កីឡា - ទេសចរណ៍ ទេសចរណ៍

12/09/2023 - 09:39

មណ្ឌល​សម្រាក​លំ​ហែ​កាយ​នៅ​ហូម៉ៃ

ហូម៉ៃ ជា​មណ្ឌល​ទេស​ចរណ៍​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ធំ​របស់​ក្រុង​វុង​តាវ។​ ផ្ទុយ​ពី​ភាព​អ៊ូ​អរ​នៅ​តាម​មណ្ឌល​សកម្ម​ភាព​ទេស​ចរណ៍​ឆ្នេរ​សមុទ្រ​ រាត្រី​នៅ​ហូម៉ៃ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ជា​មិន​ខាន។​

មណ្ឌល​ទេស​ចរណ៍​បែប​ជំ​នឿ​សាសនា​នៅ​ហូម៉ៃ។​

បើ​មិន​បាន​ឡើង​ដល់​កំ​ពូល​ភ្នំ​ធំ​ទេ​ ភ្ញៀវ​ទេស​ចរ​ប្រា​កដ​ជា​មិន​អាច​នឹក​ស្មាន​ថា​មាន​បរិយា​កាស​ដ៏​ស្រ​ឡះ​ស្រ​ឡំ​អស្ចារ្យ​ដល់​ម្លុឹង​សោះ។​ បរិវេណ​នៃ​មណ្ឌល​ទេស​ចរណ៍​ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ ដោយ​មាន​ស្រះ​ទឹក​ដ៏​ថ្លា​យង់​នៅ​លើ​កំពូល​ភ្នំ​ ឯ​បន្ទប់​សម្រាក​លម្ហែ​កាយ​វិញ​គឺមាន​ពី​កម្រិត​មធ្យម​ដល់​កម្រិត​ខ្ពស់។​ ជា​ទី​តាំង​មួយ​អាច​សម្លឹង​ឃើញ​គ្រប់​ទិស​ ពេល​គយ​គន់​ពី​លើ​កំ​ពូល​ភ្នំ​ដែល​មាន​កម្ពស់​ជាង​២០០​ម៉ែត្រ​នេះ។​ ឡើង​ទៅ​មណ្ឌល​ទេស​ចណ៍​ហូម៉ៃ​នៅ​ថ្ងៃ​ដែល​អា​កាស​ធាតុ​ល្អ​ ភ្ញៀវ​ទេស​ចរ​អាច​សម្លឹង​ឃើញ​សមុទ្រ​កឹង​យើ​នៃ​ក្រុង​ហូជី​មិញ​ទៀត​ផង។​ តែ​អស្ចារ្យ​បំ​ផុត​ គឺអាច​គយ​គន់​ទេស​ភាព​ក្រុង​វុង​តាវ ដែល​ពពាក់​ពពូន​ដោយ​ភ្ញៀវ​ទេស​ចរ​គ្រប់​ជាតិ​សាសន៍។​ បុរស​មគ្គុ​ទេសក៍​ម្នាក់​នៅ​ហូម៉ៃ បាន​រៀប​រាប់​ថា​ ក្នុង​ដំ​ណាក់​កាល​សាង​សង់​មណ្ឌល​ទេស​ចរណ៍នេះ​ ពេល​ព្រឹក​ កម្ម​ករ​ធ្វើ​ការ​នៅ​ទី​នេះ​ សម្លឹង​ឃើញ​ដុំ​ពពក​រសាត់​ជាប់​នឹង​ផ្ទៃ​ទឹក​ស្រះ​ ទើប​ម្ចាស់​វិនិ​យោគ​សម្រេច​ដាក់​ឈ្មោះ​ថា​ ហូ​ម៉ៃ ដូច្នេះ​ឯង។​

រូប​សំ​ណាក​មេទ័ព​ ត្រឹង​ក្វឹក​ត្វឹង​ បាន​សាង​ឡើង​នៅ​លើ​កំ​ពូល​ភ្នំ​ធំ។​

ទស្សនា​តន្ត្រី​ប្រ​ភព​ទឹក​ចម្រុះ​ពណ៌​នៅ​ហូម៉ៃ។​

ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ហូម៉ៃ​ហាក់​ដូច​ជា​មាន​គ្រប់​សព្វ​សកម្ម​ភាព​កម្សាន្ត​សប្បាយ​ ចាប់​ពី​ការ​ជិះ​ស្គី ជិះ​កង​បង្វិល​ និង​បាញ់​កាំ​ភ្លើង​ជា​ដើម​ រហូត​ដល់​សកម្ម​ភាព​ឆ្លង​កាត់​បទ​ពិសោធន៍​សម្រាប់​សិស្ស។​ នៅ​ទីនេះ​ មាន​ទាំង​សត្វ​ប្រើ​សចិញ្ចឹម​ព្រ​លែង​ ពួក​វា​ស្និទ្ធ​នឹង​ភ្ញៀវ​ទេស​ចរ​ខ្លាំង​ណាស់​ ចំ​ណែក​សត្វ​អូទ្រិស និង​សេះ​វិញ​ក៏​បាន​គេ​ផ្សាំង​ ភ្ញៀវ​ទេស​ចរ​អាច​ជិះ​វា​កម្សាន្ត​ជុំ​វិញ​ស្រះ។​ មណ្ឌល​ទេស​ចរណ៍​ហូម៉ៃ នៅ​ទាំង​មាន​សួន​ស្នេហ៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​ផ្ដិត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត​ទៀត​ផង។​

ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​សម្រប​ខ្លួន​នឹង​ធម្ម​ជាតិ​ គួរ​ជ្រើស​រើស​ស្នាក់​នៅ​ទីនេះ​ ព្រោះ​ថា​នៅ​ហូម៉ៃ​អា​កាស​ធាតុ​អស្ចារ្យ​ខ្លាំង​ណាស់។​ ដង​ភ្នំ​មាន​ដើម​ឈើ​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ មាន​ស្រះ​ទឹក​ ដុំ​ពពក​រសាត់​។ល។​ គឺជា​”ផលិត​ផល​ដ៏​ប្រ​ណីត” ហើយ​មាន​តែ​ភ្ញៀវ​ទេសចរ​ដែល​ជ្រើស​រើស​ស្នាក់​នៅ​ពេល​រាត្រី​លើ​កំពូល​ភ្នំ​ធំ​ ទើប​អាច​យល់​ពី​ភាព​អស្ចារ្យ​យ៉ាង​ណា។​ ហើយ​នៅ​ពេល​បាន​ស្រូប​យក​នូវ​បរិយា​កាស​នៃ​សម្រស់​ធម្ម​ជាតិ​ដ៏​ពិសេស​នេះ​ ក៏​ដូច​ជា​អា​កាស​ធាតុ​ដ៏​បរិសុទ្ធ​លើ​កំ​ពូល​ភ្នំ​ ភ្ញៀវ​ទេស​ចរ​ប្រា​កដ​ជា​យល់​ថា​ ហេតុ​ម៉េច​បាន​ជា​គ្រប់​គ្នា​ប្រៀប​ហូម៉ៃ គឺជា​ដា​ឡាត​ទីពីរ។​

ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​តែង​នឹក​គិត​ថា​ អំ​ឡុង​ពេល​ក្បាល​ព្រ​លប់​នៅ​ហូម៉ៃ​ប្រា​កដ​ជា​អស្សុក​ខ្លាំង​ណាស់​។​ ត្រង់​ចំ​ណុច​ហ្នឹង​សូម​ភ្ញៀវ​ទេស​ចរ​ទុក​ចិត្ត​ចុះ​ នៅ​ទីនេះ​មាន​កម្ម​វិធី​តន្ត្រី​ប្រ​ភព​ទឹក​ចម្រុះ​ពណ៌​ នឹង​ធ្វើ​ភ្ញៀវ​ទេស​ចរ​ពេញ​ចិត្ត​ពេញ​ថ្លើម​ជា​មិន​ខាន។​ បន្ទាប់​មក​គឺបន្ទប់​បញ្ចាំង​ភាព​យន្ត​ 7D របស់​ហូម៉ៃ នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ផ្ងាក់​ផ្ងើក​ជា​មិន​ខាន​ពេល​កៅ​អី​វិល។​ បន្ទាប់​ទៀត​ គឺ​បរិយា​កាស​នៃ​ការ​ភ្លក់​រសជាតិ​កា​ហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ និង​គយ​គន់​ទេស​ភា​ព​ក្រុង​វុង​តាវ ដ៏​ស្រស់​ស្អាត​នា​ពេល​រាត្រី​ ហាក់​ដូច​ជា​ចំ​ណិត​ព្រះ​ខែ​រនោច​ជាប់​នឹង​ឆ្នេរ​សមុទ្រ។​ ហើយ​ត្រឡប់​មក​បន្ទប់​គេង​ដ៏​ត្រ​ជាក់​ប្រ​កប​ដោយ​ផា​សុក​ភាព​ក្នុង​បរិយា​កាស​ដ៏​ស្ងប់​ស្ងាត់​ ល្ហែល្ហើយ។​ បន្ទាប់​ពី​ការ​លង​លក់​ដ៏​ស្កប់​ស្កល់​ ភ្ញៀវ​ទេស ចរ​គប្បី​ក្រោក​ពី​ព្រ​លឹម ដើម្បី​គយ​គន់​អរុណោ​ទ័យ​បង្អួត​សម្រស់៕​

                             ហា​ថាញ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ