សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃ៦ដល់ថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៨ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ដោះដូរជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងដំណើរទៅកាន់ទីស្នាក់ការនៃរដ្ឋាភិបាល ដើម្បីពិភាក្សាការងារ។
ស្ថិតក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រី ហ៊ុនសែន បានពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក បានជួបសម្តែងការគួរសមជាមួយអគ្គលេខា ប្រធានរដ្ឋង្វៀនភូត្រុង បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹន; ជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា និងចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា។ ស្របក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍វីរយុទ្ធជនពលី ដាក់កម្រងផ្កានៅវិមានតម្កល់សព លោកប្រធានហូជីមិញ។ ក្នុងកិច្ចប្រជុំទំនាក់ទំនងនេះ ភាគីទាំងពីរបានគូសបញ្ជាក់ វៀតណាមនិងកម្ពុជា មានទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាព និងសហប្រតិបត្តិការជាប្រវេណីល្អប្រសើរ ប្រកៀកស្មាគ្នាតស៊ូសម្រាប់ឯករាជ្យជាតិ។ ទំនាក់ទំនងនេះ គឺជាសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ បានពូនជ្រំដោយការពលីកម្មសាច់ស្រស់ ឈាមស្រស់របស់បុព្វបុរស អាស្រ័យហេតុនោះ គប្បីបន្តការរក្សានិងពង្រីកមិនត្រឹមតែគិតពីប្រយោជន៍ចំពោះមុខប៉ុណ្ណោះទេ នៅទាំងគិតគូរដល់ស្រទាប់យុវវ័យជំនាន់ក្រោយទៀត។
ភាគីទាំងពីរបានឯកភាពគ្នារៀបចំយ៉ាងឱឡារិកនូវសកម្មភាពរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត(០៧/០១/១៩៧៩-០៧/០១/២០១៩) នៅប្រទេសទាំងពីរ សំដៅធ្វើឲ្យកាន់តែដិតជាប់និងអប់រំប្រវេណីដល់ស្រទាប់យុវវ័យវៀតណាមនិងកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នា ស្តីពីទិសដៅធំៗដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរតាមគោលលំនាំ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង”។ ភាគីទាំងពីរបានឯកភាពបង្កើនថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារប្រទេស-សន្តិសុខ ដើម្បីការពាររឹងមាំបរិស្ថានសន្តិភាព សន្តិសុខស្ថិរភាពរបស់ប្រទេសរៀងៗខ្លួន; មិនងាករេពីគោលការណ៍ មិនអនុញ្ញាតឲ្យកម្លាំងអានុភាពអមិត្តណាមួយ ប្រើប្រាស់ទឹកដីប្រទេសខ្លួនដើម្បីគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសផ្សេង; សហប្រតិបត្តិការស្អិតល្មួត បង្ការទប់ស្កាត់រាល់ឧក្រឹដ្ឋកម្ម ធានាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន។
ស្របក្នុងឱកាសនេះ ភាគីទាំងពីរបានរួមធ្វើសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៥ មានដូច៖ អនុស្សរណៈយោគយល់ថ្នាក់រដ្ឋាភិបាល ស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន វៀតណាម-កម្ពុជា ដំណាក់កាល២០១៨-២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣០; អនុស្សរណៈយោគយល់ស្តីពីការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន; អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យអប់រំ; កំណត់ហេតុកិច្ចប្រជុំរវាងប្រធានគណៈកម្មាធិការ ចម្រុះខណ្ឌសីមាព្រំដែន កត់សម្គាល់ប្រមាណ៨៤%នៃការងារខណ្ឌសីមាព្រំដែន លើទីតាំងភូមិសាស្រ្តជាក់ស្តែងរវាងប្រទេសទាំងពីរ និងផែនការការងារក្នុងពេលខាងមុខរបស់ភាគីទាំងពីរ; កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រើប្រាស់ប្រភពទុនជំនួយឥតសំណងរបស់វៀតណាម ដើម្បីអនុវត្តគម្រោងវិនិយោគកសាងផ្នែកសំណង់មួយចំនួនចំណុះគម្រោងមជ្ឈមណ្ឌលផ្ដល់សេវាកម្មព្យាបាលអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅសហគមន៍ខេត្តព្រះសីហនុព្រះរាជាណាចក្រកម្ពុជា៕
យោង៖-វិមាន