កីឡាការិនីបាល់ទះ ត្រឹងធីប៊ិតធ្វី បច្ចុប្បន្ន ជាកីឡាការិនីរបស់ក្លឹបគីមីឌឹកយ៉ាង។ ជាងមួយខែកន្លង ប៊ិតធ្វី បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលនាងចុះកុងត្រាជាមួយក្លឹប Gs Caltex ប្រកួតនៅពានរង្វាន់លំដាប់លេខ ១ របស់ប្រទេសកូរ៉េ។

ប៊ិតធ្វី ក្នុងឈុតពណ៌អាវរបស់ក្លឹប Gs Caltex។ រូបថត៖ អិនធឺណែត
ជាក់ស្តែង នេះគឺជាដំណើរចេញទៅប្រកួតនៅប្រទេសក្រៅលើកទី ២ របស់ប៊ិតធ្វី។ មុននោះ នាងបានចេញទៅប្រកួតឱ្យក្លឹប Bangkokglass របស់ប្រទេសថៃ។ ដោយមិននឹកស្មាន លើកកោះហៅចូលក្រុមជម្រើសបាល់ទះនារីវៀតណាម គ្រូបង្វឹកង្វៀងត្វឹងកៀត បានជម្រុះនាងចេញពីតួនាទីគប់បាល់របស់ក្រុមជម្រើស។ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទះជើងឯកជាតិ ឆ្នាំ ២០២៤ ប៊ិតធ្វី ប្រកួតពុំបានល្អ។ លទ្ធផលជាលើកទី៣បន្តបន្ទាប់ ក្រុមបាល់ទះក្លឹបគីមីឌឹកយ៉ាងរបស់លោក ក្វៀង ត្រូវធ្លាក់មកលេខ ២ ។
និយាយអំពីតួនាទីរបស់នាងក្នុងក្រុមជម្រើសជាតិ អ្នកគាំទ្រជាច្រើនបានពោលថា៖ “ប៊ិតធ្វី ពុំសូវមានបាល់លេង” ដូច្នេះ នាងមិនអាចពង្រីកលទ្ធភាពក្នុងនាមជាអ្នកគប់បាល់។ ការប្រតិកម្មរបស់ប៊ិតធ្វី មើលទៅយឺតជាង ផាមធីហៀង ក្រុមអគ្គមេបញ្ជាការដ្ឋានព័ត៌មាន ទ្រឿងតឺយ ប៊ិញភឿក ដូច្នេះ ត្រូវបានគ្រូបង្វឹកកៀត ធ្វើការប្ដូរផ្លាស់ហើយជ្រើស ហៀងជំនួសវិញ។ ទោះបីហៀងមានកម្ពស់ទាបជាងធ្វីក៏ដោយ។ នេះគឺជាកន្លែងត្រូវការលោតខ្ពស់ ប្រតិកម្មរហ័ស ដើម្បីរាំងបាល់។
ប៉ុន្តែ ត្រូវទទួលស្គាល់ថា ទោះបីប្រកួតឱ្យក្រុមជម្រើសជាតិឬក្លឹបណាក៏ដោយ ពេលបានផ្តល់ឱកាស ប៊ិតធ្វី ប្រកួតអស់ពីលទ្ធភាព ដោយមានកំហុសតិចតូច។ គ្រាន់តែមិនសូវពុះពោរដូចង្វៀងធីត្រិញ ឬផាមធីហៀង...។
ប៊ិតធ្វី មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែលនាងចុះកុងត្រាជាមួយក្លឹប Gs Caltex ដ៏ល្បីល្បាញរបស់កូរ៉េប៉ុណ្ណោះទេ ថែមទាំងជាកីឡាការិនីស្នូលពាក់អាវលេខ ២៥។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងប្រកួតបានល្អនៅរាល់ការប្រកួតទៀតផង។ ស្នូរទះដៃអបអរសាទរបន្ទាប់ពីការលោតខ្ពស់គប់បាល់យ៉ាងជំនាញរបស់ប៊ិតធ្វី និងរូបភាព អ្នកគាំទ្ររង់ចាំថតរូបជាមួយពេលបញ្ចប់ការប្រកួត គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យរបស់ប៊ិតធ្វី។ បន្ទាប់ពីការប្រកួតបើកឆាក រដូវកាលនៃពានរង្វាន់បាល់ទះជើងឯកជាតិ ឆ្នាំ ២០២៥ របស់ប្រទេសកូរ៉េ ប៊ិតធ្វី កែលម្អលទ្ធភាពរាំងបាល់ ព្រមទាំងទទួលបានការសរសើរពីគ្រូបង្វឹក Lee Young - Teak ។ ពាក្យសរសើរទាំងនេះ អ្នកគាំទ្រវៀតណាម ពិតជាត្រូវការ ពីព្រោះអ្នកដែលស្រឡាញ់ចូលចិត្តកីឡាបាល់ទះ តាមដានការរីកចម្រើនរបស់ប៊ិតធ្វី សុទ្ធសឹងឃើញច្បាស់នូវចំណុចខ្សោយរបស់នាង។ ជាមួយនឹងកម្ពស់ ១,៨៤ ម៉ែត្រ ពេលប៊ិតធ្វី កែលម្អសមត្ថភាពលោតខ្ពស់និងប្រតិកម្មរហ័ស នាងនឹងធ្វើបានល្អ ភារកិច្ចរាំងបាល់ជាពុំខាន។ ផ្តើមពីនោះ បញ្ជូនបាល់វាយសម្រុកកាន់តែល្អ។
ជាមួយរបៀបលេងបានល្អដូចបច្ចុប្បន្ន ការដែលក្លឹបគីមីឌឹកយ៉ាងនៅតែចុះឈ្មោះប៊ិតធ្វី សម្រាប់រដូវកាល ២០២៥ មិនមែនជារឿងចំឡែកនោះទេ។ រំពឹងថា សម្រាប់បទពិសោធន៍ប្រកួតនៅប្រទេសកូរ៉េ ប៊ិតធ្វី នឹងអាចពង្រីកសមត្ថភាពក្នុងការប្រកួតដណ្តើមពានក្នុងប្រទេស ដើម្បីដណ្តើមយកតួនាទីនៅក្រុមជម្រើសជាតិក្នុងពេលដ៏ឆាប់ខាងមុខ។ នារីកើតឆ្នាំ ២០០០ រូបនេះ នៅតែមានឱកាសច្រើន ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន តាមរយៈជំនាញគប់បាល់យ៉ាងសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាព៕
ហាថាញ-មុនី