ទោះជាតំបន់ “ដីក្រៀមក្រោះ” ប៉ុន្តែខេត្តនិញប៊ិញ បែរជាមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកទេសចរមកទស្សនាគោរពបូជាយ៉ាងច្រើនកុះករ ពិសេសគឺនៅរដូវបុណ្យដូចសព្វថ្ងៃនេះ។
ជាទីសក្ការបូជាមានដាក់តម្កល់បដិមាព្រះអរហន្តវែងបំផុតនៅអាស៊ី។
នៅខែ ១ (ចន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ គឺជាឱកាសដែលវិហារវត្តអារាមនៅខេត្តនិញប៊ិញ ទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់រៀងរាល់ថ្ងៃ។ ច្រើនបំផុត គឺនៅថ្ងៃចុងសប្តាហ៍ ភ្ញៀវពីគ្រប់ទិសទីមកគោរពបូជាយ៉ាងច្រើនកុះករ។ ក្រៅពីកក្តាជំនឿទៅវិហារ វត្តអារាមគោរពបូជានៅដើមឆ្នាំ ពេលនេះនៅនិញប៊ិញអាកាសធាតុត្រជាក់ខ្លាំង តែមេឃបើកក្តៅ ដូច្នេះ សមស្របសម្រាប់ភ្ញៀវដើរទស្សនាកម្សាន្តនិទាឃរដូវ។ អាកាសធាតុ គឺជាកក្តាចម្បងកំណត់សម្រេចថាដំណើរទេសចរប្រកបដោយជោគជ័យដែរឬទេ ប៉ុន្តែវាមិនថ្វី ចំពោះអ្នកដែលធ្លាប់និងនៅតែស្រឡាញ់ ចូលចិត្តនិញប៊ិញនោះទេ។ បងស្រីង្វៀងធីវ៉ាន់សឺ អាណិកជនកាណាដា ឱ្យដឹង៖ “ខ្ញុំស្រឡាញ់ ចូលចិត្តនិញប៊ិញណាស់ ព្រោះទឹកដីនៅទីនេះ ស្រស់ស្អាត។ នៅខែ ១ អាកាសធាតុត្រជាក់ អង្គុយទូកតាមដងព្រែកចូលទៅទស្សនាតាមកុក គឺជាការឆ្លងកាត់បទពិសោធន៍ដ៏ពិសេសមួយ ទោះបីធ្វើដំណើរកម្សាន្តជាច្រើនប្រទេស ប៉ុន្តែខ្ញុំពុំទាន់ឃើញមានកន្លែងណាដែលអាចប្រៀបផ្ទឹមនឹងនិញប៊ិញបានឡើយ។ ផ្ទៃទឹកខៀវស្រងាត់ ចាំងពន្លឺរស្មីផ្លេកៗលើកំពូលភ្នំយ៉ាងគាប់នេត្រា។ ពិសេស ទេសភាពកាន់តែស្រស់ស្អាតពេលហ្វូងពពែ កំពុងស្វែងរកស្មៅឈរអើតលើកំពូលភ្នំ។ និញប៊ិញអន្ទងចិត្តភ្ញៀវទេសចរ ព្រោះនៅទីនេះធម្មជាតិអំណោយផល មានទេសភាពដ៏ស្រស់ត្រកាល។ និញប៊ិញពិតជាអស្ចារ្យមែន ប្រៀបដូចជាផ្ទាំងគំនូរពណ៌ទឹកដែលមានទាំងភ្នំថ្ម ទឹក និងជីវិតឈានឡើងពីភាពលំបាក”។
រាជធានីហ្វាលឺ។
សម្រស់ទេសភាពតាមកុក។
មិនត្រឹមតែបានធម្មជាតិប្រទានទេសភាពដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ និញប៊ិញថែមទាំងមានកម្រាស់ប្រវត្តិសាស្ត្រ អន្ទងទឹកចិត្តភ្ញៀវទេសចរដែលចង់ឈ្វេងយល់ពីអតីតកាល។ លោកអ្នកចំណាយពេលពេញមួយថ្ងៃដើម្បីឈ្វេងយល់ពីរាជធានីបុរាណហ្វាលឺ កន្លែងរក្សាទុកដើមត្រែងពីរជ្ជកាលឌិញប៊ូឡឺន លេងល្បែងកុប្បកម្ម។ ចូលទៅគោរពទីសក្ការបូជាព្រះមហាក្សត្រនៃរជ្ជកាលឌិញ រជ្ជកាលឡេ នៅក្នុងរមណីយដ្ឋានរាជធានីបុរាណ លោកអ្នកប្រាកដជាមានមោទនភាពចំពោះដំណាក់កាលនៃប្រវត្តិសាស្ត្រដ៏អង់អាច ព្រោះមានបុព្វការីជនដ៏អស្ចារ្យ។ គ្រប់វត្ថុអនុស្សាវរីយ៍ ដើមឈើគ្រប់ច្រកល្ហកទាំងអស់ក្នុងរាជធានីបុរាណ ក៏ធ្វើឱ្យលោកអ្នកនឹកគិតថ្លឹងថ្លែងពីតួនាទីត្រូវតែអភិរក្ស និងពង្រីកតម្លៃវប្បធម៌វៀតណាម ដែលបុព្វការីជនបានពុះពារកសាងឡើង។
វិហារ វត្តអារាមព្រៃភ្នំ ទន្លេបឹងបួរនៅនិញប៊ិញ បន្ទាប់ពីបានឆ្លងកាត់ថ្វីដៃមនុស្សកាន់តែមានភាពទាក់ទាញដោយទេសភាពដ៏ស្រស់ស្អាត។ ប្រសិនភ្ញៀវទេសចរមិនជ្រើសរើស មកកាន់តាមកុក អាចចំណាយពេញមួយថ្ងៃ ដើម្បីឈ្វេងយល់ពីត្រាងអាង និងឆៀងចូលគោរពបូជាវត្តបាយឌិញចាស់ រួចបន្តដំណើរទៅវត្តបាយឌិញថ្មី ដែលជាអាសយដ្ឋានទេសចរណ៍សាសនា ជាទីសក្ការបូជាមានដាក់តម្កល់បដិមាព្រះអរហន្តវែងបំផុតនៅអាស៊ី និងចេតិយខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍… ។
ពេលមកដល់និញប៊ិញ មិត្តកុំភ្លេចភ្លក់រសជាតិមុខម្ហូបដែលចម្អិនពីសាច់ពពែភ្នំ ព្រោះរសជាតិនេះ ក្រៅពីនិញប៊ិញប្រាកដជាគ្មានឡើយ៕
ហាថាញ-មុនី