ពេលមកកម្សាន្តនៅហាយ៉ាង ភ្ញៀវទេសចរមិនគួររំលង “ខ្លោងទ្វារមេឃក្វាងបារ”ពីព្រោះទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់។
រូបភាពមួយចំនួននៃដងផ្លូវក្រវិចក្រវៀននៅក្វាងបារ។
ចេញដំណើរពីទីក្រុងហាយ៉ាង ភ្ញៀវទេសចរទៅតាមផ្លូវជាតិលេខ ៤C ដែលបត់បែនតូចចង្អៀតពីចង្កេះភ្នំមួយទៅភ្នំមួយ ឆ្លងកាត់វាលដ៏ធំល្វឹងល្វើយតាមបណ្តោយទន្លេឡូ។ ផ្លូវទៅកាន់ហាយ៉ាង មិនសម្រាប់ភ្ញៀវទេសចរមានអារម្មណ៍ភ័យខ្លាចនោះទេ ប៉ុន្តែបើហ៊ានឆ្លងកាត់ដងផ្លូវនេះភ្ញៀវទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិព្រៃភ្នំដ៏មហិមា។ ពេលទៅដល់ជ្រុងផ្លូវបត់ចូលតាមសើុង ស្រុកក្វាងបារ រថយន្តសំចតដំណើរដើម្បីភ្ញៀវទេសចរបានគយគន់ “ខ្លោងទ្វារមេឃក្វាងបារ”។
ខ្លោងទ្វារមេឃ ស្ថិតនៅចន្លោះកំពូលភ្នំទាំងពីរ មានកម្ពស់ជាង១.៥០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ។ ពីលើកំពូលភ្នំ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ព្រៃភ្នំពាយព្យ និងភ្នំភ្លោះទេពធីតាដ៏ស្រស់ស្អាត នាពេលព្រះអាទិត្យរះឡើង។ ពេលព្រឹកមើលភ្នំភ្លោះទេពធីតាបន្តិចឃើញបន្តិចបាត់ក្នុងស្បៃផ្សែងអ័ព្ទ ស្តាប់រឿងព្រេងនិទានដ៏អស្ចារ្យអំពីការកកើតភ្នំនេះ។ នោះគឺបុរសជនជាតិម៉ុងដ៏សង្ហាម្នាក់ ផ្លុំប៉ីយ៉ាងពីរោះរណ្តំ។ បុរសនេះ បានប្រើសំឡេងប៉ីដ៏លន្លង់លន្លោច ដើម្បីទាក់បេះដូង ទេពធីតាម្នាក់ឈ្មោះ ហ្វាដាវ នៅស្ថានសួគ៌។ ព្រះឥន្រ្ទាធីរាជ ទតឃើញទេពធីតានៅឋានមនុស្ស ទ្រង់ចាត់សេនាចុះយាងព្រះនាងឡើងកាន់ស្ថានសួគ៌វិញ ទុកចោលស្វាមីនិងបុត្ររបស់នាងនៅឋានមនុស្ស។ អាណិតបុត្រភ្ញា ខ្វះទឹកដោះម្តាយ ទេពធីតាទុកក្បាលសុដន់មួយគូនៅឋានមនុស្សឱ្យបុត្របៅ។ ក្រោយពេលបុត្រធំដឹងក្តី សុដន់មួយគូបានក្លាយជាភ្នំពីរមានរូបសណ្ឋានដូចដោះម្តាយ។ល។ ឬរឿងព្រេងនិទានបុរសមាឌធំ ធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្អាត រែកថ្មទាំងយប់ទាំងថ្ងៃទប់ទន្លេដុងហាផ្លូវទឹកហូរចូលជ្រលងភ្នំរហូតដល់ក្លាយទៅជាភ្នំ។ល។
រឿងព្រេងទោះជាមានប្រវត្តិយ៉ាងម្ដេចម្ដាក៏ដោយ តែខ្លោងទ្វារមេឃក្វាងបារ គឺពិតជាស្រស់ស្អាតណាស់ ស័ក្តិសមសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងស្វែងយល់៕
ហាថាញ-មុនី