ពានរង្វាន់ប្រណាំងទូក-ងប្រវេណីរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង គឺជាសកម្មភាពដ៏សំខាន់ក្នុងសប្តាហ៍នៃពិធីបុណ្យអកអំបុកប្រណាំងទូក-ង ខេត្តសុកត្រាំង ឆ្នាំ២០១៨ ទើបបានបញ្ចប់ដោយបរិបូរ។ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្រុមទូកនានាបានបន្សល់នូវចំណាប់អារម្មណ៍ដ៏ល្អក្នុងទឹកចិត្តទស្សនិកជន។ ពិសេសគឺក្រុមទូកដែល ទទួលបានជ័យជម្នះពោរពេញដោយភាពសប្បាយរីករាយហើយនេះគឺជារង្វាន់ដ៏ស័ក្តិសមនៃរយៈកាលហាត់សម និងប្រកួតយ៉ាងស្វិតស្វាញ។
កីឡាករវត្តមុនីសោភ័ណពងទឹកចាស់ សប្បាយរីករាយពេលទទួលបានជ័យជម្នះ។
ក្នុងការប្រណាំង៥ជុំ ទូក-ងវត្តមុនីសោភ័ណពងទឹកចាស់ ស្រុកថាញ់ទ្រី បានបង្ហាញ់នូវលទ្ធភាពរបស់ខ្លួន ហើយតែងយកឈ្នះលើគូប្រកួត ដើម្បីឈរកំពូលតារាង។ ពេលចូលវគ្គផ្តាច់ព្រ័ត្រ ជួបនឹងទូកកាន់តំណែងជើងឯក២ឆ្នាំបន្តបន្ទាប់ (ឆ្នាំ២០១៦-២០១៧)នោះ គឺទូក-ងវត្តនរេន្ទរង្សី (អុងខ) ប៉ុន្តែទូកវត្តមុនីសោភ័ណពងទឹកចាស់នៅតែប្តេជ្ញាប្រកួតយ៉ាងស្វិតស្វាញ។ លោកសើុនសុខហៀង ប្រធានក្រុមកីឡាករទូកវត្តមុនីសោភ័ណពងទឹកចាស់ ឲ្យដឹង៖ “ឆ្នាំ២០១៧ នៅវគ្គផ្តាច់ព្រ័ត្រ ទូកយើងខ្ញុំចាញ់ទូកវត្តអុងខ។ ឆ្នាំនេះ ជួបគ្នាសាជាថ្មីនៅវគ្គផ្តាច់ព្រ័ត្រដដែល ម៉្លោះហើយយើងខ្ញុំមានការបារម្ភជាខ្លាំង! ខ្ញុំតែងលើកទឹកចិត្តបងប្អូនកីឡាករ សាមគ្គី ជឿជាក់ ខំប្រឹងប្រណាំងអស់ពីសមត្ថភាព”។ ឆ្នាំ២០១៨ វត្តមុនីសោភ័ណពងទឹកចាស់បោះទូក-ងថ្មី និងហាត់សមមានរបៀបរៀបរយល្អប្រសើរជាង។ មុនប្រកួតជាង១ខែ ឲ្យតែដល់វេលាម៉ោង១៥ គឺកីឡាករជួបជុំគ្នានៅវត្តហាត់សមរហូតដល់ម៉ោង១៧។ ចាប់ពីឆ្នាំ២០១១មកទល់នឹងបច្ចុប្បន្ន ទូកវត្ត មុនីសោភ័ណពងទឹកចាស់ទទួល បានពានរង្វាន់ជើងឯក៣លើក។ កីឡាករយឿងមិញទ្រី ឲ្យដឹង៖ “ទូកវត្តមុនីសោភ័ណពងទឹកចាស់តែងសម្រេចបានរង្វាន់ខ្ពស់ អន់បំផុតក៏បានលេខ៣ដែរ។ ក្នុងពេលហាត់សមនិងប្រកួត យើងខ្ញុំគោរពតាមលក្ខន្តិកៈ។ នៅវគ្គផ្តាច់ព្រ័ត្រ ពេលជួបនឹងទូកពូកែ យើងខ្ញុំខំប្រឹងអស់ពីសមត្ថភាព កាន់ច្រវាឲ្យមាំខំប្រឹងអុំតាមសម្លេងកញ្ចែ។ ពេលអាជ្ញាកណ្តាលអញ្ជើញតំណាងទូកទាំងពីរមើលលទ្ធផលលើកញ្ចក់ទូរទស្សន៍ ដើម្បីបែងឈ្នះចាញ់ សមាជិកទាំងអស់ក្នុងក្រុមស្ងៀមស្ងាត់និងញាប់ញ័រ។ ពេលឮថាក្រុមទូកយើងឈ្នះ យើងខ្ញុំរំភើបចិត្ត ច្រៀង រាំ ភ្លេចអស់ទាំងការនឿយហត់ និងមានមោទនភាពយ៉ាងក្រៃលែង”។
ទូក-ងនារីវត្តបទុមរង្សីទំនប់ផ្លោះទៅកាន់គោលដៅ យកឈ្នះលើទូកវត្តកោះធំ (បាកលីវ)
នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
ឯទូក-ងនារីវត្តបទុមរង្សីទំនប់ ស្រុកចូវថាញ់ តាំងពីវគ្គប្រណាំងដំបូង ត្រូវបានមជ្ឈដ្ឋានអ្នកជំនាញនិងអ្នកគាំទ្រវាយតម្លៃខ្ពស់ពីយុទ្ធសាស្រ្តអុំ។ តាំងពីវគ្គជម្រុះដល់វគ្គ ផ្តាច់ព្រ័ត្រ ទូក-ងនារីវត្តបទុមរង្សីទំនប់ តែងបង្ហាញពីយុទ្ធសាស្រ្តអុំស្មើច្រវាតាមសម្លេងកញ្ចែ។ ដល់វគ្គផ្តាច់ព្រ័ត្រ កីឡាការិនីទូកវត្តបទុមរង្សីទំនប់ បានយកអស់ពីសមត្ថភាព អុំប្រណាំងរួចឈ្នះលើទូកវត្តកោះធំ (ខេត្តបាកលីវ) ទទួលបានតំណែងជើងឯក។ ព្រះតេជព្រះគុណឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ មានថេរដីកា៖ “ជ័យជម្នះនាំ មកនូវភាពសប្បាយរីករាយ កិត្តិយសជូនវត្ត និងជារង្វាន់ដ៏ស័ក្តិសមនៃការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមកីឡាការិនី។ ដោយសារការស្រឡាញ់ចូលចិត្តកីឡាប្រវេណី ទោះជាការជំនួយនៅមានកម្រិតក៏ដោយ ប៉ុន្តែ កីឡាការិនីគ្រប់រូបបានជម្នះលំបាកស្ម័គ្រចិត្តចូលហាត់សមនិងប្រកួត”។ នេះជាលើកលើកដំបូងទូក-ងនារី វត្តបទុមរង្សីទំនប់ទទួលបានជ័យលាភីលេខ១ ជាកិត្តិយសដ៏ធំធេង និងជារង្វាន់ដ៏ស័ក្តិសមនៃដំណាក់កាលហាត់សម។ បងស្រីថាច់ធីផល ឲ្យដឹង៖ “ពីដើម បងប្អូននារី គ្មានបានចូលទៅជិតទូក-ងទេ! ពេលបានវត្តអនុញ្ញាតឲ្យចូលរួមប្រណាំង យើងខ្ញុំសប្បាយចិត្តនិងមានកិត្តិយសណាស់។ ក្នុងពេលហាត់សម បងប្អូនយើងខ្ញុំបានឯកភាពគ្នាហាត់សមឲ្យចំម៉ោង ប្រណាំងឲ្យអស់ពីសមត្ថភាព និងត្រូវមានសាមគ្គីភាព។ ព្រោះហេតុនោះ ពេលកាន់ច្រវាយើងខ្ញុំអុំអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ”។
តាមប្រសាសន៍លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ វិញ្ញាសាកីឡាប្រណាំងទូក-ង ត្រូវបានរក្សាតាំងពីយូរអង្វែងមក គឺបង្អែកទៅលើស្មារតី សាមគ្គី ស្ម័គ្រចិត្ត។ ពីព្រោះទូកនីមួយៗ ចំណុះមនុស្សជាង៥០នាក់ ពេលមានការសាមគ្គី គួបផ្សំបានទាំងកម្លាំងនិងយុទ្ធសាស្រ្តអុំ អាចសង្ឃឹមថានឹងទទួលបានជ័យជម្នះ៕
លីធាង-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។