ដុងថាប គឺជាជម្រើសដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តជិតដិតនឹងធម្មជាតិ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីព្រៃឈើ បឹងឈូក និងភ្លក់រសជាតិម្ហូបអាហារឆ្ងាញ់ៗជាដើម។
ទស្សនាពីលើប៉ម ភ្ញៀវទេសចរអាចគយគន់ដងព្រៃធម្មជាតិដ៏ធំល្វឹងល្វើយ។
ផ្ទះស្លឹកស្ថិតក្នុងមណ្ឌលកេរដំណែល។
ភ្ញៀវទេសចរអាចដើរកម្សាន្តក្រោមម្លប់ឈើ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។
វត្ថុអនុស្សាវរីយ៍ បានលក់ដោយតម្លៃសមរម្យ។ ពិសេស គឺមានផលិតផលបានច្នៃពីឈូកដ៏ឆ្ងាញ់។
ទីតាំងប៉ម ទាក់ទាញភ្ញៀវទេសចរច្រើនកុះករពេលមកកាន់មណ្ឌលកេរដំណែលស៊ែវឃ្វិច។
ដុងថាបជាខេត្តមួយអភិវឌ្ឍវិស័យទេសចរណ៍យូរបង្គួរ។ ពីមុន ដីតំបន់នេះល្បីឈ្មោះដោយចម្ការផ្កាកូឡាប បឹងឈូក មណ្ឌលកេរដំណែលប្រវត្តិសាស្រ្តស៊ែវឃ្វិច ឱទ្យានជាតិ ត្រាមជីម និងបូជនីយដ្ឋានអ៊ំហូ។ល។ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដុងថាបបានអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗជាច្រើនគួរឱ្យចាប់អារម្មណ៍ ដូចជា៖ ភូមិផ្កាសាដែក មណ្ឌលកេរដំណែលហ្គថាបជាដើម។
ខេត្តដុងថាប មានភាពទាក់ទាញភ្ញៀវទេសចរដោយការរួមបញ្ជូលគ្នារវាងទេសចរណ៍ធម្មជាតិនិងការស្វែងយល់ប្រវត្តិសាស្ត្រ ខណៈពេល មកទស្សនានៅតាមមណ្ឌលកេរដំណែល។ តួយ៉ាងដូចនៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តស៊ែវឃ្វិច។ ទីតាំងទេសចរណ៍នេះចំណុះក្រុងកាវឡាញ់ ម្ល៉ោះហើយងាយស្រួលសម្រាប់ភ្ញៀវទេសចរស្វែងរកណាស់។ នៅទីនេះមានខ្យល់អាកាសត្រជាក់ស្រួល ពីព្រោះមណ្ឌលទេសចរណ៍ទាំងមូលគ្របដណ្ដប់ក្នុងដងព្រៃធម្មជាតិ សុទ្ធសាធដ៏ធំល្វឹងល្វើយ។ ជាមួយនឹងភូមិសាស្រ្តធម្មជាតិ ភ្ញៀវទសចរអាចជ្រើសរើសនូវ សកម្មភាពខាងក្រៅតាមបំណង។ ភ្ញៀវទេសចរអាចឡើងទៅឈរលើប៉មដើម្បីបានទស្សនាដងព្រៃដ៏ធំល្វឹងល្វើយ ដោយមានដើមស្មាច់ធំៗជាច្រើន។ ក្នុងរដូវស្មាច់ចេញផ្កា សាយក្លិនក្រអូបជាប់តាមដំណើរភ្ញៀវទេសចរ។ ពីលើប៉ម ភ្ញៀវទេសចរអាចមើលឃើញទូកបីសន្លឹកនៅតាមប្រឡាយតូចៗ ហើយយើងអាចនឹកស្រមៃដល់ដំណាក់កាលមួយដែលបុព្វបុរសរបស់យើងក៏បានប្រើប្រាស់មធ្យោបាយនេះសម្រាប់ធ្វើដំណើរ និងឡើងវិធានការវាយប្រហារសត្រូវផងដែរ។
សព្វថ្ងៃនេះ នៅតាមមូលដ្ឋានបដិវត្តិជាន់ដើម យើងអាចទស្សនាផ្កាឈូក ស្ទួចត្រី ដើរកម្សាន្តក្រោមម្លប់ដើមឈើ និងគយគន់បក្សាបក្សីហើរមកកាន់សម្បុកនៅរាល់ពេលរសៀល។ បរិយាកាសមួយស្ងប់ស្ងាត់ដល់ថ្នាក់ លោកអ្នកអាចឮសំឡេងមូសហើរនៅក្បែរត្រចៀក។ ការបានជិតដិតធម្មជាតិ ឆ្លងកាត់បទពិសោធន៍លំហែអារម្មណ៍ និងភ្លក់រសជាតិភេសជ្ជៈទឹកដោះ គ្រាប់ឈូកក្រអូបផ្អែម ឬភេសជ្ជៈទឹកយិនស៊ិន ស្លឹកឈូកដ៏ត្រជាក់នឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ល្ហែល្ហើយដ៏កម្រមាន។
ប្រសិនបើនៅមានពេលវេលាច្រើន ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ភូមិផ្កាសាដែក។ ដើរទស្សនាកម្សាន្តមួយជុំភូមិផ្កា និងស្វែងយល់ ពីរបៀបរស់នៅរបស់ប្រជាជននៅទីនេះ ទោះបីមានដីតិចតួចក៏ដោយ ប៉ុន្តែមានជីវភាពលំនឹងដោយរបរដាំផ្កា។ មកកាន់ភូមិផ្កាក្នុងរដូវផ្លែល្មើទុំ ភ្ញៀវទេសចរនឹងបានភ្លក់រសជាតិផ្លែល្មើស្រស់ពណ៌លឿង ស្រួយ និងមានរសជាតិផ្អែមឆ្ងាញ់៕
ហាថាញ - វិមាន