កីឡា - ទេសចរណ៍ ទេសចរណ៍

12/05/2025 - 10:14

តំបន់​ជន​បទ​ដ៏​ស្ងប់​ស្ងាត់​ឈ្មោះ​បេន​ត្រែ 

ជា​ច្រើន​ឆ្នាំ​មក​នេះ ទេស​ចរណ៍​បៃ​តង​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ។ ហើយ​គោល​ដៅ​មួយ​ក្នុង​ចំ​ណោម​គោល​ដៅ​ទាំង​ឡាយ​ដែល​មិន​គួរ​រំលង​ក្នុង​ដំ​ណើរ​ទេស​ចរណ៍​បៃ​តង​នោះ​គឺ​បេន​ត្រែ។

រូប​ភាព​មួយ​ចំ​នួន​ក្នុង​សកម្ម​ភាព​ទេស​ចរណ៍​នៅ​បេន​ត្រែ។

បេន​ត្រែ​ជា​ខេត្ត​មួយ​ចំ​ណុះ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ភូមិ​សាស្រ្ត​យ៉ាង​ស្អាត​ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​នឹង​ខេត្ត​តៀង​យ៉ាង វិញ​ឡុង ត្រា​វិញ និង​សមុទ្រ​ខាង​កើត។ ខេត្ត​បេន​ត្រែ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ក្រុង​ហូជី​មិញ ហើយ​មាន​ចម្ងាយ​ពី​ក្រុង​នេះ​ប្រ​មាណ ៨៥ គីឡូ​ម៉ែត្រ។ តំបន់​ដី​នេះ​ប្រៀប​ដូច​ជា​កោះ​បៃ​តង​មួយ​ស្ថិត​នៅ​កណ្តាល​លំ​ហ​ទឹក ជា​តំ​បន់​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​អា​រម្មណ៍​និង​ស្ងប់​ស្ងាត់។ ជា​ខេត្ត​មួយ​ចំ​ណុះ​តំ​បន់​តី​ណាម​បូ ហេតុ​នោះ​ភ្ញៀវ​ទេស​ចរ​អាច​មក​លេង​ទី​នេះ​ក្នុង​រដូវ​ណា​ក៏​បាន។ រដូវ​នីមួយៗ​នាំ​មក​នូវ​បទ​ពិសោធន៍​ផ្សេងៗ​គ្នា​សម្រាប់​ភ្ញៀវ​ទេស​ចរ ពី​ព្រោះ​ទី​នេះ​តែង​មាន​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ។ ដូច​ជា​មង្ឃុត ទុរេន សាវ​ម៉ាវ ស្វាយ ក្រូច​ថ្លុង ខ្នុរ។ល។ ពិ​សេស ទឹក​ដូង​ភ្លើង​របស់​បេន​ត្រែ គឺ​ផ្អែម​ណាស់។

បើ​គ្មាន​ពេល​ទេ ភ្ញៀវ​ទេស​ចរ​គ្រាន់​តែ​មក​កាន់​កោះ​គ្វី (កោះ​អណ្តើក) និង​កោះ​ពុង (កោះ​ហង្ស) ចំ​ណុះ​ស្រុក​ចូវ​ថាញ់ គឺ​អាច​ភ្លក់​នូវ​ផលិត​ផល​ពិសេស​ដូច​ជា​ផ្លែ​ឈើ​និង​បង្កង ត្រី​ដ៏​ឆ្ងាញ់​ពិសា​របស់​ខេត្ត​បេន​ត្រែ។ កោះ​គ្វី គឺ​ជា​ឈ្មោះ​កោះ​តូច​បំ​ផុត​ក្នុង​ចំ​ណោម​ឈ្មោះ​សត្វ “ស័ក្តិ​សិទ្ធិ​ទាំង​បួន”។ ចំ​ណែក​កោះ​ពុង ស្ថិត​នៅ​លើ​កោះ​អណ្តែត​នៅ​កណ្តាល​ទន្លេ​តៀង ចំ​ណុះ​ភូមិ​សាស្រ្ត​ឃុំ​តឹង​ថាច់។ មក​កាន់​ទី​នេះ ភ្ញៀវ​ទេស​ចរ​អាច​ជិះ​ទូក​ម៉ា​ស៊ីន​បណ្តោយ​តាម​កោះ ដើម្បី​ទស្សនា​មូល​ដ្ឋាន​ផលិត​ស្ករ​គ្រាប់​ធ្វើ​ពី​ដូង វត្ថុ​អនុ​ស្សាវ​រីយ៍​ធ្វើ​ពី​ដូង ឬ​ជិះ​រទេះ​សេះ​ទៅ​ទស្សនា​ចម្ការ​ឈើ​ហូប​ផ្លែ និង​ឈប់​សម្រាក​ផ្ទះ​ប្រក់​ស្លឹក​ដូង ដើម្បី​ផឹក​តែ​ទឹក​ឃ្មុំ​និង​ក្រូច​ត្រាំ ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​នៅ​តំបន់​ត្រូ​ពិក។ ព្រម​ទាំង​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្ទូច​ក្រ​ពើ និង​ឱ្យ​ត្រី​ឆ្ពិន​បៅ​ដប​ក្បាល​ដោះ​ជា​ដើម។

ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​មាន​ពេល គឺ​ចម្ការ​ឈើ​ហូប​ផ្លែ​កៃ​មើុង នៅ​ចើ​ឡាត និង​តំ​បន់​តៀង​ឡុង តឹង​ភូ នៅ​ស្រុក​ចូវ​ថាញ់ គឺ​ជា​ទី​តាំង​ដ៏​ទាក់​ទាញ​អា​រម្មណ៍​ដើម្បី​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​នៅ​នឹង​ចម្ការ​តែ​ម្តង។ ឬ​ក៏​ភ្ញៀវ​ទេស​ចរ​អាច​ចូល​ចម្ការ​ដូង​ដើម្បី​ភ្លក់​ទឹក​ដូង និង​ថត​រូប​ទុក​ជា​អនុស្សាវ​រីយ៍។ ពី​ព្រោះ​នៅ​ខេត្ត​បេន​ត្រែ​មាន​គ្រួ​សារ​ដាំ​ដូង​ជាង ២/៣ នៃ​ចំ​នួន​គ្រួ​សារ​សរុប​ទូទាំង​ខេត្ត។ មក​ចម្ការ​ដូង ភ្ញៀវ​ទេស​ចរ​អាច​ជិះ​កង់​ចម្ងាយ​ពីរ​បី​គី​ឡូ​ម៉ែត្រជុំ​វិញ​ចម្ការ​ដូង មាន​បរិយា​កាស​ស្ងប់​ស្ងាត់ និង​អា​កាស​ធាតុ​ត្រ​ជាក់ ឬ​ស្នាក់​នៅ homestay ក្រោម​ម្លប់​ដូង​ដ៏​ត្រ​ជាក់។

បើ​ចង់​ផ្លាស់​ប្តូរ​បរិយា​កាស ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំ​ណើរ​បន្ថែម ៩ គីឡូ​ម៉ែត្រ​ទៀត​ទៅ​កាន់​ឆ្នេរ​ងាវ​និង​កំ​ពង់​ផែ​តេម​តូម ទស្សនា​ច្រក​ទន្លេ​បា​ឡាយ និង​ច្រក​ទន្លេ​ហាម​លួង។ ឬ​ចេញ​ទៅ​សមុទ្រ​ប៊ិញ​ដាយ​ចំ​ណុះ​ស្រុក​ប៊ិញ​ដាយ ស្ថិត​នៅ​ច្រាំង​ទន្លេ​ដាយ។ នេះ​ជា​ឆ្នេរ​សមុទ្រ​នៅ​មាន​ភាព​សា​មញ្ញ មិន​អ៊ូ​អរ​ដូច​នៅ​វុង​តាវ ឬ​ញ៉ា​ត្រាង​នោះ​ទេ។ មក​កាន់​ទី​នេះ​ក្រៅ​ពី​ងូត​ទឹក​សមុទ្រ ភ្លក់​រស​ជាតិ​ផល​មុទ្រ ភ្ញៀវ​ទេស​ចរ​អាច​ស្ទូច​ត្រី និង​ទស្ស​នា​តំបន់​ទេស​ចរណ៍​សាស​នា​ផង​ដែរ...៕

     ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ