រាល់ពេលរសៀលនៅតាមភូមិស្រុក ឬនៅទីធ្លាខាងមុខផ្ទះ មានសំឡេងសើចសប្បាយក្អាកក្អាយនៃអ្នកដែលចូលចិត្តកីឡាបោះប៊ូល។ គ្រាប់ប៊ូលដែលបោះទៅប៉ះគ្នាឮសូរច្រែស បង្កបរិយាកាសប្បាយរីករាយ ពុះពោរនិងជិតស្និទ្ធ។ នេះបានក្លាយជាទម្លាប់ពេលហ្វឹកហាត់ ដោះដូរ - កន្លែងដែលកីឡាបោះប៊ូលបានបញ្ជាក់ពីភាពទាក់ទាញ ជាវិញ្ញាសាកីឡាសហគមន៍មួយធ្វើឱ្យសប្បាយរីករាយផងនិងនាំមកសុខភាពផង។

អ្នកបោះប៊ូលកំពុងផ្ចិតផ្ចង់បោះឱ្យចំគោលដៅ។
យើងខ្ញុំបានឆៀងចូលកន្លែងបោះប៊ូលនៅទីធ្លាវត្តឃ្លាំង (សង្កាត់សុកត្រាំង ទីក្រុងកឹងធើ) ប្រទះឃើញអ្នកបោះប៊ូលមានទឹកមុខរីករាយ បរិយាកាសពុះពោរអមសំឡេង “ច្រែសៗ” ដែលគ្រាប់ប៊ូលប៉ះទង្គិចគ្នា។
បងថាច់ហ្វិញឡុង អ្នកលេងបោះប៊ូលយូរឆ្នាំនៅសង្កាត់ភូឡើយ ឱ្យដឹង៖ “ដំបូងខ្ញុំលេងគ្រាន់តែជាសប្បាយលេង នរណាមានគ្រាប់ប៊ូលតែងយកចេញចែកគ្នាបោះលេង។ ក្រោយមកបានក្លាយជាទម្លាប់ នរណាក៏ទិញគ្រាប់ប៊ូលដោយឡែកសម្រាប់ទុកលេងរាល់ពេលថ្ងៃរសៀល។ លេងធ្វើឱ្យសុខភាពបានល្អផងនិងដោះដូរមិត្តភក្តិផង ធ្វើឱ្យបន្ធូរអារម្មណ៍ក្រោយពីពលកម្មផលិត។ ពិសេសហ្វឹកហាត់ដើម្បីពេលណាភូមិភាគ ឬក៏វត្តចាត់តាំងប្រកួតបោះប៊ូលខ្ញុំតែងចូលរួមឱ្យបានសប្បាយផងដែរ”។
កីឡាបោះប៊ូលមានច្បាប់លេងយ៉ាងសាមញ្ញ ប៉ុន្តែទាមទារមានថ្វីដៃប៉ិនប្រសប់និងមានយុទ្ធវិធី។ អ្នកលេងត្រូវគិតពីរបៀបបោះ កម្លាំងបោះ ពេលខ្លះត្រូវមានភាពអត់ធ្មត់។ ចំពោះអ្នកមានវ័យចំណាស់ បោះប៊ូលបានក្លាយជាការ “ហាត់ប្រាណ” ចលនាស្រាលៗ ជួយកាត់បន្ថយជំងឺសន្លាក់ដៃជើង។ ពូសើងហ្វាង នៅសង្កាត់សុកត្រាំង ទោះបីអាយុជាង៦០ឆ្នាំប្លាយ ប៉ុន្តែនៅតែចូលលេងបោះប៊ូលនៅទីធ្លាវត្តឃ្លាំង សង្កាត់សុកត្រាំងរាល់ថ្ងៃរសៀល។ ពូហ្វាង ឱ្យដឹង៖ “ខ្ញុំលេងបោះប៊ូលជិត២០ ឆ្នាំហើយ។ ដំបូងគ្រាន់តែបោះសប្បាយលេង ក្រោយមកលេងទៅសុខភាពល្អ សម្រាន្តលក់ស្រួល កូនចៅក៏ចូលរួមលេងដែរ។ បច្ចុប្បន្ន កូនស្រីខ្ញុំកំពុងចូលក្នុងក្រុមជម្រើសបោះប៊ូលទីក្រុងកឹងធើនិងបានរួមចំណែកស្នាដៃយ៉ាងច្រើនជូនភូមិភាគនៅក្នុងការប្រកួតថ្នាក់ជាតិនិងស៊ីហ្គាម”។
សព្វថ្ងៃ ចលនាកីឡាបោះប៊ូលនៅទីក្រុងកឹងធើកាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ មានឃុំ សង្កាត់ អង្គភាព ផ្នែកនានាបានយកចិត្តទុកដាក់វិនិយោគធ្វើទីលានបោះប៊ូល ចាត់តាំងការប្រកួតរាល់ឆ្នាំដើម្បីអំណរថ្ងៃបុណ្យធំៗនៃប្រទេសជាតិ ក៏ដូចជាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។
លោកយីបដាំងខ្វា នាយករងមជ្ឈមណ្ឌលវប្បធម៌-កីឡាឃុំឡុងភូ ឱ្យដឹង៖ “ក្នុងពិធីបុណ្យទានឬបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ មានវត្តជាច្រើនតែងសហការជាមួយផ្នែកនានា ចាត់តាំងពិធីប្រកួតបោះប៊ូលទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ បង្កបរិយាកាសយ៉ាងពុះពោរ។ កីឡាបោះប៊ូលងាយស្រួលលេង ចំណាយតិច យើងខ្ញុំនឹងលើកទឹកចិត្តមាមីងគប្បីរក្សាកីឡាសហគមន៍បែបនេះ ដើម្បីជាទម្លាប់ហាត់ពត់រាងកាយ រួមចំណែកកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន”៕
ដាលីន-សុផល