ក្រុមកីឡាករជម្រើសជាតិវាយសីឥណ្ដូនេស៊ី បានបង្ហាញសមត្ថភាពក្នុងការប្រកួតដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ី២០២០ ចំណែកក្រុមកីឡាការិនីជម្រើសជាតិកូរ៉េខាងត្បូងវិញ បែរជាមិនអាចរំលំក្រុមកីឡាការិនីជប៉ុន សមដូចបំណងរបស់អ្នកគាំទ្រនោះឡើយ។
ក្រុមកីឡាការិនីប្រទេសជប៉ុន ការពារជោគជ័យតំណែងជើងឯកវាយសីទ្វីបអាស៊ី។
"ផ្កាយព្រឹក" កូរ៉េខាងត្បូង An Se Young ប្រកួតទោលលើកដំបូងប៉ះជាមួយនឹង"ឆ្មាយន្ដ"ជប៉ុន Yamaguchi ក្នុងវគ្គប្រកួតកាលពីផ្ដាច់ព្រ័ត្រ ។ ឆ្នាំ២០១៩ កីឡាការិនីកូរ៉េខាងត្បូង ធ្លាប់បង្កើតភាពល្បីល្បាញ ដោយប្រកួតឈ្នះអតីតកីឡាការិនីចំណាត់ថ្នាក់លេខ១ពិភពលោកYamaguchi ចំនួន២លើក ប៉ុន្តែក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Thailand Masters ដើមឆ្នាំ២០២០ កីឡាការិនី Yamaguchi មានឈុតប្រកួតសងសឹកយ៉ាងស្អាតដើម្បីគ្រងតំណែងជើងឯក។ ការប្រកួតជួបគ្នាលើកទី៤ កីឡាការិនីទាំងពីរប្រឹងបញ្ចេញសមត្ថភាពរៀងៗខ្លួនរហូតដល់អូសគ្នាឈានចូលការប្រកួតសិតទី៣យកឈ្នះចាញ់ "ផ្កាយព្រឹក"កូរ៉េខាងត្បូងនាំមុខដោយពិន្ទុ២០-១៧ ប៉ុន្តែបែរជាបណ្តោយឱ្យ"ឆ្មាយន្ដ"វាយបកយកឈ្នះដោយពិន្ទុ២៣-២១។ ការប្រកួតឈ្នះលើកនេះ ជាឈ្នាន់សម្រាប់កីឡាការិនី Yuki Fukushima- Sayaka Hirota ឈ្នះលើកីឡាការិនី Lee So Hee-Shin Seung Chan និង Sayaka Takahashi រួចប្រកួតឈ្នះកីឡាការិនីវាយសីជើងចាស់កូរ៉េខាងត្បូង Sung Ji Hyun ដើម្បីក្រុមកីឡាការិនីជប៉ុនយកជ័យជម្នះទាំងស្រុងទៅលើក្រុមកីឡាការិនីកូរ៉េខាងត្បូង ដោយលទ្ធផល៣-០ ការពារជោគជ័យនូវខ្លឹមសារប្រកួតក្រុមពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២០។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រខ្លឹមសារបុរស បានបង្ហាញឱ្យឃើញសមត្ថភាពពិតរវាងក្រុមកីឡាករជម្រើសជាតិទាំងពីរគឺឥណ្ដូនេស៊ីនិងម៉ាឡេស៊ី។ កីឡាករ Anthony Sinisuka Ginting (ចំណាត់ថ្នាក់លេខ៥ ពិភពលោក) របស់ឥណ្ដូនេស៊ី បានយកឈ្នះដោយងាយទៅលើកីឡាករ Lee Zii Jia (ចំណាត់ថ្នាក់លេខ១៤ ពិភពលោក) របស់ម៉ាឡេស៊ីនៅវគ្គដំបូង។ វគ្គប្រកួតបន្ទាប់ គូកីឡាករចំណាក់ថ្នាក់លេខ១ពិភពលោក Marcus Fernaldi Gideon – Kevin Sanjaya Sukamuljo ក៏ប្រកួតឈ្នះដោយងាយៗចំពោះគូកីឡាករ Aaron Chia - Soh Wool Yik។ ក្រុមកីឡាករម៉ាឡេស៊ី បន្តក្ដីសង្ឃឹម ខណៈពេលកីឡាករCheam June Wei (ចំណាត់ថ្នាក់លេខ៧២ពិភពលោក) ចៃដន្យប្រកួតឈ្នះលើកីឡាករចំណាត់ថ្នាក់លេខ៧ពិភពលោក Jonatan Christie របស់ឥណ្ដូនេស៊ី។ ថ្វីបើកីឡាករHendra Setiawan មិនអាចរួមប្រកួតជាមួយកីឡាករMohammad Ashan (ចំណាត់ថ្នាក់លេខ២ពិភពលោក) ប៉ុន្តែកីឡាករ Fajar Alfian បានបង្ហាញវត្តមានរបស់ខ្លួនរួមជាមួយកីឡាករ Mohammad Ashan ដណ្ដើមយកជ័យជម្នះជូនក្រុមកីឡាករឥណ្ដូនេស៊ី។ ការឈ្នះម៉ាឡេស៊ីដោយលទ្ធផល៣-១ ក្រុមកីឡាករឥណ្ដូនេស៊ីឡើងគ្រងតំណែងជើងឯកកីឡាវាយសីទ្វីបអាស៊ីឆ្នាំ២០២០។
ពានរង្វាន់អាស៊ីឆ្នាំ២០២០ខ្វះភាពស្វាហាប់បន្តិច ព្រោះហេតុតែក្រុមកីឡាការិនីប្រទេសចិនមិនបានចូលរួម ប៉ុន្តែក៏មានវគ្គប្រកួតល្អៗជាច្រើនផងដែរ ដោយសារក្រុមជម្រើសជាតិនីមួយៗបានជ្រើសយកតែកីឡាករពូកែៗ ហើយនេះក៏ជារយៈពេលរត់ប្រណាំងសម្រាប់ការចូលរួមប្រកួតនៅអូឡាំពិក២០២០ នៅពេលខាងមុខ៕
ហាថាញ - ថាច់ធី