សេវាកម្មទេសចរណ៍ SuonSia Homestay នៅភូមិសំណឹង ឃុំហ្វាអឹង ស្រុកកូវកែ ខេត្តត្រាវិញ របស់គ្រួសារបងស្រីថាច់ធីវីរ៉ា បានទាក់ទាញភ្ញៀវទេសចរមកកំសាន្តយ៉ាងច្រើនកុះករ។
ភ្ញៀវទេសចរបរទេស មកសាកល្បងបទពិសោធន៍នៅកន្លែងទេសចរណ៍
Homestay របស់គ្រួសារបងស្រីថាច់ធីវីរ៉ា។
គោលដៅទេសចរណ៍ SuonSia Homestay នៅភូមិសំណឹងទាក់ទាញភ្ញៀវក្នុងប្រទេសនិងភ្ញៀវបរទេសមកកម្សាន្តយ៉ាងច្រើនកុះករ។ Suonsia Homestay ត្រូវបានស្ថាបនាតាមបែបបុរាណ បង្កបានភាពទាក់ទាញ ស្និទ្ធស្នាលដោយមានចម្ការដូង១,៥ហិកតាព័ទ្ធជុំវិញ។ នៅទីនេះ គ្រួសារបងស្រីវិនិយោគទុនកសាង៦បន្ទប់ដោយបំពាក់មធ្យោបាយប្រើប្រាស់សាមញ្ញៗ។ អគារស្នាក់នៅ (homestay) អាចបម្រើភ្ញៀវពី៤០-៥០នាក់។ លក្ខណៈពិសេសនៃគោលដៅទេសចរណ៍ SuonSia Homestay ជួយឲ្យភ្ញៀវទេសចរបានសាកល្បងនឹងបទពិសោធន៍ ស្វែងយល់ពីវប្បធម៌លាយបញ្ចូលគ្នារវាងជនជាតិទាំង៣គឺកិញ ខ្មែរ ចិន។ នៅទីនេះ ភ្ញៀវទេសចរអាចនឹងចូលរួមសកម្មភាពលេងកម្សាន្តទំនាក់ទំនងភាសានិងរាំរបាំប្រជាប្រិយខ្មែរ ព្រមទាំងទស្សនាវត្តខ្មែរនិងវត្តចិន ផ្ទះបុរាណហ្វិញកី រួមជាមួយប្រជាជនច្រូតស្រូវ ប្រមូលផលកសិផល ចាប់ត្រី ចាប់កណ្តុរ។ល។
បងស្រីថាច់ធីវីរ៉ា រៀបរាប់៖ “បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រអនុមហាវិទ្យាល័យទេសចរណ៍ (ក្រុងហូជីមិញ) ខ្ញុំធ្វើមគ្គុទេសក៍ទេសចរណ៍ឲ្យក្រុមហ៊ុនទេសចរណ៍ នាំភ្ញៀវពីក្រុងហូជីមិញទៅកម្ពុជា ពីកម្ពុជាមកក្រុងហូជីមិញ។ ចាប់ពីឆ្នាំ២០០៧ដល់២០១៤ ខ្ញុំប្តូរមកធ្វើការងារគ្រប់គ្រងឲ្យអាជីវកម្មមួយ សកម្មភាពខាងភោជនីយដ្ឋាន-សណ្ឋាគារនៅក្រុងហូជីមិញ។ ផ្តើមពីចំណេះដឹងនិងបទពិសោធន៍ដែលខ្លួនមាន ខ្ញុំវិលមកស្រុកកំណើត បង្កើតកន្លែងទេសចរណ៍ SuonSia Homestay នេះ”។ បងប្រុសទី២ របស់បងស្រីវីរ៉ា ក៏មានក្រុមហ៊ុននាំភ្ញៀវទេសចរណ៍ដោយឡែកនៅក្រុងហូជីមិញ ម្ល៉ោះហើយមានការចងសម្ព័ន្ធនឹង Suonsia Homestay ក្នុងការនាំភ្ញៀវទេសចរបរទេសមកស្នាក់នៅ។ ក្រោយពីរយៈកាលជិត៤ឆ្នាំដំណើរការ Suonsia Homestay ទទួលភ្ញៀវទេសចរបានជាង៤០ប្រទេស ដូចនៅអឺរ៉ុប អាមេរិកខាងត្បូងនិងអាស៊ី។ បច្ចុប្បន្ន ជារៀងរាល់ខែ Suonsia Homestay ទទួលភ្ញៀវទេសចរពី២-៣ក្រុម (មធ្យមភាគក្នុងមួយក្រុមៗមានភ្ញៀវពី៥ដល់២០នាក់) ក្នុងនោះ មានភ្ញៀវបរទេសជាង៩៥%)។
លោកម៉ាយវ៉ាន់បែ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹង បញ្ជាក់៖ ផ្តើមពីប្រសិទ្ធភាពនៃសេវាកម្មទេសចរ SuonSia Homestay បច្ចុប្បន្នទម្រង់ទេសចររបៀបនេះកំពុងតែបានផ្សព្វផ្សាយពង្រីកនៅភូមិភាគ៕
ស៊ឺនម៉ាល័យ-មុនី