ និងសាសនា។ ក្នុងនោះ សំខាន់គឺកិច្ចការសហការក្នុងការងារផ្សព្វផ្សាយ បណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងដល់កម្មាភិបាល សហការរៀបចំកិច្ចប្រជុំសិក្ខាសាលា វិទ្យាសាស្រ្ត គួបផ្សំបញ្ហាជនជាតិ សាសនា ក្នុងការផ្សព្វផ្សាយរាល់គោលនយោបាយជនជាតិ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍ - ប្រែសម្រួល៖ ថាច់ធី