វិមានបាច់យិញ ជាកន្លែងដែលភ្ញៀវទេសចរមិនអាចរំលង ពេលធ្វើដំណើរមកកាន់ទីក្រុងឆ្នេរសមុទ្រវុងតាវ។
រូបភាពមួយចំនួនអំពីវិមានបាច់យិញ។
រៀងរាល់ឆ្នាំមានមនុស្សម្នាជាច្រើនមកលេងកម្សាន្តនៅវុងតាវ ព្រោះទីនេះ គឺជាទីក្រុងទេសចរណ៍ អាចឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរបានស្ទើរតែគ្រប់យ៉ាង៖ មានសមុទ្រ មានភ្នំ មានសេវាកម្មទេសចរណ៍ ដ៏ទាក់ទាញអារម្មណ៍តាំងពីកម្រិតខ្ពស់រហូតដល់សាមញ្ញ។ ពិសេស ដោយសារឆាប់អភិវឌ្ឍវិស័យទេសចរណ៍ ម្ល៉ោះហើយប្រព័ន្ធផ្ទះសំណាក់ សណ្ឋាគារនៅទីនេះ អាចឆ្លើយតបរាល់តម្រូវការខាងតម្លៃ។ អាស្រ័យហេតុនោះ ទោះជាស្ថិតក្នុងរដូវណាក៏ដោយ វុងតាវតែងមានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ។
ប៉ុន្តែបើមកក្នុងរដូវក្តៅ ជួរដើមឈើធំៗក្នុងបរិវេណវិមានបាច់យិញ នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានអារម្មណ៍ស្រស់ស្រាយ។ វិមានបាច់យិញ គឺជាផ្ទះវីឡាបុរាណពណ៌ស មានទីតាំងនៅលើខ្នងភ្នំមួយក្បែរជើងភ្នំធំ ស្ថិតនៅលើផ្ទៃដីប្រមាណ ៦ ហិកតា ដែលពោរពេញដោយដើមឈើមានម្លប់ត្រឈឹងត្រឈៃ។ គយគន់ពីឆ្នេរសមុទ្រ ភ្ញៀវទេសចរអាចសម្លឹងឃើញផ្ទះ វីឡាពណ៌សលាក់ខ្លួនក្នុងជួរដើមឈើបៃតងដ៏ស្រស់ស្អាត។ នៅរដូវផ្កាចំប៉ីរីក ធ្វើឱ្យវីឡានេះកាន់តែរំលេចសម្រស់ថែមទៀតដោយជួរដើមចំប៉ីធំៗព័ន្ធជុំវិញមើលទៅគួរជាទីមនោរម្យ។
ការកសាងផ្លូវចូលវិមាន ក៏បង្ហាញពីភាពហ្មត់ចត់របស់ស្ថាបត្យករពីសតវត្សទី ១៩ ផងដែរ។ ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់កាំជណ្ដើរជាង ១៤០ កាំ ពីផ្លូវធំចូលកាន់ខ្លោងទ្វារធំរបស់វិមាន ឬដើរក្រោមដើមម៉ៃសាក់ដ៏ធំមានម្លប់ត្រជាក់ ទទួលអារម្មណ៍ជាមួយនឹងអាកាសធាតុបរិសុទ្ធ។ គយគន់រុក្ខាលតាវល្លិ៍ទាំងឡាយ ស្រាប់តែរំជួលចិត្តពេលក្រឡេកមើលពីវិមានឃើញសមុទ្រដ៏ធំល្វឹងល្វើយ រលកបោកច្រាំង។ ឈរនៅទីនេះ ភ្ញៀវទេសចរនឹងឃើញផ្លូវក្បែរមាត់សមុទ្រដ៏ស្រស់ស្អាត ឆ្នេរសមុទ្រកោងដូចដួងចន្ទនាខែរនោច។
ទីនេះធ្លាប់ជាកន្លែងប្រថាប់របស់ក្សត្របាវដាយ ម្ល៉ោះហើយមានវត្ថុបុរាណជាច្រើន។ ជាពិសេស គឺតុ កៅអី ល្វែងផ្ទះបាយ តុធ្វើការបន្ទប់ដេក។ល។ វិមានបាច់យិញ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌នៅឆ្នាំ ១៩៩២ ទើបវត្ថុទាំងអស់បានអភិរក្សយ៉ាងល្អប្រសើរ។ ក្រៅពីបង្អួចជាច្រើនបែរមុខទៅសមុទ្រ នៅក្បែរវិមានបាច់យិញ ក៏មានស្ថានីយប៉មយាមផងដែរ។ អង្គុយនៅទីនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពសមុទ្រវុងតាវ និងភ្នំធំ ភ្នំតូចជាដើម។
មានអាយុកាលជាង ១០០ ឆ្នាំ ប៉ុន្តែវិមានបាច់យិញ នៅតែមានភាពស្រស់ស្អាតនិងរឹងមាំ។ ជាមួយនឹងស្ថាបត្យកម្មវីឡាបុរាណបែបបារាំង វិមានបាច់យិញ មានលក្ខណៈល្អប្រណីត ទំនើប ទន្ទឹមនឹងទីតាំងដ៏ល្អ ម្ល៉ោះហើយទីនេះតែងទាក់ទាញភ្ញៀវទេសចរមកទស្សនា៕
ហាថាញ-វិមាន