វត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ ទើបបានសម្ព័ន្ធសមាគមទេសចរណ៍វាលរាបទន្លេគីវឡុង ផ្ដល់ជូនវិញ្ញាបនបត្រជារមណីយដ្ឋានទេសចរណ៍លេចធ្លោរបស់តំបន់។ នេះគឺជារមណីយដ្ឋានទេសចរណ៍មួយក្នុងចំណោមរមណីយដ្ឋានទាំង ១០ របស់ខេត្ត ដែលបានសម្ព័ន្ធសមាគមទេសចរណ៍ទទួលស្គាល់ជារមណីយដ្ឋានទេសចរណ៍លេចធ្លោ។
ស្ថាបត្យកម្មក្នុងវត្តតែងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។
ព្រះវិហារដ៏ស្រស់ស្អាតនិងដិតដាមដោយស្ថាបត្យកម្មវប្បធម៌ខ្មែរ។
សម្ព័ន្ធសមាគមទេសចរណ៍វាលរាបទន្លេគឺវឡុង ផ្ដល់ជូនវិញ្ញាបនបត្រជារមណីយដ្ឋានទេសចរណ៍លេចធ្លោរបស់តំបន់ដល់វត្តគម្ភីរសាគរព្រែកជ្រៅ។
ក្រុមសិល្បៈវត្តព្រែកជ្រៅ សម្ដែងបម្រើសិក្ខាសាលាក្នុងវត្ត។
វត្តព្រែកជ្រៅ មានអាយុកាលជាង ១៣០ ឆ្នាំ ឆ្លងកាត់ដំណាក់កាលព្រះចៅអធិការវត្តជាច្រើនជំនាន់ និងធ្វើការកសាងជួសជុល កែលម្អអស់ជាច្រើនលើក។ ព្រះចៅអធិការមួយជំនាន់ៗ បានបញ្ចេញកម្លាំងកសាង ថែទាំ និងអភិរក្ស ដើម្បីវត្តមានសោភណភាពស្រស់ស្អាត និងសមរម្យដូចសព្វថ្ងៃនេះ។ ព្រះតេជព្រះគុណ យឿងហ្វឹង ព្រចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ មានថេរដីកា៖ “វត្តបានទទួលស្គាល់ជារមណីយដ្ឋានទេសចរណ៍លេចធ្លោ នេះគឺជាក្តីមោទនៈរបស់ព្រះសង្ឃ គណៈកម្មការនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត។ វត្តមានសោភណភាពស្រស់ស្អាតនិងសមរម្យ ដូចសព្វថ្ងៃនេះ គឺដោយសារការសាមគ្គីព្រួតដៃរបស់មាមីងពុទ្ធបរិស័ទទាំងខ្មែរ-កិញ-ចិន”។ តាមថេរដីកាព្រះតេជព្រះគុណ យឿងហ្វឹង ក្រៅពីសំណង់ស្ថាបត្យកម្ម ទេសភាពដ៏ស្រស់ស្អាត វត្តនៅទាំងបង្កើតក្រុមសិល្បៈបម្រើភ្ញៀវទេសចរទៀតផង។ ក្នុងនោះ មានក្រុមភ្លេងពិណពាទ្យ ក្រុមចម្រៀង និងរបាំប្រពៃណី ដូច៖ របាំជូនពរ អប្សរា និងរបាំទូលក្អម៘ នេះគឺជាបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរដែលវត្តបានអភិរក្សមកទល់សព្វថ្ងៃ”។
អ្នកទេសចរង្វៀងគីមហ្វា មកពីហាណូយ ឱ្យដឹង៖ “ជាលើកដំបូងខ្ញុំធ្វើដំណើរទេសចរណ៍មកតំបន់វាលរាបទន្លេគឺវឡុង ហើយបានទៅវត្តជាច្រើនដែលមានស្ថាបត្យកម្មដ៏អស្ចារ្យប្លែកពីគេ។ ប៉ុន្តែវត្តព្រែកជ្រៅមានស្ថាបត្យកម្មដ៏ប្រណីតនិងទេសភាពបៃតងស្រស់ស្អាត ដូច្នេះ ខ្ញុំពេញចិត្តណាស់។ នេះពិតជាវត្តខ្មែរដ៏ស្អាត លេចធ្លោនិងមានហេដ្ឋារចនាសម្ព័ន្ធល្អសម្រាប់បម្រើតម្រូវការភ្ញៀវទេសចរ”។
ព្រះតេជព្រះគុណ យឿងហ្វឹង មានថេរដីកាបន្ថែម៖ “នៅពេលខាងមុខ វត្តនឹងផ្តោតការយកចិត្តកសាងសំណង់ស្ថាបត្យកម្មផ្សេងៗទៀតដែលដិតដាមដោយវប្បធម៌ខ្មែរ និងដាំដើមឈើលម្អដើម្បីបង្កើតទេសភាពបៃតង ស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រមជាមួយនោះ ស្ដារឡើងវិញនូវរបាំបុរាណនិងនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ដើម្បីបម្រើភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសពេលមកទស្សនាកម្សាន្តនិងសិក្សាស្រាវជ្រាវ”៕
យ្វីអាញ-លេងមី