មកកាន់ភូអៀ្ងង ភ្ញៀវទេសចរគួរឆៀងចូល ទស្សនាកម្សាន្តស្ថាបត្យកម្មវិហារបុរាណនិងបានឃើញផ្ទាល់ភ្នែកនូវលក្ខណៈអក្សរសាស្ត្រជាតិដំបូងរបស់ប្រទេសយើង។
ទោះបីមានអាយុកាលជាងរយឆ្នាំ ប៉ុន្តែវិហារនេះនៅតែមានភាពស្រស់ស្អាតនិងរឹងមាំ។
វិហារម៉ាងឡាំង នៅស្រុកទ្វីអាង ខេត្តភូអៀង។ វិហារនេះ ត្រូវបានកសាងតាំងពីឆ្នាំ១៨៩២ ស្ថិតនៅក្បែរទន្លេកីឡោ។ បើភ្ញៀវទេសចរធ្វើដំណើរពីក្រុងក្វីញើុង តាមបណ្តោយផ្លូវជាតិលេខ ១ A ដល់ទីប្រជុំជនជីថាញ ឆ្លងស្ពានង៉ឹងសើុង ដល់ផ្លូវបែកជា៣ បត់ឆ្វេងប្រហែល២គីឡូម៉ែត្រ។ វិហារស្ថិតនៅចម្ងាយពីក្រុងទ្វីហ្វាប្រហែល៣៥គីឡូម៉ែត្រឆ្ពោះទៅទិសខាងជើង ចម្ងាយពីរមណីយដ្ឋានល្បាក់ថ្មចាន ទាបប្រហែល១០គីឡូម៉ែត្រ។ ដូច្នេះ ភ្ញៀវទេសចរងាយស្រួលពេលមកលម្ហែកាយនៅរមណីយដ្ឋានល្បាក់ថ្មចានទាប និងឆៀងចូលគោរពបូជាវិហារម៉ាងឡាំង។
ផ្លូវចូលបន្ទប់ប្រវេណី។
បន្ទប់ប្រវេណីស្ថិតនៅក្រោមដំបកនេះ គឺជាកន្លែងរក្សាទុកគម្ពីរ “ក្បួនអប់រំ៨ថ្ងៃ” របស់បូជាចារ្យ Alexandre de Rhodes។ គម្ពីរនេះមានតម្លៃពិសេស គឺបោះពុម្ពជាឧភយភាសាឡាតាំងនិងវៀតត្រូវបានបោះពុម្ពនៅឆ្នាំ១៦៥១ នៅប្រទេសអ៊ីតាលី។
គម្ពីរ “ក្បួនអប់រំ៨ថ្ងៃ” របស់បូជាចារ្យ Alexandre de Rhodes ត្រូវបានដាក់តាំងក្នុងទូកញ្ចក់ ដើម្បីភ្ញៀវទេសចរងាយស្រួលទស្សនា។
ចំណាប់អារម្មណ៍ដំបូងពីវិហារម៉ាងឡាំងចំពោះភ្ញៀវទេសចរ នោះគឺលក្ខណៈបុរាណ មានអាយុកាលជាងមួយសតវត្សរ៍។ វិហារត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មហ្គោធិក (Gothic) ដិតដាមដោយរចនាបថអឺរ៉ុបនៅដើមសតវត្សរ៍ទី១៩។ ម្យ៉ាងទៀត ពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែកនូវលក្ខណៈអក្សរសាស្ត្រជាតិដំបូងរបស់ប្រទេសយើង តាមរយៈគម្ពីរក្បួនអប់រំ៨ថ្ងៃរបស់បូជាចារ្យដាក់ឡោ និងស្តាប់និទានរឿងព្រះអម្ចាស់ Andre ភូអៀង បូជាចារ្យដំបូងនៃវិហារម៉ាងឡាំង។ ប្រជាជនភូអៀង បកស្រាយអំពីឈ្មោះវិហារម៉ាងឡាំង គឺអាស្រ័យសាសនិកកាតូលិកកំណត់យកតាមឈ្មោះនៃដើមឈើមួយប្រភេទដែលដុះច្រើននៅតំបន់សមុទ្រទ្វីអាងកាលនោះ។
ជាការពិត ភ្ញៀវទេសចរប្រាកដនឹងកោតសរសើរពីស្ថាបត្យកម្មនៃវិហារបុរាណ ស្ថាបត្យកម្មហ្គោធិក ដែលជារចនាបថត្រូវបានសាងសង់តាំងពី១.២០០ឆ្នាំ មុនគ្រិស្តសករាជ។ ស្ថាបត្យកម្ម ហ្គោធិក មានភាពរុងរឿងបំផុតនៅសតវត្សរ៍ទី ១៨ និងទី១៩ អគារធំៗនៅទ្វីបអឺរ៉ុបកាលនោះ ត្រូវបានសាងសង់តាមទម្រង់នេះ ពិសេសគឺ សំណង់សាលារដ្ឋបាលក្រុង វិហារនិងសាលារៀនជាដើម។ សំណង់ជាច្រើនលើពិភពលោក ដែលសាងសង់តាមលំនាំស្ថាបត្យកម្មនេះ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕
ហាថាញ-មុនី