ពិធីបុណ្យអកអំបុកប្រណាំងទូក-ង ខេត្តសុកត្រាំង ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកានៅក្រុងសុកត្រាំង។ ដើម្បីត្រៀមបម្រុងឱ្យការអុំប្រណាំងគ្រប់វត្តដែលមានទូក-ងកំពុងតែហាត់សមយ៉ាងពុះពោរ សង្ឃឹមថានឹងយកឈ្នះរៀងៗខ្លួន។
ទិដ្ឋភាពហាត់សមរបស់ទូកនារីវត្តទំនប់។
យោងតាមគណៈជនជាតិខេត្តសុកត្រាំង តាមការគ្រោងទុកនឹងមានទូក-ងបុរស នារីប្រមាណ៥០ទូក នៅក្នុងនិងក្រៅខេត្តចូលរួមអុំប្រណាំងដណ្តើមពានរង្វាន់។ ទូក-ងផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក១.២០០ម៉ែត្រ ទូក-ងផ្នែកនារីអុំប្រណាំង ចម្ងាយខ្សែទឹក១.០០០ម៉ែត្រ នៅវេទិកាប្រណាំងទូក-ង ក្រុងសុកត្រាំង។
កីឡាករ គ្រូបង្វឹក សុទ្ធសឹងជាកសិករ កម្មករ ជាងសំណង់ ដែលស្រឡាញ់ចូលចិត្តវិញ្ញាសាកីឡាប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរ។ បងយឿងហឿង កីឡាករទូក-ងវត្តទំនប់ ឱ្យដឹង៖ “ខ្ញុំចូលរួមអុំទូក-ងអស់រយៈកាល ១២ឆ្នាំ ដូច្នេះ ពេលត្រឡប់មកពីធ្វើកម្មករសំណង់ ខ្ញុំប្រញាប់ទៅវត្តដើម្បីហាត់សម។ កីឡាទូក-ងជាវិញ្ញាសាដែលខ្ញុំស្រឡាញ់ពេញចិត្តបំផុត ម៉្លោះហើយពេលឮសំឡេងកញ្ចែរបស់គ្រូបង្វឹក ខ្ញុំរសាប់រសល់មិនអាចនៅផ្ទះបានឡើយ។ ខ្ញុំអុំទូក-ងបុរស ចំណែកប្រពន្ធខ្ញុំអុំទូក-ងនារី ប្តីប្រពន្ធស្របចិត្តស្របគំនិត ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ”។
ដោយសារស្មារតីស្រឡាញ់កីឡានិងមានភាពសាមគ្គីគ្នាក្នុងពេលហាត់សម អុំប្រណាំង ទើបឆ្នាំ២០២០ ទូក-ងបុរសវត្តទំនប់ទទួលបានរង្វាន់លេខ១។ ចំណែកទូក-ងផ្នែកនារី ត្រូវបានចាត់ទុកថាពូកែបំផុតក្នុងខេត្ត តែងទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ក្នុងការប្រណាំងថ្នាក់ខេត្តនិងថ្នាក់តំបន់។ បងស្រីថាច់ធីផល ជាកីឡាការិនីអុំទូក-ងនារីវត្តទំនប់ ឱ្យដឹង៖ “ខ្ញុំមានស្រុកកំណើតនៅឃុំតាយវ៉ាង់ ស្រុកត្រឹងដេ ចូលរួមអុំទូក-ងវត្តទំនប់បាន៦ឆ្នាំ។ ហេតុនេះ ពេលទទួលបានទូរស័ព្ទកោះហៅពីព្រះចៅអធិការវត្តឱ្យមកជួបជុំដើម្បីហាត់សមគឺខ្ញុំតែងមានមុខ។ ទោះបីនារីត្រូវទទួលរ៉ាប់រងការងារសព្វសារពើក្នុងគ្រួសារ ប៉ុន្តែដោយសារការស្រឡាញ់ចូលចិត្តកីឡាទូក-ង ការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ដូច្នេះ យើងខ្ញុំរៀបចំការងារគ្រួសារ ឱ្យមានវគ្គមានស្នើ ដើម្បីចូលរួមហាត់សមនិងអុំប្រណាំង”។
យោងតាមថេរដីការបស់ព្រះតេជព្រះគុណ ឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ វិញ្ញាសាកីឡាប្រណាំងទូក-ង គឺសម្តែងបង្ហាញពីស្មារតីសាមគ្គីក្នុងភូមិស្រុក។ ពីព្រោះទូក-ង មួយៗមានកីឡាករទាំងអស់ជាង៦០នាក់ ដូច្នេះ ត្រូវសាមគ្គីគ្នាទើបអាចដណ្តើមបានភាពជោគជ័យ។ ក្រុមទូកនីមួយៗវិនិយោគតាំងពីការហាត់ សមរហូតដល់ទៅអុំប្រណាំង ចំណាយថវិកា ប្រមាណ១៥០លានដុង ថវិកាទាំងនេះ អាស្រ័យមាមីងពុទ្ធបរិស័ទ សប្បុរសជននិងអាជីវកម្មរួមវិភាគទាន។ ព្រះតេជព្រះគុណ ឡឹមហ៊ីប មានថេរដីកា៖ “ឆ្នាំនេះ វត្តមានទូក-ង២គ្រឿង គឺ ទូក-ងផ្នែកបុរសនិងទូក-ងផ្នែកនារីចូលរួមអុំប្រណាំង ដូច្នេះ ក្រោយពីបុណ្យសែនដូនតា ក្រុមទូកចាប់ផ្តើមធ្វើការហាត់សម។ ដោយសង្កេតឃើញ ក្រុមទូកហាត់សមបានល្អ វិសេស គឺមានការសាមគ្គីខ្ពស់ ប្តេជ្ញាចិត្តយកឈ្នះ សង្ឃឹមថា ឆ្នាំនេះក្រុមទូក-ងវត្តទំនប់ប្រាកដនឹងទទួលបានលទ្ធផលល្អ”៕
លីធាន-មុនី