ចលនាបាល់ទាត់ក្នុងជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តសុកត្រាំង កាន់តែរីកចម្រើន ទាក់ទាញមនុស្សគ្រប់វ័យចូលរួមរួមចំណែកលត់ដំសុខភាព រឹតបន្តឹងចំណងសាមគ្គីក្នុងភូមិស្រុក។
ក្រុមបាល់ចូលរួមប្រកួតនៅពានរង្វាន់បាល់ទាត់កសិករខ្មែរអំណរបុណ្យចូលឆ្នាំថ្មី
ដណ្ដើមពានទូរទស្សន៍សុកត្រាំង STV។
បច្ចុប្បន្ន រាល់សកម្មភាពក្នុងពិធីបុណ្យទានផ្សេងៗដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យភូមិ បុណ្យភ្ជុំបិណ្ឌ បុណ្យអកអំបុក៘ ភូមិស្រុកនីមួយៗតែងរៀបចំពានរង្វាន់បាល់ទាត់ ហើយបានទាក់ទាញក្រុមជាច្រើនចូលរួម។ ក្រៅពីនេះ មន្ទីរ គណៈផ្នែកខេត្តថែមទាំងរៀបចំពានរង្វាន់បាល់ទាត់អំណរទិវាខួបអនុស្សាវរីយ៍ ព្រឹត្តិការណ៍សំខាន់ៗ ដូច៖ ពានរង្វាន់បាល់ទាត់ជើងឯកថ្នាក់ខេត្ត ពានរង្វាន់ STV ពានរង្វាន់បាល់ទាត់កសិករខ្មែរអំណរបុណ្យចូលឆ្នាំថ្មី ដណ្ដើមពាន STV ៘ ដើម្បីក្រុមបាល់ទាត់នីមួយៗ ចូលរួមប្រកួតប្រជែង។ ផ្តើមពីនោះ ញុាំងចលនាបាល់ទាត់កាន់តែរីកចម្រើនគ្រប់ទិសទីនៅតំបន់ជនបទ។
ប្អូនថាច់វីសា ក្រុមបាល់ទាត់ភូមិព្រែកអណ្តើកឃុំថាញ់ភូ ឱ្យដឹង៖ “រៀងរាល់រសៀល ខ្ញុំនិងបងប្អូនក្នុងក្រុមទៅកាន់ទីលានទំនេរមុខខ្លោងទ្វារវត្តព្រែកអណ្តើកលេងទាត់បាល់ បើខែប្រាំងទាត់នៅវាលស្រែ។ ការលេងបាល់ទាត់សំខាន់គឺលត់ដំសុខភាពនិងកម្សាន្តសប្បាយក្រោយពីពេលពលកម្មនឿយហត់។ រៀងរាល់ឆ្នាំ សមាជិកក្នុងក្រុម ថែមទាំងបានអញ្ជើញទៅចូលរួមប្រកួតជាលក្ខណៈមិត្តភាពភូមិស្រុកផ្សេងៗ នាឱកាសរៀបចំបុណ្យភូមិ ឬបុណ្យចូលឆ្នាំថ្មីផងដែរ។ ម្យ៉ាងទៀត សមាជិកក្នុងក្រុមអ្នកណាក៏សប្បាយរីករាយ សាមគ្គីនិងរក្សាក្រុមបាល់ទាត់បានជាច្រើនឆ្នាំមកហើយ”។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការហ្វឹកហាត់ និងប្រកួតជាលក្ខណៈមិត្តភាពសម្រាប់យុវជន រដ្ឋអំណាចភូមិភាគ និងអាជីវកម្មក៏បានវិនិយោគ កសាងទីលានសិប្បនិម្មិត ដើម្បីធានាឱ្យក្រុមបាល់ទាត់ និងក្លឹបទាំងអស់បានចូលរួមហ្វឹកហាត់ និងប្រកួតជាលក្ខណៈមិត្តភាព។ បងយ័ញខាញ់ ក្រុមបាល់ទាត់ដាយតឹម ឱ្យដឹង៖ “សមាជិកក្នុងក្លឹបបាល់ទាត់ជានិច្ចកាលចូលរួមប្រកួតមិត្តភាពជាមួយអង្គភាពឃុំថាមដូង (ស្រុកមីស្វៀង) ឃុំភូមី (ស្រុកមីទូជាដើម)។ សម្លៀកបំពាក់ឯកសណ្ឋាន ស្បែកជើងនិងប្រាក់ចំណាយពេលទៅប្រកួត គឺមានអង្គភាពជំនួយទាំងអស់។ នៅពេលបានជ្រើសរើសចូលរួមប្រកួតពានរង្វាន់បាល់ទាត់ថ្នាក់ខេត្តនិងស្រុក គឺក្រុមមានគ្រូបង្វឹកហ្វឹកហាត់នៅនឹងទីលានសិប្បនិម្មិត ដើម្បីក្តាប់ឱ្យបានច្បាស់ពីច្បាប់នៃការប្រកួត។ ពិសេស បានចូលរួមប្រកួតគឺខ្ញុំត្រេកអរណាស់ ពីព្រោះបានលេងវិញ្ញាសាកីឡាដែលខ្លួនចូលចិត្ត”។
តាមប្រសាសន៍លោក ឡេថាញយុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បច្ចុប្បន្ន ចលនាបាល់ទាត់ក្នុងភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករមានការរីកចម្រើនយ៉ាងខ្លាំង។ ជាក់ស្តែង នៅពានរង្វាន់បាល់ទាត់កសិករខ្មែរអំណរបុណ្យចូលឆ្នាំថ្មី ដណ្ដើមពានទូរទស្សន៍សុកត្រាំង STV បានទាក់ទាញក្រុមបាល់ទាត់២៤ក្រុមចូលរួម ដោយមានមនុស្សជិត៣០០នាក់ មកពីស្រុកទីរួមខេត្តនិងក្រុង។ ក្រៅពីនេះ ភូមិភាគនីមួយៗថែមទាំងរៀបចំពានរង្វាន់ដើម្បីក្រុមបាល់ទាត់ និងក្លឹបទាំងអស់បានចូលរួមប្រកួតជាលក្ខណៈមិត្តភាពអំណរព្រឹត្តិការណ៍ទិវាបុណ្យទានផ្សេងៗ សំដៅលត់ដំសុខភាព រឹតបន្តឹងចំណងសាមគ្គីក្នុងភូមិស្រុក។ ទន្ទឹមនឹងនោះ បង្កជាទីលានកម្សាន្តសប្បាយមានប្រយោជន៍ នរណាក៏បានលេងវិញ្ញាសាកីឡាដែលខ្លួនចូលចិត្ត ព្រមទាំងរួមចំណែកញុាំងឱ្យចលនាបាល់ទាត់នៅតាមភូមិស្រុករឹតតែរីកចម្រើនថែមទៀត៕
យ្វីអាញ- លីសៀ