គណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ទើបប្រកាសជាធរមាន សារលិខិតលេខ ១៤៧៥-CV/TU អំពីការលើកកម្ពស់ដឹកនាំការងារបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើង លើភូមិសាស្រ្តក្រុងកឹងធើ។
បុគ្គលិកពេទ្យបាញ់ថ្នាំកម្ចាត់មេរោគនៅសាលាវិទ្យាល័យហ្វាងយីវ ក្រុងសុកត្រាំង។
រូបថត៖ លីធាន
តាមរយៈនោះ គណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុង សំណូមពរដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងក្រុង គប្បីផ្តុំកម្លាំងអនុវត្តយ៉ាងមោះមុតនូវភារកិច្ចសំខាន់ៗ មួយចំនួន ដូច៖ បញ្រ្ជាបផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព សារលិខិតលេខ៧៩-CV/TW ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០របស់គណៈលេខាមជ្ឈិម និងបទបញ្ជាលេខ០៥/CT-TTg ចុះថ្ងៃទី២៨ ខែមករាឆ្នាំ២០២០ របស់នាយកមន្រ្តីនៃរដ្ឋាភិបាលអំពីការបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើង ចាត់ទុកការងារបង្ការ ទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើងនេះ ជាភារកិច្ចនយោបាយដ៏សំខាន់ ចាំបាច់ ត្រូវតែផ្តុំកម្លាំងដឹកនាំតាមកិច្ចចង្អុលការរបស់គណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ គ្រប់ភូមិភាគ ស្ថាប័ន អង្គភាពនិងទូទាំងប្រព័ន្ធនយោបាយក្នុងក្រុង។ ប្រព័ន្ធប្រជាចលនា រណសិរ្សមាតុភូមិ និងអង្គការមហាជនក្នុងទូទាំងក្រុង គប្បីជំរុញខ្លាំងក្លាការងារឃោសនា ផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងក្នុងមជ្ឈដ្ឋានប្រជាជនក្រុង អំពីភាពគ្រោះថ្នាក់ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើង ក្តោបក្តាប់ និងវិនិច្ឆ័យព័ត៌មានទាន់ពេល ច្បាស់លាស់អំពីស្ថានភាពជំងឺរីករាលដាល ដើម្បីជូនដំណឹង ផ្តល់អនុសាសន៍ ចលនា ណែនាំពីវិធានការបច្ចេកទេសដល់ប្រជាជន សំដៅម្ចាស់ការបង្ការបញ្ជៀសប្រកបដោយប្រសិទ្ធភាពនៅនឹងគ្រួសារ សហគមន៍ មណ្ឌលតាំងទីលំនៅ។ សហការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ត្រូវតាមច្បាប់ចំពោះករណីបង្ហោះព័ត៌មានមិនពិត បង្កឱ្យមានភាពជ្រួលច្របល់ ប៉ះពាល់ដល់ជីវភាពប្រជាជន។
អនុវត្តបទបញ្ជារបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្រុងកឹងធើ ឱ្យសិស្ស និស្សិត សម្រាករៀនតិចបំផុតមួយសប្តាហ៍ ក្រោយពីបុណ្យចូលឆ្នាំវៀតណាម ខណៈពេលនេះដែរ ក្រុងកំពុងខិតខំប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់ការងារបង្ការទប់ស្កាត់ជំងឺនេះ។
* ខេត្តសុកត្រាំង ក៏កំពុងផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់ វិធានការបង្កើនការងារបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើង។
ដើមខែកុម្ភៈ បច្ចុប្បន្ន ខេត្តគ្មានករណីណាសង្ស័យឬឆ្លងវីរុសកូរ៉ូណា nCoV ណាមួយឡើយ ប៉ុន្តែ ខេត្តបានត្រៀមលក្ខណៈជាស្រេចរាល់វិធានការទប់ទល់ពេលមានករណីឆ្លង ឬសង្ស័យ ឆ្លងវីរុសកូរ៉ូណា nCoV ។ លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖ "ខេត្តចង្អុលការដល់ផ្នែកសុខាភិបាល ត្រៀមជាស្រេចវិធានការបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា (nCoV) បង្កឡើង គប្បីធ្វើជាក់ច្បាស់ ជិតដិតនឹងស្ថានភាពជាក់ស្តែងរបស់ខេត្ត។ តាមរយៈនោះ បានគូសបញ្ជាក់ពីលក្ខណៈសំខាន់នៃការរៀបចំបន្ទប់សម្រាកព្យាបាល មណ្ឌលដាក់អ្នកផ្ទុកជំងឺឬសង្ស័យឆ្លងវីរុស nCoV នៅដាច់ដោយឡែក ម្ចាស់ការបង្កើតក្រុមប្រតិកម្មរហ័សនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខាភិបាលនៅតាមស្រុក ជំរុញការផ្សព្វផ្សាយលើកកម្ពស់ស្មារតីយល់ដឹងក្នុងប្រជាជន អំពីរោគឆ្លងរាលដាល មិនត្រូវមើលស្រាលឡើយ។ ជាពិសេស ចង្អុលការដល់ផ្នែកអប់រំឱ្យសិស្សសម្រាករៀន ដើម្បីធ្វើអនាម័យបរិស្ថានសាលា ធានាសុវត្ថិភាពដល់សិស្សពេលចូលរៀន៕
យោង៖ baocantho.com.vn លីធាន-មុនី