ភ្នំតាប៉ានៅទីប្រជុំជនទ្រីតូង ស្រុកទ្រីតូង ខេត្តអាងយ៉ាង ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ ដោយមានសម្រស់ធម្មជាតិព្រៃភ្នំ មួយអន្លើដោយលក្ខណៈពិសេសនៃស្ថាបត្យកម្មបុរាណវត្តភ្នំតាប៉ា ស្រះទឹក វាលស្រែខៀវស្រងាត់។
មណ្ឌលពុទ្ធរូបនៅក្បែរព្រះវិហារ។
ភ្នំតាប៉ាកម្ពស់ប្រមាណ ៥០ ម៉ែត្រ នៅក្បែរទីប្រជុំជនទ្រីតូង ងាយស្រួលក្នុងការធ្វើដំណើរ។ បើសិនជាភ្ញៀវទេសចរជ្រើសសម្រាករាត្រីនៅទីប្រជុំជនទ្រីតូង ព្រលឹមឡើងអាចធ្វើដំណើរដោយថ្មើរជើងឡើងភ្នំ។ ក្រៅពីផ្លូវធំ នៅមានផ្លូវតូចៗទើបបង្កើនកម្រិត យានយន្តអាចបើកបរឡើងទៅកាន់ភ្នំបាន។ ចំពោះភ្ញៀវចូលចិត្តស្វែងយល់ គប្បីឡើងតាមកាំជណ្ដើរវត្តភ្នំតាប៉ា។ តាមដងផ្លូវនេះ មានសាលាសំណាក់ជាច្រើនត្រូវបានកសាងតាមរចនាបថខ្មែរ និងមានដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ។ល។
សម្រស់ស្រះទឹកនៅតាប៉ា។
វាលស្រែតាប៉ាដ៏ធំល្វឹងល្វើយពណ៌ខៀវស្រងាត់។
ឡើងដល់វត្តភ្នំតាប៉ាពេលព្រឹក ភ្ញៀវទេសចរនឹងបានគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល នាពេលអរុណោទ័យ។ វត្តភ្នំតាប៉ាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ដោយស្ថាបត្យកម្មខ្មែរប៉ុណ្ណោះទេ នៅទាំងមានសំណង់ពិសេសៗមួយចំនួនក្នុងនោះមានព្រះវិហារត្រូវបានកសាងលើកំពូលភ្នំខ្ពស់ត្រដែត។ សម្លឹងពីក្រោម ភ្ញៀវទេសចរសង្កេតឃើញវត្តហាក់ដូចជានៅលើចុងឈើ គួរជាទីចំណាប់អារម្មណ៍។ សម្លឹងពីរបៀងព្រះវិហារ ភ្ញៀវទេសចរអាចនឹងឃើញនូវភាពអ៊ូអរទីប្រជុំជនទ្រីតូងនាពេលព្រឹក ខណៈពេលដែលយើងកំពុងឋិតក្នុងបរិយាកាសស្ងប់ស្ងាត់ជាទីមនោរម្យ។ នៅមិនឆ្ងាយពីវត្តភ្នំតាប៉ា មានស្រះទឹកមួយដោយមានទឹកថ្លាឈ្វេង ភាពអស្ចារ្យបំផុត គឺថ្ងៃកាន់តែក្តៅទឹកស្រះកាន់តែថ្លា ផ្ដិតយករូបភាពស្អាតណាស់។
ឈរលើភ្នំតាប៉ា ភ្ញៀវទេសចរនឹងបានគយគន់ទិដ្ឋភាពព្រះអាទិត្យរះនិងអស្ដង្គតលើវាលស្រែតាប៉ាដ៏ធំល្វឹងល្វើយ។ ទាក់ទាញបំផុតនៅពេលព្រះអាទិត្យហៀបអស្ដង្គត សម្រស់ទិដ្ឋភាពជួរដើមត្នោតនិងវាលស្រែពណ៌លឿងឋិតក្នុងរដូវកាលប្រមូលផល។ វាលស្រែតាប៉ាជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ។ រដូវខ្លះពណ៌បៃតង” ស្រូវដង្ហើម” រដូវខ្លះពណ៌លឿងរងចាំប្រមូលផល។ ទោះបីសម្លឹងឃើញតែគុម្ពោតបបុសក្នុងរដូវទឹកជំនន់ក៏ដោយ ប៉ុន្តែវាលស្រែតាប៉ានៅតែមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល៕
ហាថាញ់-មុនី