ក្នុងជីវភាពសម័យទំនើបនាបច្ចុប្បន្ន ទន្ទឹមនឹងការសិក្សារៀនសូត្រនិងពលកម្មផលិត យុវជនចាំបាច់ត្រូវមានសកម្មភាពកម្សាន្តវិជ្ជមាន ដើម្បីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ កីឡាគឺជាសកម្មភាពដ៏មានប្រយោជន៍ មិនត្រឹមតែជួយបង្កើនសុខភាពប៉ុណ្ណោះទេ ថែមទាំងបង្កបានទីលានកម្សាន្តវិជ្ជមានសម្រាប់យុវជនផង។ នៅទីក្រុងកឹងធើ មានកីឡាជាច្រើនបានទាក់ទាញយុវជនខ្មែរចូលរួមយ៉ាងផុសផុល ដូចជា៖ កីឡាប្រណាំងទូក-ង បោះប៊ូល បាល់ទាត់ បាល់ទះ ជួយឱ្យយុវជនមានទីលានលេងកម្សាន្តដ៏មានប្រយោជន៍ ក្រោយពីពេលពលកម្ម។

ពិធីប្រណាំងទូក-ង ឆ្នាំ២០២៥ នៅដងព្រែក Maspéro សង្កាត់សុកត្រាំង ទីក្រុងកឹងធើ។
ការចូលរួមសកម្មភាពកីឡា ជួយឱ្យយុវជនលត់ដំកាយសម្បទា បង្កើនសុខភាពនិងពង្រឹងប្រព័ន្ធភាពស៊ាំ។ វិញ្ញាសាកីឡាទាំងនេះ ជួយឱ្យរាងកាយមានភាពស្វិតស្វាញ មាំមួននិងបង្ការជំងឺតម្កាត់ជាច្រើន។ រាងកាយដែលមានសុខ ភាពល្អ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការសិក្សា ធ្វើការងារនិងរួមចំណែកសម្រាប់សង្គម។
នៅសង្កាត់សុកត្រាំងនិងសង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងចាត់តាំងពិធីប្រណាំងទូក-ងជារៀងរាល់ឆ្នាំ និងចាត់តាំងពិធីប្រណាំងថ្នាក់តំបន់វាលរាបទន្លេ គឺវឡុង ២ ឆ្នាំម្តង ដោយមានទូក-ងបុរសនិងនារីនៅក្នុងនិងក្រៅទីក្រុងចូលរួមអុំប្រមាណជាង ៦០ ទូក។ ទូក-ងដែលចូលរួមអុំប្រណាំង គឺជាទូករបស់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ លោកគឹមហាល ប្រធានក្លិបទូក-ងវត្តទឹកប្រៃ ឃុំឡុងភូ ឱ្យដឹង៖ “នៅឆ្នាំ២០២៥ ពិធីប្រណាំងទូក-ងរបស់ទីក្រុងកឹងធើ វត្តយើងខ្ញុំចូលរួមអុំដោយទូកលុង ទូកថ្មីនេះបានវត្តវិនិយោគបោះថ្មី ដូច្នេះ កីឡាករទាំងអស់ក្នុងក្លឹបរំភើបចិត្ត។ ទន្ទឹមនឹងនោះ ក្រៅពីបង្កទីលានលេងកម្សាន្តសម្រាប់យុវជន ថែមទាំងរួមចំណែកក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ”។
ចំណែកកីឡាបាល់ទាត់នៅតាមភូមិស្រុករបស់ជនរួមជាតិខ្មែរ ពេលដែលមាមីងប្រារព្ធធ្វើបុណ្យកម្សាន្តភូមិម្តងៗ គណៈចាត់តាំងពិធីបុណ្យ តែងបញ្ចូលការប្រកួតកីឡាបាល់ទាត់ ដើម្បីបង្កលក្ខណៈ សម្រាប់យុវជនខ្មែរមានទីលានកម្សាន្តវិជ្ជមាន។ បងតាំងថាញហ្វាយ ប្រធានក្លឹបបាល់ទាត់បឹងក្រចាប់ចាស់ ឃុំតឹងថាញ់ ឱ្យដឹង៖ “ក្លឹបនេះបានបង្កើតនៅ ឆ្នាំ២០២៥ ដោយមានសមាជិក ២២ នាក់ ភាគច្រើនជាយុវជនខ្មែរនៅភូមិភាគចូលរួមនិងហ្វឹកហាត់ជាប្រចាំ។ ពេលមាមីងនៅតាមភូមិស្រុកប្រារព្ធធ្វើបុណ្យកម្សាន្តភូមិម្តងៗ តែងចាត់តាំងប្រកួតកីឡា បាល់ទាត់នៅទីលានវាលស្រែ ហើយក្រុមយើងខ្ញុំតែងទទួលបានការអញ្ជើញឱ្យចូលរួម។ ខ្ញុំស្រឡាញ់ចូលចិត្តកីឡាបាល់ទាត់ខ្លាំងណាស់ ក្រៅពីនាំមកភាពសប្បាយរីករាយនិងមានសុខភាពល្អ កីឡា បាល់ទាត់នៅទាំងបានប្រកួតជាលក្ខណៈមិត្តភាពជាមួយនឹងក្លិបនានាទៀតផង”។
លោកចូវអូន សិប្បករប្រជាជន នៅសង្កាត់ភូឡើយ ឱ្យដឹង៖ “វិញ្ញាសាកីឡានីមួយៗបានបង្កទីលានកម្សាន្តវិជ្ជមាន ជួយឱ្យយុវជនខ្មែរបានជួបទំនាក់ទំនង ផ្សារភ្ជាប់ក្នុងសហគមន៍និងកសាងស្មារតី សាមគ្គី។ ឆ្លងតាមរយៈសកម្មភាពកីឡា សមូហភាព អ្នកគ្រប់គ្នាបានរៀនពីរបៀបសហការ សាមគ្គីជួយគ្នាទៅវិញទៅមក។ ប្រការនេះ រួមចំណែកកសាងបរិស្ថានរស់នៅសកម្ម កាត់បន្ថយបាបគ្រោះសង្គម និងទម្លាប់អវិជ្ជមាន”។
កីឡាគឺជាសកម្មភាពជាក់ស្តែងនិងមានអត្ថន័យសម្រាប់យុវជន។ កីឡាមិនត្រឹមតែជួយលើកកម្ពស់សុខភាព ថែមទាំងបង្កជាបរិស្ថានសម្រាប់លត់ដំបុគ្គលិកលក្ខណៈនិងកសាងផ្នត់រស់នៅវិជ្ជមាន។ ហេតុនេះ យុវជនគ្រប់រូប គប្បីខ្នះខ្នែងចូលរួមសកម្មភាពកីឡា ដើម្បីលត់ដំកាយសម្បទា រួមចំណែកកសាងសង្គមអរិយធម៌និងមានសុខភាពល្អមាំមួន៕
ដាលីន-មុនី