06/02/2023 - 14:55

ការ​ផ្លាស់​ប្តូរ​នៃ​កីឡា​បាល់​ទះ​នារី​មុន​រដូវ​កាល​ថ្មី​

បាល់​ទះ​នារីថ្នាក់​ជាតិ​ តែង​ទាក់​ទាញ​អ្នក​គាំទ្រ​មិន​ថា​ក្នុង​ការ​ប្រ​កួត​អន្តរ​ជាតិ​ ឬក្នុង​ប្រទេស​នោះ​ទេ។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​មុន​រដូវ​កាល​នីមួយ​ៗតែង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អា​រម្មណ៍​។

ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដំបូង​គេ គឺ​ក្រុម​នៅ​ភូមិ​ភាគ​ខាង​លិច ពេល​ដែល​ VTV  -ប៊ិញ​ដៀង​ឡុង​អាង បាន​ប្រកាស​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក។ អ្នក​ដែល​បាន​ជ្រើស​រើស​ជំនួស​គ្រូ​បង្វឹក លឿង​ង្វៀង​ង៉ុក​ហៀង​ គឺ​អ្នក​ជំនួយ​ការ​គ្រូ​បង្វឹក ឡេ​ថាញ​ប៊ិញ​។ តាម​ពិត​ទៅ​គ្រូ​បង្វឹក​ថាញ​ប៊ិញ​ ក៏​មិន​ចម្លែក​ចំ​ពោះ​អ្នក​គាំ​ទ្រ​ទេ ព្រោះ​គាត់​ធ្លាប់​ជា​អត្ត​ពលិក​របស់​ VTV - ប៊ិញ​ដៀង​ឡុង​អាង ផ្នែក​បាល់​ទះ​បុរស​។ បន្ទាប់​ពី​ចូល​និវត្តន៍​ លោក​បាន​ផ្លាស់​ទៅ​ធ្វើ​ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​យុវ​វ័យ​ ក្រុម​បុរស​ និង​ក្រុម​នារី​ប៊ិញ​ដៀង ឡុង​អាង រហូត​មក​ដល់​បច្ចុប្បន្ន​។ ជា​ពិសេស​ គ្រូ​បង្វឹកឡេ​ថាញ​ប៊ិញ​ ក៏​ជា​ស្វាមី​របស់​អតីត​កីឡា​ការិនី​នៃ​ក្រុម​ជម្រើស​ជាតិ​និង​ VTV - ប៊ិញ​ដៀង​ ឡុង​អាង គឺ​កីឡា​ការិនី ង្វៀង​ធីង៉ុក​ហ្វា។ ដែល​ជា​សមាជិក​ក្រុម​ឡុង​អាង​ផង​ដែរ​ ប៉ុន្តែ​អ្នក​គាំទ្រ​ពិត​ជា​ព្រួយ​បារម្ភ​ចំ​ពោះ​តំ​ណាង​តែ​មួយ​គត់​នៃ​ភូមិ​ភាគ​ខាង​លិច សម្រាប់​ទីលាន​ប្រកួត​បាល់​ទះ​ធំ​បំ​ផុត​ក្នុង​ប្រទេស​ មុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​ឆ្នាំ​ ២០២៣។

អ្នក​គាំ​ទ្រ​ធ្លាប់​ចោទ​សួរ​រឿង​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក​ក្រុម​ VTV - ប៊ិញ​ដៀងឡុង​អាង ដោយ​មូល​ហេតុ​គ្រូ​បង្វឹក​ង៉ុក​ហៀង​ បរា​ជ័យ​ក្នុង​ការ​ការ​ពារ​មេដាយ​មាស​ក្នុង​មហោ​ស្រព​កីឡា​ជាតិ​នាពេល​ថ្មី​ៗនេះ​។ ប៉ុន្តែ​បើ​តាម​ថ្នាក់​ដឹក​នាំ​ក្រុម​បាល់​ទះ​ឡុង​អាង នេះ​ជា​ការ​សម្រេច​តាម​សំ​ណូម​ពរ​របស់​គ្រូ​បង្វឹក​ហៀង​ ព្រោះ​គាត់​មាន​វ័យ​ចាស់​និង​សុខ​ភាព​ចុះ​ខ្សោយ​។ សូម​រំ​លឹក​ថា ក្នុង​រដូវ​កាល​ឆ្នាំ​ ២០២២ មាន​ពេល​ខ្លះ​គ្រូ​បង្វឹក​ថាញ​ប៊ិញ​ ក៏​បាន​ជំនួស​លោក​ស្រីហៀង​ ដឹក​នាំ​ក្រុម​ ដោយ​សារ​សុខ​ភាព​របស់​គ្រូ​បង្វឹក​មិន​បាន​ល្អ​។ នៅ​ VTV - ប៊ិញ​ដៀង​ឡុង​អាង ប្រធាន​ក្រុម​ត្រឹង​ធី​ថាញ​ធ្វី បាន​បន្ត​ទៅ​ប្រ​កួត​ ឱ្យ​ក្លឹប PFU BlueCats នៅ​ប្រ​ទេស​ជប៉ុន​។ កង្វះ​ “អ្នក​ដឹក​នាំ​” ថាញ​ធ្វី ខណៈ​ដែល​កម្លាំង​កីឡា​ការិនី​វ័យ​ក្មេង​មិន​ទាន់​ “ទុំ​” តើគ្រូ​បង្វឹក ថាញ​ប៊ិញ​ នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​នូវ​ស្នាដៃ​របស់​ក្រុម​ គឺ​ជា​សំ​ណួរ​មួយ​ត្រូវ​ការ​ពេល​វេលា​ឆ្លើយ​តប​។

កីឡា​ការិ​នីឌិញ​ធីត្រា​យ៉ាង​ បង្ហាញ​មុខ​នៅ​ក្លឹប​ថ្មី​ ប្រទេស​ថៃ​។

ដំណឹង​ល្អ​មួយ​ទៀត​សម្រាប់​កីឡា​បាល់​ទះ​ ក្នុង​ប្រ​ទេស​ គឺ​កី​ឡា​ការិនី​ឌិញ​ធីត្រា​យ៉ាង​ ទើប​តែ​ចុះ​កុង​ត្រា​ប្រកួត​ឲ្យក្រុម​ 3BB Nakornnont របស់​ថៃ​។ ស្រី​ស្អាត​នៃ​ក្រុម​ជម្រើស​បាល់​ទះ​វៀត​ណាម​នឹង​មាន​ឱកាស​ប្រកួត​ជា​មួយ​អត្ត​ពលិក​លំ​ដាប់​កំ​ពូល​។ សង្ឃឹម​ថា ត្រា​យ៉ាង​ ក៏​ដូច​ជា​ថាញ​ធ្វី រៀន​សូត្របាន​ច្រើន​ពី​អត្ត​ពលិក​ប្រ​ទេស​មិត្ត​ ដើម្បី​បម្រើ​ដល់​ក្រុម​ជម្រើស​ជាតិ​។

ចំ​ណែក​ឯតទគ្គករ​រក​បាន​ពិន្ទុ​ច្រើន​បំ​ផុត​នៅ​វៀត​ណាម​ ង្វៀង​ធីប៊ិច​តៀង​ នឹង​ទៅ​ណា​មក​ណា ពេល​បញ្ចប់​កុង​ត្រា​ជា​មួយ​ណិញ​ប៊ិញ​ គឺ​ ជា​សំ​ណួរ​មួយ​មិន​ទាន់​មាន​ចម្លើយ។ ប្រ​សិន​បើ​ប៊ិច​តៀង​ ត្រ​ឡប់​មក​វិញ​ឡុង​វិញ​ នាង​ត្រូវ​ប្រកួត​នៅ​ពាន​រង្វាន់​ថ្នាក់​ A តែ​ប្រ​សិន​បើណិញ​ប៊ិញ​ បន្ត​ចុះ​កុង​ត្រា​ជា​មួយ​នាង​ តើ​ប្រាក់​ខែ​និង​ប្រាក់​រង្វាន់ប៉ុន្មាន​សម្រាប់​អ្នក​គក់​បាល់​ដ៏​ឆ្នើមរូប​នេះ​? ក្រៅ​ពី​ណិញ​ប៊ិញ​ គឺ​មាន​ក្លឹប “អ្នក​មាន​” ឯទៀត​នៃ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ ក៏​ចង់​បាន​ “ម៉ា​ស៊ីន​រក​ពិន្ទុ” ប៊ិច​តៀង​សម្រាប់​ក្រុម​របស់​ខ្លួន​នៅ​រដូវ​កាល​ថ្មី​នេះ​ដែរ​៕

                                ហា​ថាញ - សុផន

ចែករំលែកអត្ថបទ