ទោះដឹងថាពេលនេះនឹងមកដល់ ប៉ុន្តែពេលទទួលព័ត៌មានថា “គោព្រៃ” - Nadal បានប្រកាសលាលះពីអាជីព អារម្មណ៍របស់អ្នកគាំទ្រ ហាក់ដូចបេះដូងលោតខុសចង្វាក់អ៊ីចឹង។ កីឡាករ Rafael Nadal បានប្រកាសបញ្ចប់អាជីព វាយកូនបាល់របស់ខ្លួន ដោយមានកំណត់ត្រា រាប់មិនអស់។ ពិសេសគឺស្នាដៃនៅលើទីលានដីក្រហម កន្លែងដែលកីឡាករជនជាតិអេស្ប៉ាញ រូបនេះ បានអ្នកគាំទ្រហៅគាត់ថា “អធិរាជដីក្រហម” ។
“ប្រកួតអស់ពីសមត្ថភាពនៅលើទីលាន” ជានិមិត្តរូបរបស់អធិរាជដីក្រហម។ រូប៖ Internet
កីឡាករ Nadal កើតឆ្នាំ១៩៨៦ ចាប់ផ្តើមប្រកួតកីឡាអាជីពនៅឆ្នាំ២០០១។ ក្រោយពីជាង២០ឆ្នាំប្រកួតកម្រិតកំពូល រួចក៏បានលាលះពីអាជីពក្នុងអាយុ៣៨ឆ្នាំ គឺយឺតណាស់ដែរ ប៉ុន្តែចំពោះកីឡាករវាយកូនបាល់ដ៏រឹងមាំដូចជា Nadal វាជាការលាលះដ៏គួរឱ្យសោកស្តាយ។ Nadal ល្បីឈ្មោះដោយសារជំហរនៃការប្រកួតដ៏រឹងមាំ ដោយមិនទុកឱ្យកូនបាល់រំលងទៅឡើយ។ ព្រោះហេតុនោះ ក្នុងអាជីពរបស់ខ្លួន អធិរាជដីក្រហមតែងរងរបួសរហូតដល់ថ្នាក់ចង់លាលះពីអាជីពឆាប់ៗ។ ប៉ុន្តែមួយរយៈក្រោយកីឡាករ Nadal បានវិលមកកាន់ទីលានវិញ ដោយសារគាត់ស្រឡាញ់កីឡាវាយកូនបាល់ក្រៃពេក។ តែងប្រកួតអស់ពីចិត្ត ហេតុនោះ Nadal ទទួលបានស្នាដៃដ៏ច្រើន ដូច៖ ឈ្នះពាន Grand Slam ២២លើក (ក្នុងនោះ មានកំណត់ត្រាដោយទទួលបានពាន Roland Garros ១៤លើក) ជើងឯក Wimbledon ២លើក គ្រងតំណែង Australian Open ២លើក និងឈ្នះពាន US Open ៤លើក។ ក្រៅពីនោះ នៅទាំងទទួលបានពាន ATP ទាំងធំតូចចំនួន៩២ និងមេដាយមាសអូឡាំពិក (ទោលបុរស និងគូបុរស)។
ប៉ុន្តែស្នាដៃធំបំផុតរបស់ Nadal នោះប្រហែល ជាក្តីស្រឡាញ់របស់អ្នកគាំទ្រចំពោះគាត់។ គាត់តែងប្រកួតអស់ពីចិត្ត ឱ្យតម្លៃគូប្រកួតនិងអ្នកគាំទ្រ ម្ល៉ោះហើយកីឡាករ Nadal មានអ្នកគាំទ្រ ច្រើនក្នុងក្រុម “Big ៣” គឺកីឡាករ Rafael Nadal កីឡាករ Roger Federer និង Novak Djokovic។ អ្នកគាំទ្រតែងប្រៀបធៀបថា អាជីពរបស់ Nadal មានភាពរុងរឿងជាង ពីព្រោះ សម័យរបស់គាត់មាន Roger Federer និង Novak Djokovic។ កីឡាករទាំងបីរូបនេះ តែងប្រកួតដណ្តើមគ្នានៅរាល់ពានរង្វាន់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញយ៉ាងខ្លាំង។ កីឡាករ Federer បានលាលះពីអាជីព ដោយដណ្តើមបានពាន Grand Slams ចំនួន ២០ ចំណែក Djokovic ទទួលបានកំណត់ត្រា Grand Slam ចំនួន ២៤ ហើយកំពុងស្ថិតចំណាត់ថ្នាក់លេខ ៤ ពិភពលោក។
អ្នកគាំទ្រនឹងបានទស្សនា “គោព្រៃ” Nadal ប្រកួតឱ្យក្រុមជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Davis Cup នៅខែវិច្ឆិកាខាងមុខនេះ គឺការប្រកួតរវាងអេស្ប៉ាញ និងហូឡង់។ កីឡាករ Nadal ធ្លាប់ជួយឱ្យអេស្ប៉ាញឈ្នះពាន Davis Cup បាន ៤ លើកថ្មីៗបំផុតនៅឆ្នាំ ២០១៩។ គាត់យកឈ្នះ ២៩ លើកក្នុងចំណោម ៣០ លើកនៃការប្រកួតទោលនៅក្នុងព្រឹត្តិការណ៍ មិត្តរួមក្រុមនេះ ដែលជាកំណត់ត្រារបស់អេស្ប៉ាញ។ មិនទាន់ដឹងថាតើ Nadal នឹងប្រកួតគូ ឬទោលនៅពានរង្វាន់នេះ ប៉ុន្តែការប្រកួតនោះ ប្រាកដជាទាក់ទាញអ្នកគាំទ្រចូលរួមយ៉ាងកុះករមិនខាន។ ពីព្រោះនេះ គឺជាការប្រកួតចែកដៃរបស់កីឡាករជើងខ្លាំងម្នាក់។ ដោយ Nadal តែងប្រកួតអស់ពីចិត្តនៅលើទីលានដីក្រហមដែលតែងដេញតាមកូនបាល់ដោយមិនរំលង និងស្នៀតសង្គ្រោះកូនបាល់វិលខ្មាញ់ដ៏ល្អឥតខ្ចោះ ដែលគ្មានកីឡាករវាយកូនបាល់រូបណាម្នាក់អាចធ្វើបានរហូតមកដល់បច្ចុប្បន្ននេះ៕
ហាថាញ-វិមាន