09/03/2020 - 16:07

រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​

វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច​ដុង ក្រុង​បាក​លីវ ខេត្ត​បាក​លីវ  មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​បែប​ជំនឿ​សាសនា​របស់​ខេត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្បី​ឈ្មោះ​ដោយ​ការ​រក្សា​វប្ប​ធម៌​សិល្បៈ​ប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។​ ព្រោះ​ហេតុ​នោះ ពេល​ភ្ញៀវ​ទេស​ចរ​មក​ដល់​ទី​នេះ មិន​ត្រឹម​តែ​បាន​ទស្សនា​ភាព​ស្រស់​ស្អាត​និង​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​របស់​វត្ត​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បាន​ស្ដាប់​បទ​ភ្លេង​ពិណ​ពាទ្យ​និង​បាន​ទស្សនា​របាំ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​បាន​ថែ​រក្សា​និង​ពង្រីក​ជា​ច្រើន​ជំនាន់​មក​ហើយ​ផង​។​ 

ក្រុម​របាំ​សម្ដែង​បម្រើ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​នៅ​វត្ត​គម្ពីរ​សាគរ​។​

ក្រុម​សិល្បៈ​ខ្មែរ​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​បាន​បង្កើត​ច្រើន​ឆ្នាំ​មក​ហើយ រួម​មាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​និង​ក្រុម​របាំ​ មាន​គ្នា​សរុប​ជាង​២​០​នាក់​។​ សព្វ​ថ្ងៃ​ គ្រឿង​សម្លៀក​បំ​ពាក់ មកុដ​និង​គ្រឿង​ឧបករណ៍​ផ្សេង​ៗ​សម្រាប់​ក្រុម​សិល្បៈ​គឺ​អា​ស្រ័យ​វត្ត​រ៉ាប់​រង​ទាំង​ស្រុង​។​  ជា​ច្រើន​ឆ្នាំ​មក​នេះ​ ក្រុម​សិល្បៈ​របស់​វត្ត​មិន​ត្រឹម​តែ​សម្ដែង​បម្រើ​ក្នុង​វត្ត​ ឬ​ក្នុង​ពិធី​បុណ្យ​ទាន​ក្នុង​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទៅ​សម្ដែង​បម្រើ​ក្នុង​ពិធី​ជួប​ជុំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​បុណ្យ​សម្ពោធ​ផ្សេង​ៗ​នៅ​វត្ត​នានា​ទៀត​ផង​។​ លោក​ថាច់​សេដ្ឋ ប្រ​ធាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ ឱ្យដឹង​៖ "ភ្លេង​ពិណ​ពាទ្យ​របស់​វត្ត​បាន​ចាត់​ទុក​ថា​ល្បី​ល្បាញ​ក្នុង​ខេត្ត​។​ ខណៈ​ពេល​វត្ត​បាន​ជាវ​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ អ្នក​ដែល​ចេះ​ភ្លេង​ក៏​នាំ​គ្នា​មក​វត្ត​ហាត់​ប្រ​គុំជា​មួយ​គ្នា​។​ ជាង​២​០​ឆ្នាំ​មក​នេះ ​កាល​បើ​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឬ​មានបុណ្យ​ទាន​ផ្សេង​ៗក្នុងវត្ត សំ​ឡេង​ភ្លេង​ពិណ​ពាទ្យ​បាន​លាន់​ឮ​ឡើង ញ៉ាំង​ឱ្យ​បរិយា​កាស​កាន់​តែ​មាន​ភាព​អ៊ូ​អរ សប្បាយ​រីក​រាយ​។​  ក្រៅ​ពីសម្ដែង​បម្រើ​ក្នុង​វត្ត​ គិត​មធ្យ​ភាគ​ក្នុង​មួយ​ខែ​ក្រុម​ភ្លេង​ពិណ​ពាទ្យ បាន​ទៅ​សម្ដែង​បម្រើ​ក្នុង​កម្ម​វិធី​បុណ្យ​ជាង​១​៥​រោង​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​"។​  បង​ស្រី​ថាច់​ធីធារី អ្នក​បង្ហាត់​របាំ ឱ្យដឹង​៖ "ប្អូន​ៗ​ក្នុង​ក្រុម​នរណា​ក៏​ចូល​ចិត្ត​សិល្បៈ​ បាន​ជា​រាល់​ក្បាច់​របាំ​ដូច​ជា​ របាំ​អប្សរា​ របាំ​ជូន​ពរ របាំ​ទេព​មនោ​រម្យ​ ។ល។​ គឺ​រៀន​ឆាប់​ចេះ​និង​សម្ដែង​បាន​ល្អ​។​ រយៈ​ពេល​៧​ឆ្នាំ​មក​នេះ ក្រុម​របាំ​តែង​ត្រៀម​លក្ខណៈ​សម្ដែង​បម្រើ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន ឬ​សម្ដែង​ជូន​ភ្ញៀវ​ទេស​ចរ​ពេល​មាន​តម្រូវ​ការ​កម្សាន្ត​ជា​ដើម​"។​

ព្រះ​តេជព្រះ​គុណ​យ័ញ​ក្វឹ​ង ព្រះ​ចៅ​អធិការ​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ មាន​ថេរដី​កា​៖ "ក្រុម​សិល្បៈ​របស់​វត្ត​បាន​បង្កើត​ឡើង​ស្រប​នឹង​បំ​ណង​ទឹក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត ​។​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ សិល្បៈ​គឺ​ជា​កត្ដា​ស្មារតី​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​។​ វត្ត​គឺជា​កន្លែង​រក្សា​និង​ពង្រីក​វប្បធម៌​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ​។​ អា​ស្រ័យ​ហេតុ​នោះ ក្រុម​សិល្បៈ​របស់​វត្ត​មិន​គ្រាន់​តែ​សម្ដែង​បម្រើ​តម្រូវ​ការ​កម្សាន្ត​វប្ប​ធម៌​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌ ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​តាំង​ពី​ច្រើន​ជំនាន់​មក​ទៀត​ផង"៕

លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ