ចំពោះធីទូង្វៀន បានកោះហៅចូលក្រុមជម្រើសជាតិបាល់ទះនារីឆ្នេរសមុទ្រ គឺជាឱកាសសម្រាប់នាងប្តូរវាសនាដោយសមត្ថភាពរបស់ខ្លួននិងការគាំទ្រពីក្រុមគ្រួសារនាពេលកន្លង។
ធីទូង្វៀន (ពាក់មួក) ជាមួយមិត្តរួមក្រុមដែលទទួលបានពានរង្វាន់លេខ១។
ក្នុងឆ្នាំ២០១៩ វគ្គប្រកួតផ្តាច់ព្រ័តបាល់ទះឆ្នេរសមុទ្រក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌ និងកីឡាខេត្តគៀងយ៉ាង រវាងគៀងយ៉ាង និងខាញ់ហ្វា បានប្រព្រឹត្តឡើងយ៉ាងពុះពោរ។ សិតទី១ ក្រុមម្ចាស់ផ្ទះគៀងយ៉ាង ដោយសារសម្ពាធព្រលានផ្ទះ ដូច្នេះប្រកួតនិងសហការគ្នាមិនបានល្អ ទុកឱ្យ“ល្ហចុងព្រលាន”ច្រើន ម្ល៉ោះហើយត្រូវចាញ់។ ឈានចូលសិតទី២ ដោយមានការប្រុងប្រយ័ត្ន “ និងគ្មានអ្វីដែលគួរបាត់ទៀតនោះ” កីឡាការិនីទាំងពីរនាក់របស់គៀងយ៉ាង ប្រកួតយ៉ាងប្តូរផ្តាច់ រួចឈ្នះដោយពិន្ទុប្រកៀកប្រកិត លទ្ធផលស្មើគ្នា១-១ ។ ក្នុងសិតផ្តាច់ព្រ័ត នៅពេលពិន្ទុជិតឈានដល់ការបរាជ័យ គៀងយ៉ាងបានប្រកួតយ៉ាងស្វិតស្វាញនិងក្រឡាស់ស្ថានភាពបានជោគជ័យដើម្បីដណ្តើមពានរង្វាន់លេខ១។
កីឡាការិនីពីរនាក់នៃក្រុមគៀងយ៉ាង ម្នាក់ឈ្មោះធីទូង្វៀន អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិរ៉ាច់ទៀ ឃុំឌិញអាន ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ង្វៀនរៀបរាប់៖ "ឋិតក្នុងពិន្ទុឈ្នះចាញ់ ខ្ញុំឮខាងក្រៅស្រែកហ៊ោ "គៀងយ៉ាងប្រឹងឡើង! ង្វៀនប្រឹងឡើង! កូនស្រីប្រឹងឡើង" គឺខ្ញុំត្រូវប្រឹងជាងទៀត ត្រូវតែប្តូរខ្លួនដើម្បីរងបាល់មួយលើកៗ។ ព្រោះអីប្រកួតនៅស្រុកកំណើត ខ្ញុំមិនឱ្យពុកម៉ែ ញាតិមិត្តធ្លាក់ទឹកចិត្ត ព្រោះតែការប្រកួតចាញ់របស់ខ្ញុំ"។ សំណេះសំណាលជាមួយយើងខ្ញុំ ង្វៀនអំនួត៖ " ខ្ញុំទើបតែបានហៅចូលក្រុមជម្រើសជាតិ។ បើខ្ញុំហ្វឹកហាត់បានល្អ ឱកាសចូលរួមប្រកួតស៊ីហ្គាមរបស់ខ្ញុំច្រើនណាស់ ព្រោះខ្ញុំក្មេងជាងគេក្នុងក្រុម" ។
កាលពី៧ឆ្នាំមុន នៅពេលដែលកំពុងសិក្សានៅសាលាអនុវិទ្យាល័យឌិញអាន ទូង្វៀន បានក្រុមអ្នកជ្រើសរើសកីឡាករនៃមជ្ឈមណ្ឌលហ្វឹកហាត់អប់រំកាយនិងកីឡាតំបន់៤ ជ្រើសឱ្យចូលក្រុមបាល់ទះឆ្នេរសមុទ្រ។ កាលនោះអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ដូច្នេះង្វៀនមកផ្ទះសួរយោបល់ឪពុកម្តាយ ប៉ុន្តែមិនទាន់ច្បាស់បាល់ទះឆ្នេរសមុទ្រ គឺជាកីឡាយ៉ាងម៉េចនៅឡើយ។ អ្នកមីងត្រឹងធីលឿង ម្តាយរបស់ង្វៀន រ៉ាយរ៉ាប់៖ "យើងនៅតំបន់ជ្រៅ កូនស្រីនៅតូចទៀត ប្តីប្រពន្ធខ្ញុំពិចារណាខ្លាំងណាស់ ប៉ុន្តែពូៗខាងក្រុមជ្រើសរើសប្រាប់ថា "ង្វៀនមានបុគ្គលិកលក្ខណៈនិស្ស័យខាងកីឡា នេះជាឱកាសផ្លាស់ប្តូរវាសនា" ទើបពួកខ្ញុំសម្រេចចិត្តឱ្យកូនចូលរួមហ្វឹកហាត់។ រយៈពេលដំបូង ង្វៀននឹកផ្ទះ ទទូចត្រឡប់មកផ្ទះវិញ ប៉ុន្តែក្រោយមកក៏ស៊ាំ ហើយលែងនឹកផ្ទះ។ ឃើញកូនប្រកួត ប្តីប្រពន្ធខ្ញុំត្រេកអរនិងមោទនៈណាស់ ស្រែកហ៊ោលើកទឹកចិត្តឱ្យកូនអស់ប៉ុន្មានថ្ងៃនេះ ឈឺអស់បំពង់ក" ។
ផ្ទះនៅឆ្ងាយពីទីប្រជុំជនហ្គក្វាវ ឆ្ងាយពីកន្លែងប្រកួតជាង១០គីឡូម៉ែត្រ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួត ង្វៀនត្រូវជិះរថយន្តជាមួយមិត្តរួមក្រុម ត្រឡប់មកមជ្ឈមណ្ឌលវិញដើម្បីហ្វឹកហាត់។ ឃើញក្រុមគ្រួសារអំនួតនឹងអ្នករាល់គ្នាថា "នាងនោះជាកូនខ្ញុំ ជាប្អូនខ្ញុំ នាងនៅរ៉ាច់ទៀ... ៘ " ឃើញថាពួកគាត់មានមោទនភាពចំពោះង្វៀនណាស់។ នេះជាកម្លាំងចលករជួយឱ្យធីទូង្វៀន ប្រកួតជោគជ័យក្នុងសម្លៀកបំពាក់ក្រុមជម្រើសជាតិនាពេលអនាគត៕
ហាថាញ់ - លេងមី