15/04/2024 - 14:03

ថាច់​ធី​អាញ់​ឡាង និង​មេ​ដាយ​មាស​វិញ្ញា​សា​ប៉េ​តង់​

ក្នុង​ការ​ប្រ​កួត​ជើង​ឯក​កីឡា​ប៉េតង់​ពិភព​លោក​លើក​ទី១៩ ឆ្នាំ​២០២៣ បាន​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​ថៃ​ អត្ត​ពលិក​ថាច់​ធី​អាញ់​ឡាង  បាន​យក​ឈ្នះ​លើ​អត្ត​ពលិក​ពូកែ​ៗ​ជា​ច្រើន​ ដើម្បី​នាំ​យក​មេ​ដាយ​មាស​ជូន​វៀត​ណាម។​

អត្ត​ពលិក​ថាច់​ធីអាញ់​ឡាង

អត្ត​ពលិក​ថាច់​ធីអាញ់​ឡាង កើត​ឆ្នាំ​១៩៩៤ ក្នុង​គ្រួ​សារ​មាន​អា​ជីព​ជា​គ្រូ​បង្រៀន។​ អាញ់​ឡាង កើត​នៅ​ភូមិ​អូរទទឹង ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​។​ ថាច់​ធីថាញ​ឡង ជា​បង​ស្រី​បង្កើត​របស់​អាញ់​ឡាង ឱ្យដឹង៖ “ឪ​ពុក​ម្តាយ​និង​សមាជិក​ក្នុង​គ្រួ​សារ​ទាំង​អស់​សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ ប៉ុន្តែ​យើង​ខ្ញុំ​មិន​ដែល​បង្ខំ​អាញ់​ឡាង ចាំ​បាច់​ត្រូវ​តែ​ប្រ​កប​របរ​គ្រូ​បង្រៀន​ដូច​សមាជិក​ក្នុង​គ្រួ​សារ​នោះ​ទេ”។​ តាំង​ពី​កុមារ​ភាព​ អាញ់​ឡាង​ចូល​ចិត្ត​លេង​កីឡា​ ដូច្នេះ​ ម្តាយ​ឪ​ពុក​និង​សមាជិក​ក្នុង​គ្រួ​សារ​ទាំង​អស់​បាន​គាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ឡាង ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ពី​ព្រោះ​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​ការ​ស្រ​ឡាញ់​កីឡា​នោះ​។​ ប៉ុន្តែ​ ក៏​បាន​រំលឹក​ប្អូន​ថា​ ក្រៅ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ត្រូវ​តែ​ខិត​ខំ​ព្យា​យាម​សិក្សា​រៀន​សូត្រ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម”។​

ថាច់​ធី​អាញ់​ឡាង ឱ្យ​ដឹង៖ “ឆ្នាំ​២០០៨ ពេល​កំ​ពុង​រៀន​ថ្នាក់​ទី​៨ ខ្ញុំ​ត្រូវ​បាន​ជ្រើស​រើស​ចូល​ក្រុម​បាល់​ទាត់​ទេព​កោ​សល្យ​នារី​របស់​ខេត្ត។​ ប៉ុន្តែ​បន្ទាប់​ពី​ហ្វឹក​ហាត់​បាន​៦ខែ​ ក្រុម​បាល់​ទាត់​នា​រី​ក៏​រំសាយ។​ បន្ទាប់​មក​ ខ្ញុំ​បាន​គ្រូ​បង្វឹក​លើក​ទឹក​ចិត្ត​ឱ្យ​ប្តូរ​ទៅ​ហាត់​កីឡា​ប៉េតង់​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​។​ ប្តូរ​មក​វិញ្ញា​សាថ្មី​ តែ​ដោយ​សារ​ចំ​ណូល​ចិត្ត​លេង​កីឡា​ ម៉្លោះ​ហើយ​ ខ្ញុំ​ស៊ូ​លំ​បាក​ហ្វឹក​ហាត់​ហើយ​ចាប់​យក​វា​បន្តិច​ម្តង​ៗ​ក៏​ថ្នឹក​នឹង​វិញ្ញា​សា​កីឡា​ប៉េតង់​នេះ​”។​

ឆ្នាំ​២០១១ ថាច់​ធី​អាញ់​ឡាង ត្រូវ​បាន​ជ្រើស​រើស​ចូល​ក្រុម​ទេព​កោ​សល្យ​កីឡា​ប៉េតង់​ត្រា​វិញ។​ ផ្ដើម​ពី​នោះ​ ថាច់​ធីអាញ់​ឡាង បាន​ចូល​រួម​ប្រ​កួត​នៅ​ថ្នាក់​តំ​បន់​និង​ទូទាំង​ប្រ​ទេស​ជា​ច្រើន​លើក​។​ អាញ់​ឡាង ប្រ​កួត​បាន​យ៉ាង​ល្អ​និង​ឈ្នះ​មេ​ដាយ​ជា​ច្រើន​ជូន​ខេត្ត។​ អា​ស្រ័យ​ដោយ​ស្នា​ដៃ​សម្រេច​បាន​ជា​ច្រើន​ ឆ្នាំ​២០១២ អាញ់​ឡាង ត្រូវ​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ។​ អាញ់​ឡាង ឱ្យ​ដឹង​បន្ថែម​៖ “ពេល​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​ ខ្ញុំ​ត្រូវ​ផ្តោត​លើការ​ហ្វឹក​ហាត់​ច្រើន​ជាង​ ព្រោះ​វិញ្ញា​សាកី​ឡា​ប៉េតង់​ គឺ​ជា​វិញ្ញា​សា​កីឡា​មួយ​ក្នុង​ចំ​ណោម​វិញ្ញា​សា​កីឡា​ដែល​លំ​បាក​បំផុត​ ក្រៅ​ពី​ម៉ោង​ហ្វឹក​ហាត់ ខ្ញុំ​ឆ្លៀត​ពេល​រៀន​វប្បធម៌​បន្ថែម​ និង​ប្រ​ឡង​យក​សញ្ញា​បត្រ​វិទ្យា​ល័យ​ ដើម្បី​មាន​ឱកាស​បាន​ចូល​រៀន​មហា​វិទ្យា​ល័យ​នៅ​ថ្ងៃ​អនា​គត”។​

ប្អូន​ស្រី​ឡេ​ផាម​ធ្វីហ្វិញ​ អា​យុ​១៨​ឆ្នាំ​ ជា​អត្ត​ពលិក​ទេព​កោ​សល្យ​កីឡា​ប៉េតង់​ត្រា​វិញ​ ឱ្យដឹង​៖ “បង​ស្រី​អាញ់​ឡាង មិន​ត្រឹម​តែ​ជា​អត្ត​ពលិក​កីឡា​ប៉េតង់​ពូកែ​ ល្បី​ល្បាញ​ថ្នាក់​តំ​បន់​ និង​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បង​ស្រី​គំ​រូ​ រួស​រាយ​រាក់​ទាក់​ ចុះ​សម្រុង​និង​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​គ្រប់​គ្នា​ តែង​ស្វា​ហាប់​និង​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​។​ លើស​ពី​នេះ​ បង​ស្រី​អាញ់​ឡាង តែង​តែ​ជួយ​ប្អូន​និង​មិត្ត​ភ័ក្តិ​ក្នុង​ការ​ហ្វឹក​ហាត់​ផង​ដែរ​ ហើយ​បាន​អ្នក​ទាំង​ឡាយ​ស្រ​ឡាញ់​រាប់​អាន និង​ជា​គំរូ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​អត្ត​ពលិក​ដទៃ​ទៀត​យក​តម្រាប់​តាម”។​

លោក​ង្វៀង​បាវ​ឡុង​ គ្រូ​បង្វឹក​ទទួល​បន្ទុក​ក្រុម​ជម្រើស​កីឡា​ប៉េតង់​ត្រា​វិញ​ ឱ្យ​ដឹង​៖ “អាញ់​ឡាង មាន​ស្មារតី​សាមគ្គី​ល្អ​ ស៊ូ​លំ​បាក​ក្នុង​ការ​ហ្វឹក​ហាត់  តែង​ជួយ​មិត្ត​រួម​អា​ជីព​និង​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម។​ រយៈ​ពេល​កន្លង​ អាញ់​ឡាង បាន​ឈ្នះ​មេដាយ​ប្រ​មាណ​១៥​គ្រឿង​ ក្នុង​ការ​ប្រ​កួត​ជើង​ឯក​ ពិភព​លោក​ ទ្វីប​អា​ស៊ី​ តំ​បន់​អា​ស៊ី​អា​គ្នេយ៍ និង​មេដាយ​ជា​ច្រើន​គ្រឿង​ទៀត​នៅ​ក្នុង​ប្រ​ទេស​។​ បច្ចុប្បន្ន​ ថាច់​ធីអាញ់​ឡាង ជា​និស្សិត​ឆ្នាំ​ទី៣​នៃ​មហា​វិទ្យា​ល័យ​ផ្នែក​កីឡា​អប់រំ​កាយ​ ក្រុង​ហូជី​មិញ”៕

​                            រូប​និង​អត្ថ​បទ​៖ ទីទុយ​

ចែករំលែកអត្ថបទ