ឆ្នាំនេះ ទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពយើងប្រារព្ធខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ បដិវត្តន៍ ខែសីហា និងបុណ្យជាតិ ២ កញ្ញា គឺជាព្រឹត្តិការណ៍ប្រកបដោយលក្ខណៈនៃយុគសម័យ បើកនូវទំព័រប្រវត្តិសាស្រ្តថ្មី ពោរពេញដោយភាពរុងរឿង ក្នុងដំណើរការកសាងនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម គឺនាំប្រទេសយើង ប្រជាជាតិយើង ឈានចូលយុគសម័យឯករាជ្យជាតិ ផ្សារភ្ជាប់នឹងសង្គមនិយម។
លោកប្រធានហូជីមិញ អានសេចក្ដីប្រកាសឯករាជ្យ នៅទីលានបាឌិញ ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥។ (រូប៖ ឯកសារ)
មុននេះ ៧៥ ឆ្នាំ ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ ប្រជាជនទូទាំងប្រទេស ក្រោកឡើងព្រមៗគ្នាធ្វើកុបកម្មទូទៅ ដណ្ដើមរដ្ឋអំណាច។ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែសីហា ការធ្វើកុបកម្មទូទៅបានបំផុសឡើងនិងដណ្តើមបានជ័យជម្នះនៅជនបទវាលរាបបាក់បូ ភាគច្រើនគឺនៅភាគកណ្ដាល មួយភាគនៅភាគខាងត្បូង និងនៅទីរួមខេត្តមួយចំនួន ដូចជា៖ បាក់យ៉ាង ហាយយឿង ហាតិញ ហោយអាង ក្វាងណាម។ល។ ថ្ងៃទី ១៩ ខែសីហា ធ្វើកុបកម្មដណ្តើមរដ្ឋអំណាចទទួលជ័យជម្នះនៅហាណូយ។ ថ្ងៃទី២៣ ខែសីហា ធ្វើកុបកម្មទទួលជ័យជម្នះនៅហ្វេ និងបាក់កាង ហ្វាប៊ិញ ហាយផុង ហាដុង ក្វាងប៊ិញ ក្វាងទ្រី ប៊ិញឌិញ យ៉ាឡាយ បាកលីវ។ល។ ថ្ងៃទី២៥ ខែសីហា ធ្វើកុបកម្មទទួលជ័យជម្នះនៅសាយហ្គង-យ៉ាឌិញ កនតុម សុកត្រាំង វិញឡុង ត្រាវិញ បៀងហ្វា តីនិញ បេនត្រែ។ល។ នៅកោះកូងដាវ បក្ខភាគពន្ធនាគារកោះកូងដាវ បានដឹកនាំយុទ្ធជនបដិវត្តន៍ដែលជាប់ពន្ធនាគារ ក្រោកឡើងដណ្ដើមរដ្ឋអំណាច។ គ្រាន់តែអំឡុងពេល១៥ថ្ងៃចុងខែសីហា ឆ្នាំ ១៩៤៥ ការធ្វើកុបកម្មទូទៅដណ្ដើមបានជ័យជម្នះទាំងស្រុង រដ្ឋអំណាចក្នុងទូទាំងប្រទេសបានមកលើប្រជាជន។
ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) ជាប្រវត្តិសាស្រ្ត ការធ្វើមិទ្ទិញនៅចំពោះមុខជនរួមជាតិជិតមួយលាននាក់ លោកប្រធានហូជីមិញ ជំនួសមុខឲ្យរដ្ឋាភិបាលបណ្តោះអាសន្ន អានសេចក្តីប្រកាសឯករាជ្យ ប្រកាសចំពោះមុខប្រជាពលរដ្ឋនិងពិភពលោក៖ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានបង្កើតឡើង (ឥឡូវនេះគឺ សាធារណរដ្ឋសង្គមនិយមវៀតណាម)។
បដិវត្តន៍ខែសីហា គឺជាលទ្ធផលនៃដំណាក់កាលមួយតស៊ូយូរអង្វែង មោះមុត មិនចុះញ៉មរបស់ប្រជាជនយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់បក្ស និងលោកប្រធានហូជីមិញ។ ត្រូវបានលត់ដំក្នុងការសាកល្បងដ៏លំបាក ក្នុងសមរភូមិ ប្រយុទ្ធតស៊ូ ឆ្លងតាមរយៈជំនោរបដិវត្តន៍ បក្សយើង សន្សឹមៗមានភាពរឹងមាំ កសាងនិងអភិវឌ្ឍអង្គការផ្សារភ្ជាប់នឹងកម្លាំងមហាជនបដិវត្តន៍ បង្កើតនិងចាប់យកឱកាស ដឹកនាំប្រជាជនក្រោកឡើងធ្វើកុបកម្មទូទៅដណ្ដើមរដ្ឋអំណាចបានមកលើប្រជាជន។
ជ័យជម្នះដ៏មហិមានៃបដិវត្តន៍ខែសីហា បានផ្ដួលរំលំរបបអាណានិគមបារាំង និងចក្រពត្តិអាមេរិករាប់រយឆ្នាំ លុបបំបាត់របបសក្តិភូមិរាប់ពាន់ឆ្នាំ បង្កើតខឿនសាធារណរដ្ឋប្រជាធិបតេយ្យ នាំប្រទេសវៀតណាមឈានចូលយុគសម័យមួយថ្មី សម័យឯករាជ្យជាតិនិងសង្គមនិយម។
បដិវត្តន៍ខែសីហា គឺជាការប្រមូលផ្ដុំនៃស្មារតី ឆន្ទៈឈានឡើងដោយខ្លួនឯងនិងគំនិតបញ្ញានៃមនុស្សវៀតណាម និងជាប្រពៃណីប្រវត្តិសាស្រ្ត និងវប្បធម៌វៀតណាម។ ជ័យជម្នះនៃបដិវត្តន៍ ខែសីហា គឺជាជ័យជម្នះលទ្ធិម៉ាក្ស-លេនីន បានអនុវត្តដោយគំនិតច្នៃប្រតិដ្ឋទៅក្នុងស្ថានភាពនៅវៀតណាម គឺជាជ័យជម្នះផ្ដើមពីឧត្តមគតិហូជីមិញ និងគោលមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ ពោរពេញដោយគំនិតច្នៃប្រតិដ្ឋរបស់បក្សយើង ផ្សារភ្ជាប់ឯករាជ្យជាតិ នឹងសង្គមនិយម ផ្សារភ្ជាប់កម្លាំងប្រជាជាតិនឹងកម្លាំងយុគសម័យ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់នៃកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ។
ខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំបដិវត្តន៍ខែសីហា និងបុណ្យជាតិ ២ កញ្ញា ក្នុងស្ថានភាពទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង កំពុងបញ្ចេញកម្លាំងប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាត បក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត លើកទី XIII របស់បក្ស ក្នុងនោះទូទាំងប្រព័ន្ធនយោបាយកំពុងពង្រីកកម្លាំងជាមួយនឹងស្មារតី៖ “ប្រឆាំងជំងឺ ដូចប្រឆាំងសត្រូវ” ដើម្បីទទួលជ័យជម្នះលើជំងឺរាលដាលដ៏កាចសាហាវ COVID-១៩។ ជាងពេលណាទាំងអស់ យើងកាន់តែយល់ច្បាស់ជាងទៀតនូវតម្លៃនិងមេរៀនពិសោធន៍ដ៏មានតម្លៃនៃបដិវត្តន៍ខែសីហា ដើម្បីអនុវត្តនៅក្នុងការកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន៕
កាសែតកឹងធើភាសាខ្មែរ -វិមាន