ពិធីបុណ្យប្រណាំងទូក-ង ខេត្តសុកត្រាំង លើកទី២ តំបន់វាលរាបទន្លេគឺវឡុង នឹងបើកការប្រណាំងនៅថ្ងៃ២៤ វិច្ឆិកា ឆ្នាំ២០១៥។ ដើម្បីអំណរព្រឹត្តិការណ៍ដ៏ធំនេះ បណ្តាវត្តខ្មែរដែលមានទូក-ង ក្នុងខេត្តសុកត្រាំង បានធ្វើការហាត់សមយ៉ាងពេញទំហឹងពីប៉ុន្មានខែមុនមកម៉្លេះ។
ទូក- ងនីមួយៗនៅខេត្តសុកត្រាំងកំពុងតែហាត់សមបម្រុងឲ្យការចូលរួមប្រណាំង។
ជាងមួយខែមកនេះ គឺរៀងរាល់ពេលរសៀល នៅវត្តអុងខ ទីប្រជុំជន ហ៊ឹងឡើយ ស្រុកថាញ់ទ្រី តែងមានកីឡាករទូក-ងជាង១០០នាក់មកវត្ត ដើម្បីហាត់កម្លាំងនិងហាត់អុំលើរានឈើ។ កីឡាករម្នាក់ៗដៃឡើងសាច់ដុំបុកច្រវាចុះទឹកកៃពេញកម្លាំងដៃ និងស្មើគ្នាព្រមទាំងមានស្មារតីសាមគ្គី ខ្ពស់ញុាំងឲ្យបរិយាកាសហាត់សមកាន់តែមានភាពពុះពោរជាងទៀត។ លោកលីហន ប្រធានគណៈកម្មការវត្តអុងខ ឲ្យដឹងៈ"ឡាករ និងពុទ្ធបរិស័ទចំណុះជើងវត្តតែងសាមគ្គីគ្នាក្នុងការហាត់សម។ នៅពិធីប្រណាំងទូក-ងឆ្នាំនេះ យើងខ្ញុំខិតខំឲ្យអស់ពីសមត្ថភាព ទោះឈ្នះឬចាញ់ ក៏ប្តេជ្ញាចិត្តចូលរួមសប្បាយជាមួយនឹងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិយើង"។ ចំណែកបងបាញ់វុាំងថាវ កីឡាករទូក-ងវត្តអុងខ ឲ្យ ដឹងៈខ្ញុំពេញចិត្តនឹងវិញ្ញាសាកីឡានេះខ្លាំងណាស់ ម្ល៉ោះហើយពេលបានជ្រើសជាកីឡាករសម្រាប់អុំ ខ្ញុំនឹងបងប្អូនឯទៀតប្តេជ្ញាចិត្តខិតខំហាតសមឲ្យបានល្អ ដើម្បីដណ្ដើមពាន់រង្វាន់ខ្ពស់ជូនក្រុម"។
សម្លេងកញ្ចែលាយឡំជាមួយនឹងសន្ទុះនៃការអុំស្មើគ្នារបស់កីឡាករ រួម នឹងការស្រែកហោគាំទ្ររបស់មាមីងក្នុងភូមិស្រុក បានញុាំងឲ្យបរិយាកាសនៃការហាត់សមកាន់តែមានភាពពុះពោរ។ នៅទីលានវត្តដៃតាសួសិ៍ភូមិដើមស្វាយ ឃុំភូមី ស្រុកម៉ីទូ ជិត២ខែមកនេះ បរិយាកាសហាត់សមក៏បានប្រព្រឹត្តឡើងយ៉ាងពុះពោរដែរ។ កីឡាករឆ្នើមៗជាង១០០នាក់ ដែលបានជ្រើសសុទ្ធតែមានកម្លាំងពលាំងមាំមួន ស្វិតស្វាញ សម្រាប់ចូលរួមប្រណាំងនាពិធីបុណ្យ ក៏កំពុងតែហាត់សមដោយទឹកចិត្តសង្ឃឹមថា នឹងដណ្ដើមបានជ័យជំនះ។ ព្រះឧបជ្ឈាយ៍ ត្រឹងសៀ ព្រះចៅអធិការវត្តដៃតាសួសិ៍ មានថេរដីកាៈ "នេះជាលើកដំបូងដែលវត្តមាន ទូក-ង ទូកបោះអស់តម្លៃប្រមាណ២៥០លានដុង អាស្រ័យរដ្ឋអំណាច និងពុទ្ធបរិស័ទជំនួយ។ ពីមុននេះ វត្តគ្មានទូក-ងទេ ម្ល៉ោះហើយពេលមានទូក កីឡាករម្នាក់ៗសុទ្ធសឹងតែហាត់សមយ៉ាងស្វាហាប់និងមានការសាមគ្គីយ៉ាងខ្ពស់។ ការចង់មានទូក-ង គឺជាក្តីប្រាថ្នាតាំងពីយូរលង់ មករបស់វត្តក៏ដូចជាមាមីងពុទ្ធបរិស័ទ ម្ល៉ោះហើយនរណាក៏គាំទ្រអស់ពីចិត្តពីថ្លើមដែរ"។
យោងតាមប្រសាសន៍របស់លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង បានឲ្យដឹងថា តាមការគ្រោងទុកក្នុងពិធីបុណ្យប្រណាំងទូក-ងរបស់ខេត្តសុកត្រាំងលើកទី២ តំបន់វាលរាបទន្លេគឺវឡុងនឹងមានទូកងបុរសនិងនារីប្រមាណ៥០ទូក នៅខេត្តសុកត្រាំងនិងខេត្ត ក្រុង នា នា ក្នុងតំបន់វាលរាបទន្លេគឺវឡុងចូលរួមប្រណាំងនឹងញុាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយជោគជ័យជាពុំខាន៕
លីធាន-សុផន